អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ប្រសិទ្ធភាពផ្សាយ និងគ្រប់គ្រងព័ត៌មានលើបណ្តាញសង្គមចូលរួមធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ
20-09-2025 17:15
(បាត់ដំបង)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ប្រសិទ្ធភាពផ្សាយ និងគ្រប់គ្រងព័ត៌មានលើបណ្តាញសង្គមចូលរួមធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិគ្រប់រាជធានី-ខេត្ត ត្រូវធ្វើការងារឱ្យបានសកម្មថែមទៀត។
តាមរយៈបទអន្តរាគមន៍ស្តីពីការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី នៅក្នុងវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ដរាបណាប្រជាពលរដ្ឋនៅតែប្រើប្រាស់បណ្តាញសង្គមក្នុងការបញ្ចេញមតិ និងទទួលព័ត៌មានពីគ្រប់ប្រភពនានា នោះគឺមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិតាមបណ្តាខេត្តទាំងអស់ ត្រូវ តាមដាន និងក្តាប់បញ្ហា ឬសំណូមពររបស់ពួកគាត់ឱ្យបានច្បាស់។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន ឬសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងពីប្រភពផ្សេងៗ ត្រូវមានវិធានការឆ្លើយតប រកដំណោះស្រាយ និងបំភ្លឺតាមករណីនីមួយៗ ដោយមិនត្រូវទុកឱ្យបញ្ហាទាំងនោះប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ ឬរំខានដល់ការរស់នៅ បង្កើនជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ឬបង្អាក់ដំណើរការនៃការអភិវឌ្ឍក្នុងសហគមន៍ ដែលកំពុងប្រព្រឹត្តទៅស្របនឹងគោលដៅ និងការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ក្នុងការគ្រប់គ្រងព័ត៌មាន ក្រុមការងាររបស់មន្ទីរព័ត៌មានត្រូវពង្រឹង និងពង្រីកការផ្សព្វផ្សាយបែបបច្ចេកទេសឌីជីថល ដើម្បីធានាការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ទាន់ពេលវេលា តាមសេចក្តីត្រូវការប្រចាំថ្ងៃ។ ការណ៍នេះទាមទារឱ្យក្រុមការងារមន្ទីរព័ត៌មាន ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងនិងផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ហ្វេសបុក តេឡេក្រាម យូធូប Tiktok និងមធ្យោបាយឌីជីថលផ្សេងៗទៀត ដែលទទួលបានការចូលចិត្តពីប្រជាពលរដ្ឋ ក្នុងគោលបំណងផ្តល់ព័ត៌មានតាមគ្រប់ទម្រង់ ឱ្យបានដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក។
សូមបញ្ជាក់ថា ក្នុងយុគសម័យថ្មីនេះ អ្វីដែលមានប្រសិទ្ធភាព និងរហ័សនោះ គឺការបង្កើតបណ្តាញផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅ គ្រប់កម្រិតក្នុងសហគមន៍ ទាំងថ្នាក់ខេត្ត ក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ និងដោយមានការចូលរួមពីមន្ទីរជំនាញជុំវិញខេត្ត ដើម្បីបំភ្លឺ ផ្តល់ព័ត៌មាន រួមចំណែកដោះស្រាយរាល់មន្ទិល និងកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតជាដើម៕