កម្ពុជាអនុម័តគម្រោងវិនិយោគ ៤៩១គម្រោង កើន៧១% ក្នុងទំហំទុនវិនិយោគសរុប៧.២ពាន់លានដុល្លារ នៅរយៈពេល ៨ខែឆ្នាំនេះ
03-09-2025 18:37
(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគ ចំនួន៤៩១គម្រោង កើនឡើងចំនួន៧១% ក្នុងទំហំទុនវិនិយោគសរុប៧.២ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្នុងរយៈពេល៨ខែនៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧.២ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគ មានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគ មានការកើនឡើងប្រមាណ ២.៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤»។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ជាការកត់សម្គាល់ បើប្រៀបធៀបនឹង គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០២៤ ដែលមានត្រឹមតែ ៤១៤គម្រោង ក្នុងរយៈពេល៨ខែនេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ ទៅ ៧៧គម្រោង។
ដោយឡែក ក្នុងខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥១គម្រោង ក្នុងទំហំទុនវិនិយោគ សរុបប្រមាណ៦០៨លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៧ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៦គម្រោង៕








