ដបទឹកក្តៅចំនួន ២០០០ដប មានឆ្លាក់រូបសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អមនឹងអក្សរ «ពុកម៉ែនៅក្បែរកូនជានិច្ច» បន្តបានចែកជូនដល់កងទ័ពជួរមុខ ក្នុងខេត្ដព្រះវិហារ និងខេត្តឧត្តរមានជ័យ

20-09-2025 17:35

(ព្រះវិហារ)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធានក្រុមសេនាតេជោសន្តិភាព រួមជាមួុយក្រុមការងារ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ នាំយកដបទឹកក្តៅ ចំនួន២,០០០ដប ចែកជូនដល់កងទ័ពកងពលធំអន្ដរាគមន៍៣ នៅក្នុងខេត្ដព្រះវិហារ, កម្លាំងយោធាឈរជើងនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងអន្លង់វែង។

ជាការចាប់អារម្មណ៍ រូបនៅលើដកទឹកក្ដៅទាំងនោះ ដោយមានឆ្លាក់រូបសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលមានឯកសណ្ឋានជាយោធា អមជាមួយនឹងអក្សរថា «ពុកម៉ែនៅក្បែរកូនជានិច្ច» ដើម្បីជួយជំរុញលើកទឹកចិត្ដកងទ័ព ក្នុងកិច្ចការពារបូរណភាពទឹកដី។

ជាមួយគ្នានេះ កងទ័ពកងពលធំអន្ដរាគមន៍៣ នៅក្នុងខេត្ដព្រះវិហារ និងកម្លាំងយោធាឈរជើងនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងអន្លង់វែង បានគោរពថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុន សែន និងសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងប្ដេជ្ញាក្នុងការការពារបូរណភាពទឹកដីកម្ពុជា៕