ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរស្រុកអង្គស្នួល និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែជិតស្និទ្ធ
03-09-2025 18:21
(ភ្នំពេញ)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៅទូទាំងស្រុកអង្គស្នួល និងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល សរុបចំនួន ២៣៦នាក់។
តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាងបានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានប្រកបដោយក្តីនឹករលឹកជាទីបំផុត។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី សួស សារ៉ាម សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៣ បាន ផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ច ប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ទាក់ទងប្រធានបទ «ប្រព័ន្ធគាំពារសង្គម» ដោយបានលើកឡើងថា ប្រព័ន្ធគាំពារសង្គម បានផ្តល់អត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ តាមរយៈកម្មវិធីនានារបស់រាជរដ្ឋាភិបាល។
បន្ទាប់មកលោកស្រី បណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានធ្វើបទអន្ត រាគមន៍ ទាក់ទងនឹងប្រធានបទ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដោយបានលើកឡើងអំពីផលប្រយោជន៍ និងសារសំខាន់នៅពេលដែលប្រតិបត្តិការសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋក្រៅប្រព័ន្ធដំណើរទៅបានល្អប្រសើរ នឹងមានវិនិយោគិនមក វិនិយោគទុននៅប្រទសកម្ពុជាកាន់តែច្រើន ធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ប្រទេសជាតិមានការអភិវឌ្ឍកាន់តែ ឆាប់រហ័ស។
ក្រៅពីនេះ លោកស្រីបណ្ឌិត បានបញ្ជាក់បន្ថែមថា ការងារចុះបញ្ជីអត្រានុកូលដ្ឋាន មានការផ្សារភ្ជាប់ និងទំនាក់ទំនងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាការធ្វើសំបុត្រអាពាហ៍ពិពាហ៍ ការធ្វើអត្តសញ្ញាណប័ណ្ណ ការទទួលបានប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃ និងទទួលបានផលប្រយោជន៍ផ្សេងៗជាច្រើនទៀត។
ឆ្លងតាមការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ដាច់ដោយឡែកពីគ្នារួចមក លោក ម៉ម ប៊ុននាង ប្រធានក្រុម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ លោកប្រធានក្រុម បានលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរទាំងអស់ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង ខិតខំលើកកម្ពស់សមត្ថភាពជាប្រចាំ ដើម្បីប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងគណនេយ្យភាព និងផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងសមធម៌។
ក្រៅពីនេះ លោក ម៉ម ប៊ុននាង បានជម្រាបជូនអំពីសភាពការណ៍ថ្មីៗ ដែលកើតឡើងនៅពេលបច្ចុ ប្បន្ន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសភាពអង់អាចក្លាហានរបស់វីរៈកងទ័ពយើង និងការរួមចំណែកដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិ ពីការឈ្លានពានរបស់កងទ័ពថៃ។
លោក បានបញ្ជាក់ថា ក្នុងស្ថាន ភាព ជម្លោះព្រំដែនកម្ពុជា-ថៃ ភាគីថៃ តែងតែធ្វើសម្ម ភាពបង្កហេតុជាច្រើនដោយបើកចំហ តាមរយៈការដាក់កងឡាន ពង្រាយបន្លាលួសនៅលើទឹកដីកម្ពុជា ដោយបំពានទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន។
លោកប្រធានក្រុម បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅសមរភូមិក្រោយទាំងអស់បន្តរួបរួមសាមគ្គីគ្នា ឯកភាព ជាតិតែមួយ ជម្នះរាល់ឧបសគ្គ ហើយកុំជឿលើព័ត៌មានក្លែងក្លាយ ត្រូវមានជំនឿជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងភាពវៃឆ្លាត ស្វាហាបរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើច្បាប់ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីនិរន្តរភាពសន្តិភាពសម្រាប់ប្រជាជនទាំងពីរកម្ពុជា និងថៃ។
ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិចែករំលែកសង្គ្រោះជីវិតសកលកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណា យ ថវិកាសរុបទាំងអស់ចំនួន ១១,៨៩២,០០០រៀល៕




















