រដ្ឋមន្ត្រីសុខាភិបាល លើកទឹកចិត្តឱ្យអន្តរក្រសួង អង្គការដៃគូបន្តរួមគ្នាស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈម ក្នុងការផ្តល់ការថែទាំ ព្យាបាល ស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន

03-09-2025 22:43

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានលើកទឹកចិត្តឱ្យអន្តរក្រសួង អង្គការដៃគូ និងវិស័យឯកជ័យបន្តសហការរួមគ្នាស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ ដើម្បីធ្វើយ៉ាងណាឲ្យការផ្តល់ការថែទាំ ព្យាបាល ស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ឲ្យបានគ្រប់ជ្រុងជ្រោយ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ) នាថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់នូវទស្សនៈទានដល់អង្គប្រជុំដូចជា៖

១៖ ត្រូវពិនិត្យមើលការងារអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ឱ្យបានច្បាស់លាស់ នៅគ្រប់លំដាប់ថ្នាក់

២)៖ រក្សានិរន្តរភាពនៃមធ្យោបាយ នៅតាមក្រសួងស្ថាប័ន បង្កើនការទាក់ទាញ និងកៀគរធនធាន

៣៖ យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស មានជាអាទិ៍ ការបណ្តុះបណ្តាល ការវិភាគអេពីដេមីសាស្រ្ត មន្ទីរពិសោធន៍ ការធ្វើតេស្តរកសារធាតុញៀន

៤៖ ពង្រឹងភាពធន់ និងប្រព័ន្ធនៃការគិតគូរទុកជាមុនចំពោះហានិភ័យដែលកើតមានឡើងជាយថាហេតុ

៥៖ លើកទឹកចិត្តឱ្យមានកិច្ចសហការប្រតិបត្តិការអន្តរក្រសួង ជាមួយដៃគូអភិវឌ្ឍ និងវិស័យឯកជន

៦៖ រកវិធីសាស្រ្តវាស់វែងការងារដោយជំនាញស្ថាប័នរៀងៗខ្លួនជាមួយនឹងពេលវេលាជាក់លាក់។

សូមជម្រាបថាកិច្ចប្រជុំនេះខាងលើ ដើម្បីរាយការណ៍ប្រមូលធាតុចូល ពិភាក្សា នឹងស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ ហើយផ្តោតសំខាន់លើរបៀបវារៈ៖
១៖ រាយការណ៍ពីសមិទ្ធិផល និងផែនការបន្ទាប់របស់គ.ព.ស.គ.ញ
២៖ ពិនិត្យឡើងវិញអំពីដំណើរការនៃគ.ព.ស.គ.ញ
៣៖ ការរៀបចំផែនការនៃការថែទាំ ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ២០២៥-២០២៨
៤៖ ផ្សេងៗ

កិច្ចប្រជុំនេះដែរផងមានការអញ្ជើញចូលរួមពីអនុប្រធាន ជាគ.ព.ស.គ.ញ និងលេខាធិការដ្ឋាននៃគ.ព.ស.គ.ញ ដែលជាតំណាងនៃក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងព័ត៌មាន ក្រសួងធម្មការ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត សរុបចំនួន ១១០រូប៕