លោក ឃួង ស្រេង៖ អាជ្ញាធរមូលដ្ឋានរួមគ្នាឱ្យបានល្អ ធ្វើយ៉ាងណាមូលដ្ឋាន ទាំងមូលស្អាត គ្មានសំរាម និងបរិស្ថានល្អ
03-09-2025 23:14
(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា ប្រជាពលរដ្ឋនៅភ្នំពេញរស់នៅ របៀបស៊ីវីល័យហើយ ដូច្នេះសូមឱ្យអាជ្ញាធរមូលដ្ឋានសង្កាត់ រួមគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យមូលដ្ឋានយើងទាំងមូលស្អាត គ្មានសំរាម និងមានបរិស្ថានល្អ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខភាពល្អ។
ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយចប់ម៉ោងរដ្ឋបាល នាម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ។
លោក ឃួង ស្រេង បានលើកឡើងទៀតថា ចង់ឱ្យរាជធានីភ្នំពេញ មានសោភណ្ឌភាព មានបរិស្ថានល្អ យើងមិនអាចធ្វើតែឯងបានទេ ដាច់ខាត់ត្រូវតែមានការចូលរួមទាំងអស់គ្នា ពិសេសការចូលរួមពីប្រជាពលរដ្ឋ យើងមានក្រុមហ៊ុន ដឹកសំរាមចំនួន៣ហើយ ដូច្នេះទីណាមានសំរាម សូមរាយការណ៍ មកនោះភ្នាក់ងារអ្នកដឹកជញ្ជូនសំរាមគេនឹងទៅដឹកជញ្ជូនភ្លាម។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា យុវជនជំនន់មុន បានលះបង់ច្រើនណាស់ ដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ដោយបានយកជីវិតធ្វើជាដើមទុន នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត និងបានធ្វើឱ្យប្រទេសជាតិដ៏កំសត់មួយនេះ មានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះ។
លោក ឃួង ស្រេង បានបន្តថា សមាជិក សមាជិការបស់យើង ជាឃោសនិកដ៏ឧត្ថុងឧត្ដមរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវយកគោលនយោបាយរបស់បក្ស និងអំពើល្អៗ របស់មេដឹកនាំបក្សរបស់យើង ទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបកាន់តែច្បាស់ និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត។
ជាមួយគ្នានោះដែរ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក៏បានថ្លែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃរបស់គណៈកម្មាធិការគណបក្ស សង្កាត់ស្រះចក ដែលបានរួមចំណែក ធ្វើឱ្យគណបក្សទទួលបាននូវជ័យជំនះ ក្នុងការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ជាប្រវត្តិសាស្ត្រ។
លោក ឃួង ស្រេង បានបន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ជាមួយគ្នានោះដែរ ឆ្លើយតបតាមសំណូមពរ លោក ឃួង ស្រេង បានសម្រេចធ្វើការកសាងផ្លូវបេតុងមួយខ្សែជូនប្រពលរដ្ឋរស់នៅក្នុងភូមិ២ សង្កាត់ស្រះចក ទៀតផង។
ក្នុងឱកាសនោះដែរ លោកស្រី ប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ស្រះចក ក៏បានឱ្យដឹងដែរថា៖ សង្កាត់ស្រះចក មានផ្ទៃដីទំហំ ៣២០១ហិចតា ដែលផ្ទៃដីនេះ ស្មើនិង១ភាគ៣ នៃខណ្ឌទាំងមូល មាន២៤ភូមិ។ សង្កាត់នៅមានសកម្មភាព ក្មេងទំនើង ក្មេងបង្ហោះម៉ូតូ គ្រឿងញៀនតិចតួច តែសកម្មភាពទាំងនេះ គឺសុទ្ធតែកម្លាំងយើងបង្ក្រាបបាន។ មានគម្រោងអភិវឌ្ឍសង្កាត់ ដើម្បីប្រយោជន៍សាធារណៈ។ បានផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយ ទាំងសំបុត្រកំណើត សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋបានល្អ និងទាន់ពេល។ ចំណែកការងារសង្គម យើងបានផ្តល់ជូនប្រជាពលរដ្ឋក្រីក្របានទាន់ពេលវេលា រហូតទទួលបានចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេសចំពោះសេវាសង្គមនេះ។
លោកស្រីបន្តថា សមាជិក សមាជិកាបក្ស និងប្រជាជននៅក្នុងមូលដ្ឋាន បានខឹងសម្បារយ៉ាងខ្លាំង ចំពោះទណ្ឌិត សម រង្ស៊ី ដែលចូលដៃ ចូលជើងជាមួយថៃ ខណៈទាហានថៃឈ្លានពានកម្ពុជា។ បានចុះសំណេះសំណាល និងជួយប្រជាពលរដ្ឋ នៅតាមភូមិជាប់ជាប្រចាំ។ មានសាមគ្គីភាពផ្ទៃក្នុងល្អ យើងបានពង្រឹងកម្លាំងទាំងប្រជាការពារ និងប៉ូលីស ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ពោលគឺមានបញ្ហាអ្វីមួយ យើងអន្តរាគមន៍ជួយពួកគាត់ភ្លាមៗតែម្តង។ បានពង្រឹងរចនាសម្ព័ន្ធបក្សបានរឹងមាំ ខិតខំរកមូលនិធិ និងចំណូល ដើម្បីជួយពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន ជាមួយនិងការពង្រឹងសកម្មជន តាមភូមិ ដើម្បីក្តាប់បានព័ត៌មានពីក្រោមច្បាស់លាស់ អាចវាយបកបានទាន់ពេល៕














