* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា បានផ្តល់សច្ចាប័ន និងបានក្លាយជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ

09-09-2025 12:30

(ភ្នំពេញ)៖ បន្ទាប់ពីច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ តាមព្រះរាជក្រមចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ និងបានដាក់ឯកសារចូលជារដ្ឋភាគីនៃកិច្ចព្រមព្រៀងនេះរួចមក ព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និងបានក្លាយជាប្រទេសទី ៥៦ ក្នុងចំណោមប្រទេស៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័នទទួលស្គាល់កិច្ចព្រមព្រៀងនេះ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួម និងទទួលស្គាល់សន្ធិសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិនេះ និងការដាក់ចេញច្បាប់ស្តីពីកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រនេះ បង្ហាញពីការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវជីវៈចម្រុះសមុទ្រ នៅក្រៅដែនយុត្តាធិការជាតិសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

យោងតាមប្រសាសន៍របស់លោករដ្ឋមន្រ្តី រាជរដ្ឋាភិបាលបានឯកភាពផ្តល់សិទ្ធិប្រទានជូនក្រសួងបរិស្ថាន តាមរយៈលិខិតលេខ៤៦ សប្រទ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ នៅក្នុងកំឡុងនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស នៃសាធារណរដ្ឋបារាំង។ លោកបណ្ឌិតរដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពង្រឹងនិងពង្រីកទំនាក់ទំនងអន្តរជាតិ សំដៅលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ និងកៀរគរធនធានក្រៅប្រទេសយកមកបម្រើឱ្យផលប្រយោជន៍ជាតិ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានរៀបចំនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញ ការងារជាអាទិភាពក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍដោយចីរភាព សំដៅសម្រេចឱ្យបាននូវគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខាក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់លើច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រនិងដាក់ឱ្យប្រើប្រាស់ តាមព្រះរាជក្រមលេខ​នស/រកម/០៩២៥/០៣១​ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

ច្បាប់នេះត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧។ បន្ទាប់មក ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យនិងឯកភាពទាំងស្រុង ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល លើសេចក្តីស្នើច្បាប់នេះ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញា នីតិកាលទី៥។

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ មាន ៣មាត្រា តាក់តែងឡើងក្នុងគោលបំណងធានាដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាព នូវជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍ឱ្យកម្ពុជាទទួលបាននូវការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ ក្នុងការចូលរួមគ្រប់គ្រងការអភិរក្សធនធានសមុទ្រ និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ការបែងចែកផលប្រយោជន៍ពីធនធានពន្ធុសមុទ្រ និងព័ត៌មានឌីជីថលតំណលំដាប់ពន្ធុ ដែលបានរកឃើញនិងមាននៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងអត្ថប្រយោជន៍សេដ្ឋកិច្ច ការការពារ និងការអភិរក្សបរិស្ថានសមុទ្រ ក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងការគ្រប់គ្រងតំបន់ក្រៅដែនយុត្តាធិការជាតិ រួមទាំងតំបន់ការពារធម្មជាតិសមុទ្រ ដោយមានភាគីពាក់ព័ន្ធនានាចូលរួម រួមទាំងក្រុមអន្តរវិស័យថ្នាក់ជាតិ ថ្នាក់តំបន់ និងសកល ការកសាងនិងពង្រឹងសមត្ថភាព ដើម្បីរៀបចំអនុវត្ត និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស្របតាមនៃក្រមបរិស្ថាន និងធនធានធម្មជាតិ ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យាក្នុងការការពារនិងការអភិរក្សបរិស្ថានសមុទ្រ ធនធានថវិកាពីមូលនិធិពិសេស ដែលមានប្រភពមកពីប្រទេសអភិវឌ្ឍ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍ និងរដ្ឋដែនកោះតូចៗ សម្រាប់ការគ្រប់គ្រង និងអភិរក្សធនធានសមុទ្រ៕