ជនភៀសសឹកដោយសារជម្លោះព្រំដែនថៃ-កម្ពុជា ទទួលបានជំនួយបឋមពីក្រុមហ៊ុន JTI កម្ពុជា
03-09-2025 16:42
(ភ្នំពេញ)៖ ក្រុមហ៊ុន ជេធី អ៉ិនធើណេសិនណល (ខេមបូឌា) ឯ.ក ដែលហៅកាត់ថាក្រុមហ៊ុន “JTI” កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានបង្កើតកម្មវិធីជំនួយជាស្បៀង និងសម្ភារប្រើប្រាស់ដល់គ្រួសារដែលត្រូវបានជម្លៀសចេញពីផ្ទះសំបែងបន្ទាប់ពីមានការប៉ះទង្គិចដោយប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងនាមជា ដៃគូសម្រាប់ការរីកចម្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន JTI មានការព្រួយបារម្ភចំពោះស្ថានការណ៍នេះ ហើយកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំដើម្បីផ្តល់ជំនួយដល់ជនភៀសសឹកដែលរងផលប៉ះពាល់ និងកំពុងជួបការលំបាកនៅតាមបណ្តោយព្រំដែន។
ជនភៀសសឹកច្រើនជាង ៥០០គ្រួសារ នៅក្នុងខេត្តឧត្តរមានជ័យបានទទួលកញ្ចប់ជំនួយស្បៀងដែលមានដូចជា៖ អង្ករ មី ត្រីងៀត ត្រីខកំប៉ុង ទឹកដោះគោខាប់ និងសាប៊ូ។ លើសពីនេះទៅទៀត JTI ក៏បានប្រគល់ជូនស្បៀងបម្រុងបន្ថែមទៀត ដែលមានអង្ករ ១០តោន និងមី ១០០កេស សជូនទៅដល់ជនភៀសសឹកដែលកំពុងរងគ្រោះនៅខេត្តព្រះវិហារ តាមរយៈសាលាខេត្តព្រះវិហារផងដែរ ក្រោមអធិបតីភាពឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តដោយផ្ទាល់។
លោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI កម្ពុជា បាននិយាយថា៖ «យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រួសារទាំងអស់ដែលត្រូវជម្លៀសចេញពីផ្ទះដោយសារជម្លោះនេះ»។ នៅ JTI យើងយល់ថា នេះជាកាតព្វកិច្ចរបស់យើងក្នុងការជួយប្រជាជនដែលពួកគេកំពុងជួបការលំបាក និងត្រូវការជំនួយ។ ជំនួយសប្បុរសធម៌នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្ដល់ជំនួយភ្លាមៗដើម្បីផ្តល់នូវកម្លាំងចិត្ត និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាជនដែលកំពុងរងគ្រោះ។ ក្រៅពីជំនួយជាស្បៀង JTI ក៏កំពុងសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ក្នុងការរៀបចំផែនការជំនួយដល់គ្រួសាររងគ្រោះ ដែលមាននិរន្តរ៍ភាព សម្រាប់រយៈយូរអង្វែង។
ចាប់តាំងពីឆ្នាំប្រតិបត្តិការដំបូងនៅឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន JTI បានចូលរួមជួយសហគមន៍ដែលគិតជាទឹកប្រាក់ប្រហែលជា ១លានដុល្លារសហរដ្ឋអាមេរិក។ ការប្តេជ្ញារួមចំណែករបស់យើងក្នុងការជួយសហគមន៍ឱ្យរីកចម្រើនមានដូចជា ដាំព្រៃឈើឡើងវិញ ដាក់បង្គោលភ្លើងសូឡាដើរដោយព្រះអាទិត្យនៅតាមជនបទ ផ្តល់ប៉មចម្រោះទឹកស្អាតដល់សហគមន៍ សាងសង់ផ្ទះសម្រាប់ប្រជាជនក្រីក្រ និងងាយរងគ្រោះ និងកម្មវិធីផ្សេងៗទៀតដែលផ្តោតទៅលើការជួយមនុស្សចាស់ និងពិការជនជាដើម។
គួបញ្ជាក់ផងដែរថា JTI ក៏បានធ្វើកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្មកាលពីដើមឆ្នាំនេះដើម្បីលើកកម្ពស់សហគមន៍កសិករថ្នាំជក់ ដោយផ្តល់ជំនាញបច្ចេកទេស ចែករំលែកបទពិសោធន៍ និងគាំទ្រហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ ដើម្បីអភិវឌ្ឍគាំទ្រគម្រោង «ម៉ាកសមូហភាពថ្នាំជក់»។ ជាងនេះទៅទៀត ក្រុមហ៊ុន JTI ក៏បានចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រសួងបរិស្ថាន ក្នុងការចូលរួមចំណែកកិច្ចការពារ និងអភិរក្សបរិស្ថាននៅកម្ពុជា ផងដែរ។
អំពី JTI គឺជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិឈានមុខគេដែលលក់ផលិតផលរបស់ខ្លួននៅក្នុងជាង ១៣០ប្រទេស និងមានបុគ្គលិកជាង ៤៦,០០០នាក់ នៅប្រហែល ៧០ប្រទេស។ JTI គឺជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន JT Group of Companies ។
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន JTI ចែកចាយម៉ាកបារីល្បីៗ លំដាប់ពិភពលោក ដូចជា Mevius និង Winston ហើយមានបុគ្គលិកប្រហែល ៤៦០នាក់។ ក្រុមហ៊ុន JTI នៅកម្ពុជា ត្រូវបានទទួលស្គាល់ក្នុងចំណោមសហគ្រាសផ្ទៃក្នុងដែលបានបង់ពន្ធច្រើនជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុន JTI ក៏បានទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាសពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជាតាំងពីឆ្នាំ២០២២។ ជាពិសេស ក្រុមហ៊ុន JTI ជាសមាជិកក្រុមធុរជនល្អបំផុត ដែលទទួលស្គាល់ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ផងដែរ៕


















