ថ្ងៃវេនកាន់ភ្ជុំបិណ្ឌវេនទី១៣ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ប្តូរវេនគ្នាបន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកជំរុំវត្តពោធិ៍ ៥០០០ដើម ជាង១,៦៦៩គ្រួសារ

20-09-2025 20:45

(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ចែងក្រុមការងារប្តូរវេនគ្នាបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនប្រជាពលរដ្ឋភៀសសឹកនៅជំរំវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ ចំនួន១,៦៦៩គ្រួសារ ស្មើ៥,៨៨៩នាក់ ដែលជម្លៀសពីតំបន់សមរភូមិព្រំដែន។

ជាក់ស្តែងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនជនភៀសសឹកនៅខេត្តព្រះវិហារ ធ្វើឡើងក្រោមកិច្ចសហការជាមួយកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

សូមជម្រាបថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា មានប្រជាពលរដ្ឋរាប់ពាន់គ្រួសាររាប់ម៉ឺននាក់បានជម្លៀសមកកាន់ទីសុវត្ថិភាព ហើយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងនាមប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕