លោក ឆាយ ឫទ្ធិសែន អញ្ជើញកាន់បិណ្ឌ វេនទី១០ នៅវត្តក្បាលកោះ ស្ថិតនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងប្រគេនទេយ្យវត្ថុ និងរាប់បាត្រ នៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
17-09-2025 12:19
(កំពង់ឆ្នាំង-ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកស្រី រួមជាមួយលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញកាន់បិណ្ឌ វេនទី១០ នៅវត្តក្បាលកោះ ហៅវត្តបឹង ស្ថិតនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីអញ្ជើញកាន់បិណ្ឌនៅវត្តក្បាលកោះ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោករដ្ឋមន្ដ្រី និងលោកស្រី ព្រមទាំងគណៈប្រតិភូរួមដំណើរ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យវេរប្រគេនចំពោះ សម្តេចព្រះវនរ័ត្នកិត្តិឧសទ្ទេសបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូព្រះចៅអធិការវត្តច័ន្ទបុរីវង្ស ហៅវត្តសំរោងជើង ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ក្នុងឱកាសនៃអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី១០ នៅក្នុងវត្តទាំង២ទីតាំងនោះ លោករដ្ឋមន្ត្រី និងក្រុមគ្រួសារ ព្រមទាំងគណៈប្រតិភូ រួមទាំងពុទ្ធបរិស័ទ បានអញ្ជើញធ្វើនមស្ការព្រះរតនត្រ័យសមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងដារពិស្ដាររាប់បាត្រ ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ និងបង្សុកូលដើម្បីជាកិច្ចឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ឋានបរមសុខ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្យ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ និងមានរយៈពេលវែងជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ដោយឡែក ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ៕




























