ថ្នាក់ដឹកនាំខេត្តរតនគិរី អញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១ នៅវត្តឦសានរតនារាម ក្រុងបានលុង
08-09-2025 15:28
(រតនគិរី)៖ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រី, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន មន្ទីរស្ថាប័នអង្គភាពនានា ក្នុងខេត្តរតនគិរី នៅល្ងាចថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ ព.ស២៥៦៩ ត្រូវនឹងទី០៧ ខែកញ្ញ គ.ស ២០២៥ បានអញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា មានពិធីថ្វាយបង្គំនមសក្ការ ព្រះរតន:ត្រៃ សមាទានសីល និមន្តព្រះសង្ឃ សូត្រមន្តចម្រើនព្រះបរិត និងការសម្តែងធម៌ទេសនា។
ក្នុងឱកាសនេះលោកញ៉ែម សំអឿន និងលោកស្រីបាននាំយកទេយ្យទាន, ទេយ្យវត្ថុមានអង្ករ១០បេ, មីជាតិ២០កេស, ប្រេងឆា១០ដប, ទឹកសុទ្ធ១០កេស, ទឹកក្រូច២០កេស,ទឹកត្រី១០យួរ, ត្រីខ១០យួរ, ប៊ីចេង១០គីឡូ, អំបិល១០គីឡូ និងបច្ច័យ ៤,០០០,០០០លានរៀល ដើម្បីវេរប្រគេនព្រះសង្ឃនៅវត្តឦសានរតនារាម ដើម្បីទុកសម្រាប់ប្រើប្រាស់ ទៅតាមតម្រូវការរបស់វត្តផងដែរ។
លុះព្រឹកឡើងថ្ងៃ១រោជ ទី៨ ខែឆ្នាំដដែលលោក ញ៉ែម សំអឿន និងលោកស្រីជាម្ចាស់វេនទី១ នៃពិធីកាន់បិណ្ឌ រួមនឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកចង្ហាន់បិណ្ឌបាត្រ មានបាយសម្លរ នំចំណី រាប់បាត្រប្រគេនព្រះសង្ឃនៅទីអារាមខាងលើ ដើម្បីឧទ្ទិស បង្សុលជូនដល់ដួងវិញ្ញាណក្ខន្ធ មាតាបិតាញាតិការទាំងប្រាំពីរសន្តានដែលបានមរណកាលទៅកាន់បរលោកផងដែរ។
លោកអភិបាលខេត្តរតនគិរី បានថ្លែងអំណរគុណចំពោះលោក លោកស្រី ប្រធានមន្ទីរស្ថាប័ន អង្គភាពនានា ក្នុងខេត្តរតនគិរី ដែលបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេន ទី១នៅវត្តឦសានរតនារាម ព្រមទាំងគណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានខិតខំប្រឹងប្រែងលះបង់ធនធានផ្ទាល់ខ្លួនចូលរួមក្នុងវេណកាន់បិណ្ឌទី១ ដើម្បីប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ និងដើម្បីកសាងនូវសមិទ្ធផលក្នុងវត្តជាប្រយោជន៍ទ្រទ្រង់ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ សម្រាប់កូនចៅជំនាន់ក្រោយៗទៀតគោរពប្រណិបត្តិតាម។
លោកបន្តថា នេះគឺជាសេរីភាពខាងជំនឿសាសនាដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញាណក្ខន្ធបុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមឧទ្ទិសកុសលផលបុណ្យដែលកើតមកពីបុណ្យកាន់បិណ្ឌទី១នេះសូមឱ្យទទួលបានមគ្គផលស្មើៗគ្នា។
សូមបញ្ជាក់ថា បុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា ដែលជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិ នូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ តាំងពីបុរាណ ដែលមានរយៈពេល ១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេស ដែលចាប់ផ្តើមពីថ្ងៃទី០១ រោចខែភទ្របទ រហូតដល់ថ្ងៃទី១៤ រោច និងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង៕

















