ថ្នាក់ដឹកនាំខេត្តសៀមរាប ណែនាំមន្ត្រីជំនាញ ត្រូវបង្កើនការគ្រប់គ្រងរោងសិប្បកម្ម និងឡដុតធ្យូងទូទាំងខេត្តត្រូវមានច្បាប់អនុញ្ញាត និងប្រភពច្បាស់លាស់
03-09-2025 16:35
(សៀមរាប)៖ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីជំនាញ ត្រូវបង្កើនការគ្រប់គ្រងរោងសិប្បកម្ម និងឡដុតធ្យូងទូទាំងខេត្ត ត្រូវបង្កើនការគ្រប់គ្រងរោងសិប្បកម្ម, រោងស្តុក និងឡដុតធ្យូង ដែលមានច្បាប់អនុញ្ញាតប្រើប្រាស់ផលអនុផលព្រៃឈើ ដោយត្រូវមានប្រភពច្បាស់លាស់ និងមានច្បាប់អនុញ្ញាត។
ការណែនាំយ៉ាងដូច្នេះរបស់លោក អ៉ឹង គឹមលាង នៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត និងអាជ្ញាធរក្រុង ស្រុក ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនចូលរួមោងដែរ។
លោកបានបន្តថា មន្ត្រីជំនាញត្រូវបន្តកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពក្រុង ស្រុក និងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីទប់ស្កាត់, តាមដាន, ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ, សត្វព្រៃ និងដីព្រៃឈើឱ្យបានទាន់ពេលវេលា។ លោកថា ត្រូវបង្កើនការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធពីផលប៉ះពាល់នៃការបង្កើតឡធ្យូង និងការកាប់បំផ្លាញព្រៃឈើ។
លោកអភិបាលរងខេត្តបានបន្ថែមថា ត្រូវមានវិធានការចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុង និងក្រៅតំបន់ ដែលបន្តចូលអាស្រ័យផលក្នុងតំបន់ការពារធម្មជាតិ និងត្រូវចូលរួមសហការទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិ។
លោកបានបញ្ជាក់ថា ការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅតែកើតមានជាពិសេសការទន្ទ្រានដីក្នុងតំបន់ការពារ, តំបន់ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ។ ក្នុងបរិបទនេះ យើងត្រូវរួមគ្នាស្វែងរកមធ្យោបាយ ដើម្បីបញ្ចប់ការទន្ទ្រានព្រៃយកដី។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវសហការគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានការដឹកជញ្ជូនឈើខុសច្បាប់ ទោះបីក្នុងរូបភាពណាក៏ដោយ។ ម្យ៉ាងទៀត ការដឹកជញ្ជូនឈើពីខេត្តផ្សេងឆ្លងកាត់ខេត្តសៀមរាប ក៏ជាបញ្ហាដែលកើតមានឡើងផងដែរ ដូច្នេះ សូមសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបឱ្យបាន។
យោងតាមលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបង្ហាញថា ក្នុងឆ្នាំ២០២៥នេះ សហគមន៍ព្រៃឈើមានចំនួន ៥៩កន្លែង លើផ្ទៃដី ១៨,៧៤៣ហិកតា, រោងសិប្បកម្មមាន ១៤កន្លែង, រោងស្តុកមាន ១៤កន្លែង និងទីតាំងលក់គ្រឿងសង្ហារឹមមាន ៣១កន្លែង។ រោងសិប្បកម្មខ្លះបានប្រើប្រាស់ឈើដែលបានទិញពីរាជធានីភ្នំពេញ និងទីតាំងលក់គ្រឿងសង្ហារឹមខ្លះបានទិញពីខេត្តផ្សេងៗយកមកដុសខាត់ លាប និងលក់បន្តឱ្យអ្នកប្រើប្រាស់។
ចំពោះឡធ្យូងប្រើប្រាស់ផលអនុផលព្រៃឈើដែលគ្មានច្បាប់អនុញ្ញាតមាន ១,០១០ឡធ្យូង ដែលប្រើប្រាស់ប្រភពថាមពលពីដើមស្វាយចន្ទី ដើមស្វាយដើមអាកាស្យាជាដើម។ ដោយឡែកការងារបង្ក្រាបបទល្មើសព្រៃឈើ ក្នុងឆ្នាំ២០២៥នេះ កម្លាំងជំនាញបង្ក្រាបបាន ២៤ករណី ដោយបានបញ្ជូនទៅរដ្ឋបាលព្រៃឈើ ៧ករណី, បញ្ជូនទៅតុលាការ ៧ករណី និងកំពុងចាត់ចែង ១០ករណី៕















