បណ្ឌិត យង់ ពៅ ចង់ឃើញសមត្ថកិច្ចចាត់វិធានការចំពោះអ្នកបើកបរម៉ូតូធំមួយក្រុម ដែលច្រងេងច្រងាងពេញផ្លូវ
11-09-2025 15:14
(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានបញ្ហាសង្គម បានបង្ហាញពីបំណងចង់ឃើញសមត្ថកិច្ចចាត់វិធានការចំពោះអ្នកបើកបរម៉ូតូធំមួយក្រុម ដែលច្រងេងច្រងាងពេញផ្លូវ។
ការថ្លែងរបស់លោកបណ្ឌិត បានធ្វើឡើងដោយសារមានក្រុមម៉ូតូធំ BBM បង្ហោះវិដេអូមួយ បង្ហាញពីការជិះម៉ូតូពេញផ្លូវ ប្រៀបដូចជាក្បួនគណៈប្រតិភូជាន់ខ្ពស់។ មិនត្រឹមតែប៉ុណ្ណឹង ក្នុងវិដេអូនោះក៏មានបង្ហាញពីសកម្មភាពច្រងេងច្រងាង ចង់បុកព្រមាន និងប្រមាថជីវិតអ្នកម៉ូតូធម្មតា ១គ្រឿង ដែលជិះបញ្ច្រាសផ្លូវ ទោះម្ចាស់ម៉ូតូនោះព្យាយាមឈប់យ៉ាងណាក៏ដោយ។
សកម្មភាពរបស់ក្រុមម៉ូូតូធំនេះ ត្រូវបានគេចាត់ទុកថា ក្មេងទំនើង និងបង្កអស្តិសុខសង្គម ព្រមទាំងបង្ហាញគំរូមិនល្អ ក៏ដ៏ដូចជានាំឲ្យប៉ះពាល់ដល់អ្នកស្រលាញ់ម៉ូតូធំដទៃទៀត។ ការបង្ហាញកាន់តែច្បាស់នៃអត្តចរិតក្អេងក្អាង និងច្រលើសបើសនោះ គឺម្ចាស់ផេកម៉ូតូធំនេះ បានតបតសារដោយអសីលធម៌ចំពោះនរណាដែលមិនគាំទ្រវិដេអូខ្លួន។
បើតាមលោកបណ្ឌិត យង់ ពៅ បញ្ហាក្មេងទំនើងក៏ដោយ ចាស់ទំនើងក៏ដោយ ដែលប្រើម៉ូតូធំក៏ដោយ ប្រើម៉ូតូតូចក៏ដោយ ឬឡានក៏ដោយចុះ សមត្ថកិច្ចត្រូវអនុវត្តច្បាប់ឲ្យមានសមធម៌ទាំងអស់គ្នា ទោះពួកគេជានរណាក៏ដោយ។ បើក្រុមម៉ូតូធំនោះ ប្រើប្រាស់ផ្លូវដោយខុសគន្លងផ្លូវ ដោយប្រើប្រាស់រំខានគេ ដោយប្រើប្រាស់ល្បឿនលឿន និងដោយប្រើប្រាស់សំឡេងខ្លាំងៗ ត្រូវតែអនុវត្តច្បាប់ឲ្យសមស្រប។
លោកបានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំបានដឹងថា ម៉ូតូធំៗមានតម្លៃថ្លៃណាស់ មិនមែនអ្នកសាមញ្ញទិញប្រើបានទេ។ អីចឹងច្បាស់ណាស់ ទាល់តែអ្នកមានលុយច្រើនបានទិញម៉ូូតូធំបាន។ ខ្ញុំយល់ថា អ្នកដែលមានលុយទិញម៉ូតូធំ គួរតែទទួលបានការអប់រំក្នុងកម្រិតជាអ្នកធូរធា គឺធូរធាទាំងសេដ្ឋកិច្ច និងសីលធម៌។ ក្នុងសង្គមយើង អ្នកមួយចំនួនមានសេដ្ឋកិច្ចធូរធា ជាគ្រួសារអភិជន បែរជាក្រីក្រតោកយ៉ាកទៅលើសីលធម៌វិញ»។
លោកបណ្ឌិត យង់ ពៅ បានលើកជាទស្សនៈថា៖
*ទី១៖ សូមសមត្ថកិច្ចពង្រឹកផ្នែកអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើក្រុមម៉ូតូធំ ដែលប្រមាថជីវិតអ្នកដំណើរ
*ទី២៖ សូមអ្នកប្រើប្រាស់ម៉ូតូធំ និងអ្នកមានធនធាន គួរមានទាំងសីលធម៌
*ទី៣៖ សូមឲ្យមានមនសិការជាជាតិសាសន៍ថ្លៃថ្នូរ ព្រោះការបើកបរប្រមាថជីវិតអ្នកដទៃលើដងផ្លូវ និងបំពានច្បាប់ បង្ហាញទៅពិភពលោកពីភាពអសីលធម៌
*ទី៤៖ ការប្រមាថជីវិតអ្នកដទៃបែបនេះ ជាសកម្មភាពធ្វើឲ្យអាប់ឱនយសគ្រួសារ
*ទី៥៖ ការបើកបររបស់ក្រុមម៉ូតូធំមួយចំនួន អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ។
កន្លងមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានដាក់ចេញនូវបទបញ្ជាឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើង។ សម្ដេចមហាបវរធិបតី បានណែនាំក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធនកម្មដាក់ទោសឲ្យធ្ងន់លើក្រុមក្មេងទំនើងដែលបង្កអំពើហិង្សាដាក់គ្នា ក្រោយសម្ដេចយល់ថា បើសិនទោសបច្ចុប្បន្ននៅកម្រិតមួយស្រាល។
បន្ថែមពីនេះ សម្ដេចមហាបវរធិបតី បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។ សម្ដេចមហាបវរធិបតី បានឲ្យពិនិត្យបន្ថែមទៀត តាំងពីសកម្មភាពនៃការជិះម៉ូតូ ការយកតាមខ្លួននូវកាំបិត ដាវសាម៉ូរ៉ៃ ព្រមទាំងការបង្ហោះសំញែញបង្អួតគ្នាតាមបណ្ដាញសង្គមផងដែរ។
សូមជម្រាបដែរថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារសន្តិសុខ គឺជាវិធានការគន្លឹះទី៤ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលពាក់ព័ន្ធនឹងភូមិ ឃុំ មានសុវត្ថិភាព។
ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាអនុវត្តច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល ៣ថ្ងៃផងដែរ៕












