អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាស និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ប្រវែង ១១,៧គីឡូម៉ែត្រ ស្ថិតនៅឃុំបាក់ស្នា ស្រុកបារាយណ៍
03-09-2025 16:11
(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សំណេះសំណាសជាមួយប្រជាពរដ្ឋ និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិប៉ាក់ស្នាក្រោម ទៅកាន់ភូមិកំពង់ក្របី ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។
លោកបានបញ្ចាក់ថា នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំ មានហេដ្ឋារចនាសម្ព័ន្ធ ដែលជាចរន្តសេដ្ឋកិច្ចមួយ ក្នុងសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងកែប្រែជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងថែមទៀត។
លោកបន្តថា ខេត្តកំពង់ធំគឺជាខេត្តដែលបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានយកចិត្តទុកដាក់លើវិស័យកសិកម្មក្នុងខេត្តកំពង់ធំ នឹងប្រែក្លាយកសិកម្មជាលក្ខណៈគ្រួសារ ឱ្យទៅជាសហគមន៍ កសិកម្មទំនើប ក្នុងនោះដំណាំស្វាយចន្ទី ជាវិស័យអទិភាពមួយក្នុងចំណោមសម្រាប់ខេត្តកំពង់ធំ។ ខណៈដែលខេត្តកំពង់ធំ គឺជាស្នូលនៃគោលនយោបាយ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយកម្ពុជាទៅជា អធិរាជស្វាយចន្ទី។
ក្នុងអាណត្តិទី៧ បានអនុគ្រោះពន្ធបន្ថែមលើវិស័យកសិកម្ម បន្តមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ ការនាំចូលសម្ភារកសិកម្ម កសិផលកសិកម្ម និងការលើកលែងអាករតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោក នួន ផារ័ត្ន អភិបាលខេត្ត បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាផ្លូវនេះ ប្រកដោយការទទួលខុសត្រូវ ដើម្បីឲ្យផ្លូវនេះកាន់តែរឹងមាំ ជាប់យូរអង្វែង ជាពិសេស សោភ័ណភាពសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវក្នុងមូលដ្ឋានមើលទៅកាន់តែស្រស់ស្អាត ដោយចូលរួមថែទាំទាំងអស់គ្នា៕






















