ក្រសួងសេដ្ឋកិច្ច ប្រជុំពិភាក្សាគិតគូរអំពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញ ជូនអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័នចំនួន១៩

03-09-2025 18:14

(ភ្នំពេញ)៖ ប្រតិបត្តិតាមការណែនាំ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងលោក រស់ សីលវ៉ា, រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងលោក ចាន់ សុធី រដ្ឋលេខាធិការ កសហវ, អមដោយលោក អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., តំណាងអគ្គនាយកដ្ឋានថវិកា, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នចំនួន ៩ រួមមាន៖

(១) ក្រសួងមហាផ្ទៃ-សន្តិសុខសាធារណៈ, (២) ក្រសួងមហាផ្ទៃ-ផ្នែករដ្ឋបាលទូទៅ, (៣) ក្រសួងពត៌មាន, (៤) ក្រសួងអធិការកិច្ច, (៥) រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, (៦) ក្រសួងកិច្ចការនារី, (៧) ក្រសួងអភិវឌ្ឍន៍ជនបទ, (៨) រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង (៩) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសិក្សាឈ្វេងយល់បន្ថែមពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់អនុវត្តការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញ ជូនដល់អង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័ននីមួយៗ។

គួរបញ្ជាក់ផងដែរថា ស្របតាមចក្ខុវិស័យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់-កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម», គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវធ្វើការផ្ទេរសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកាក្រោមឱវាទរបស់ខ្លួន យ៉ាងយូរត្រឹមឆ្នាំ២០២៧ ខាងមុខ។ ក្នុងស្មារតីនេះ កិច្ចប្រជុំដើម្បីសិក្សាឈ្វេងយល់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នានេះ ត្រូវបានរៀបចំ ៣ លើក រួចមកហើយក្នុងអំឡុងខែឧសភា និងខែសីហា ឆ្នាំ២០២៥ កន្លងទៅ ជាមួយក្រសួង ស្ថាប័នចំនួន ១៦។

បន្ទាប់ពីអង្គប្រជុំបានកំណត់បាននូវបញ្ហាប្រឈម ព្រមទាំងឈ្វេងយល់បន្ថែមពីសារៈសំខាន់ នៃការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញ ជូនអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័ន ជាពិសេស ដើម្បីធានាឱ្យបាននូវគណនេយ្យភាពសមិទ្ធកម្មពេញលេញ ពីគ្រប់អង្គភាពអនុវត្តថវិកា, លោកបណ្ឌិត យ៉េត វីណែល បានបូកសរុប និងកំណត់ទិសដៅសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌ នៃការរៀបចំបទដ្ឋានគតិយុត្តគាំទ្រ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងការបណ្ដុះបណ្ដាលចាំបាច់ផ្សេងៗ សំដៅគាំទ្រដល់ការអនុវត្តកិច្ចការនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

មុននឹងបញ្ចប់ លោកបណ្ឌិត យ៉េត វីណែល ក៏បានគូសរំលេចផងដែរថា ក្នុងបរិបទ នៃការងារកែទម្រង់ ដើម្បីសម្រេចបាននូវគោលដៅរួម នៃការអភិវឌ្ឍប្រទេសជាតិ គ្រប់អង្គភាព ស្ថាប័នដែលមានការពាក់ព័ន្ធ ចាំបាច់ត្រូវមានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់។ ក្នុងន័យនេះ ការចូលរួម និងការគាំទ្រទៅវិញទៅមក ជាកត្ដាមិនអាចខ្វះបាន សំដៅរួមគ្នាសម្រេចឱ្យបាននូវគោលដៅឆ្នាំ២០២៧ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាចុងបញ្ចប់, លោកបណ្ឌិត បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងស្មារតីភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានស្នើអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ដផ្ដល់ការគាំទ្រដល់គ្រប់ក្រសួង ស្ថាប័ន សំដៅសម្រេចឱ្យបាន នូវគោលដៅដែលបានគ្រោងទុក៕