ក្រុមនិស្សិតជប៉ុន ចុះសិក្សាស្វែងយល់ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា
16-09-2025 20:06
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការ គ.ជ.ប លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានទទួលជួបក្រុមនិសិ្សត ដឹកនាំដោយលោកបណ្ឌិត YAMADA Hiroshi សាស្រ្តាចារ្យនៃសាកលវិទ្យាល័យអន្តរជាតិ និងព័ត៌មាន Niigata នៃប្រទេសជប៉ុន។
បន្ទាប់ពីមតិស្វាគមន៍របស់លោក ហង្ស ពុទ្ធា លោកបណ្ឌិត YAMADA Hiroshi បានថ្លែងអំណរគុណដល់ប្រធាន គ.ជ.ប ដែលបានអនុញ្ញាតសម្រាប់ដំណើរទស្សនកិច្ចសិក្សាដល់ក្រុមនិស្សិត ដើម្បីសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ប្រព័ន្ធបោះឆ្នោត និងការគាំទ្រការបោះឆ្នោតពីសំណាក់អន្តរជាតិ រួមទាំងជំនួយពីប្រទេសជប៉ុន ដែលជាផ្នែកមួយនៃការសិក្សារបស់និស្សិត ស្តីពីការដោះស្រាយជម្លោះ និងការកសាងសន្តិភាព។
លោក ហង្ស ពុទ្ធា បានជម្រាបជូនក្រុមនិស្សិត អំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ថា នៅឆ្នាំ១៩៩៣ គឺជាការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ដែលការបោះឆ្នោតនោះ បានរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា “UNTAC”។
លោកបានបន្តថា យោងតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ប្រទេសកម្ពុជាត្រូវរៀបចំការបោះឆ្នោតដោយខ្លួនឯង ក្រោមសមត្ថកិច្ចរបស់ គ.ជ.ប ដែលអនុវត្តតាមការកំណត់នៃច្បាប់ជាធរមាន។ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន គ.ជ.ប បានរៀបចំការបោះឆ្នោតសកល និងអសកល សរុបចំនួន ១៩លើក។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២ ឆ្នាំ១៩៩៨ គឺជាការបោះឆ្នោតថ្នាក់ជាតិលើកដំបូង ដែលរៀបចំឡើងដោយប្រទេសកម្ពុជា ត្រូវបានមជ្ឈដ្ឋានទូទៅទាំងជាតិ និងអន្តរជាតិ វាយតម្លៃថាបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងត្រូវបានប្រតិភូសង្កេតការណ៍បោះឆ្នោតសហរដ្ឋអាមេរិកវាយតម្លៃថាជា «អច្ឆរិយនៃដងទន្លេមេគង្គ»។
លោកក៏បានលើកឡើងអំពីដំណាក់កាលសំខាន់ៗទាំង៤ នៃការបោះឆ្នោតដើម្បីឱ្យក្រុមនិស្សិតបានស្វែងយល់ ដែលរួមមាន៖
*ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
*ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
*ការឃោសនាបោះឆ្នោត និង
*ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។
បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំ គ.ជ.ប ក្រុមនិសិ្សតនៃប្រទេសជប៉ុន បានលើកឡើងនូវសំណួរមួយចំនួនពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងនៅបណ្តាប្រទេសផ្សេងៗទៀត ដំណើរការរាប់សន្លឹកឆ្នោត និងតម្លាភាពនៃការបោះឆ្នោត។ល។
ជាការឆ្លើយតបនឹងសំណួរ ថ្នាក់ដឹកនាំ គ.ជ.ប បានធ្វើការពន្យល់ម្តងមួយសំណួរៗយ៉ាងលម្អិត ស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ហើយជាចុងក្រោយ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា នៅលើពិភពលោកនេះ គ្មានប្រព័ន្ធបោះឆ្នោតណាមួយដែលល្អឥតខ្ចោះនោះទេ ហើយការជ្រើសរើសយកប្រព័ន្ធបោះឆ្នោតណាមួយសម្រាប់យកមកប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន គឺអាស្រ័យទៅតាមបរិបទ និងច្បាប់នៃប្រទេសនីមួយៗ។
ក្រោយពីបានស្តាប់ការបកស្រាយនូវចម្ងល់របស់ខ្លួនរួចមក និស្សិតទាំងអស់បានថ្លែងអំណរគុណដល់ គ.ជ.ប ដែលបានចំណាយពេលវេលាទទួលជួបពួកគាត់ ដើម្បីបញ្រ្ជាបការយល់ដឹងអំពីការបោះឆ្នោតឱ្យកាន់តែច្បាស់ថែមទៀត។
ចុងបញ្ចប់នៃជំនួបនេះ លោក ហង្ស ពុទ្ធា បានថ្លែងអំណរគុណដល់ប្រជាជនជប៉ុន ដែលតាមរយៈរដ្ឋាភិបាលជប៉ុន បានជួយប្រទេសកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតកន្លងមក រួមមានជំនួយផ្នែកបច្ចេកទេស សម្ភារៈ បរិក្ខារ ហិរញ្ញវត្ថុ និងអ្នកជំនាញការ ជាដើម។ ជាពិសេស ជំនួយឥតសំណងសម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងគម្រោង Technical Assistance on Servers Renewal Project ដែលមានទឹកប្រាក់ចំនួន ៧៥០.០០០.០០០យ៉េន ក្នុងការផ្លាស់ប្ដូរម៉ាស៊ីនមេ (Servers) នៅអគារទីស្ដីការថ្មីរបស់ គ.ជ.ប ដែលជាជំនួយដ៏មានសារៈសំខាន់ និងមានឥទ្ធិពលក្នុងការចូលរួមចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា៕

























