និយ័តករបរធនបាលកិច្ច និងសភាពាណិជ្ជកម្មម៉ាឡេស៊ី រួមគ្នាលើកកម្ពស់ ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួម ក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា

03-09-2025 18:15

(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ២០២៥នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី «ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួម ក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា»

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងឧកញ៉ា តាន់ ឃីម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា (MBCC) នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ.។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការអនុវត្តដល់សមាជិក-សមាជិការបស់ MBCC ដែលជាស្ថាបនិក សហគ្រិន និងធុរជនមានសក្តានុពល និងកំពុងដើរតួយ៉ាងសំខាន់ ក្នុងសកម្មភាពធុរកិច្ចនៅប្រទេសកម្ពុជា ក៏ដូចជាជំរុញការចូលរួម ក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាផងដែរ។

ពិធីនេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ., ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ., ប្រធាន/នាយកប្រតិបត្តិ ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលសមាជិក-សមាជិការបស់ MBCC, តំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្តល់សេវាសវនកម្ម ក្នុងវិស័យបរធនបាលកិច្ច៕