ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសម៉ាឡេស៊ី
20-09-2025 17:03
(ម៉ាឡេស៉ី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោកព្រឹទ្ធសភា Tengku Datuk Seri Utama Zafrul Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទធុរកិច្ចហាឡាលពិភពលោក នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើង ពីភាពរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កនូវភាពងាយស្រួលដល់ការងារវិនិយោគ ធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើន មានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន ជាពិសេសកម្ពុជាកំពុងជីកព្រែកហ្វូណនតេជោ និងកំពង់ផែសមុទ្រទឹកជ្រៅ និងវិស័យសំខាន់ៗផ្សេងៗជាច្រើនទៀត ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិមានការកើនឡើងជាបន្តបន្ទាប់។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ក៏បានជម្រាបនូវចំណុចសំខាន់ៗនៃវិស័យកសិកម្មរបស់កម្ពុជា ដោយកាលពីឆ្នាំ២០២៤កន្លងទៅ កម្ពុជាអាចផលិតស្រូវបានជិត១៦ លានតោន និងគ្រាប់ស្វាយចន្ទីអាចផលិតបាន១លានតោន ដោយមានគុណភាពខ្ពស់។
ទេសរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកំពុងជំរុញឲ្យមានឧស្សាហកម្មហាឡាល នៅកម្ពុជា ដើម្បីផលិតសម្ភារផ្សេងៗ និងម្ហូបអាហារ។ ប៉ុន្តែជុំវិញការវេចខ្ចប់សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ កម្ពុជានៅមានបញ្ហាខ្វះខាតនៅឡើយ។ ចំពោះគ្រាប់ស្វាយចន្ទី កម្ពុជាអាចវេចខ្ចប់បានប្រមាណ២០ភាគរយប៉ុណ្ណោះ ដូច្នេះឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យជួយស្នើកៀរគរវិនិយោគិន មកវិនិយោគនៅកម្ពុជា ជាពិសេស ការបង្កើតម៉ាស៊ីនកិនស្រូវ ការកែច្នៃវេចខ្ចប់ស្រូវ ស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងជួយគាំទ្រ វិនិយោគលើវិស័យឧស្សាហកម្មហាឡាលនៅកម្ពុជា ព្រោះម៉ាឡេស៊ីមានបទពិសោធន៍ច្រើនលើវិស័យនេះ។
ជាការឆ្លើយតប រដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានទេសរដ្ឋមន្ត្រី និងបានកោតសរសើរចំពោះការរីកចម្រើនយ៉ាប់ឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា ហើយបាននឹងសន្យាគាំទ្រលើចំពោះសំណើររបស់ទេសរដ្ឋមន្ត្រីខាងផងដែរ និងឲ្យផ្នែកវិនិយោគ និងជំនាញ របស់ស្ថាប័នជំរុញពាណិជ្ជកម្មម៉ាឡេស៊ីគឺ MATRADE មកពិនិត្យសិក្សាពីឧឱកាសវិនិយោគនៅកម្ពុជាពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្មហាឡាល៕