អនុគណៈកម្មការទី១ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជូនដំណឹងពីការប្រកួតប្រជែងរចនានិមិត្តសញ្ញា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
03-09-2025 19:38
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រកួតប្រជែងរចនានិមិត្តសញ្ញា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា តាងនាមឱ្យគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ អនុគណៈកម្មការទី១៖ ខ្លឹមសារ និងឯកសារ មានកិត្តិយសសូមជម្រាបជូនសាធារណជន អំពីការប្រកួតប្រជែងរចនានិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។
និមិត្តសញ្ញាដែលទទួលបានជ័យលាភី នឹងត្រូវយកទៅប្រើប្រាស់លើរាល់ឯកសារនៃកិច្ចប្រជុំកំពូលផ្លូវការ និងព្រឹត្តិការណ៍អមនានា នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។
ក្នុងន័យនេះ អនុគណៈកម្មការទី១៖ ខ្លឹមសារ និងឯកសារ សូមប្រកាសអញ្ជើញបេក្ខជនជាបុគ្គល ឬក្រុមចូលរួម ការរចនានិមិត្តសញ្ញានេះដោយផ្តោតលើមូលបទ៖ «La Paix, Vecteur pour un Développement durable» និង តាមលក្ខខណ្ឌផ្សេងៗទៀត ដូចមានជូនភ្ជាប់ក្នុងឯកសារទស្សនាទាន។
អនុគណៈកម្មការទី១៖ ខ្លឹមសារ និងឯកសារ សូមជូនភ្ជាប់នូវគំរូនិមិត្តសញ្ញារបស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីពីបណ្តាប្រទេសដទៃទៀតដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះចាប់ពី ឆ្នាំ២០១២-២០២៤ ដូចមានជូនភ្ជាប់ក្នុងឧបសម្ព័ន្ធ សម្រាប់ជូនជាមូលដ្ឋានក្នុងការបំផុសគំនិត និងការពិចារណា ផងដែរ។
បេក្ខជនជ័យលាភី នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៦,០០០,០០០រៀល បេក្ខជនលេខ២ នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ៣,០០០,០០០រៀល ហើយបេក្ខជនលេខ៣ នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ២,០០០,០០០រៀល ក្នុង១រូបឬក្រុម។
អាស្រ័យហេតុនេះ សូមបេក្ខជនដែលមានបំណងចូលរួម មេត្តាធ្វើការផ្ញើនូវស្នាដៃនិមិត្តសញ្ញារបស់ខ្លួនដោយ ភ្ជាប់មកជាមួយសេចក្តីពន្យល់អត្ថន័យនៃនិមិត្តសញ្ញាមកកាន់អ៊ីមែល [email protected] ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីទទួលបានការពិនិត្យ វាយតម្លៃ និងសម្រេចពីគណៈកម្មការ ជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦៕








