កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនពលរដ្ឋនៅតាមបណ្ដាទីវត្តអារាម នៅរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
20-09-2025 17:12
(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាទីវត្តអារាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែងគោរព ប្រណិប័តន៍ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតា បិតា បុព្វការីជន ដែលបានលាចាកទៅលោកខាងមុខ។ ប្រជាពលរដ្ឋភាគច្រើនបានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១ រោច ដល់ថ្ងៃ១៥ ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ៕