ក្រសួងការបរទេស៖ កម្ពុជាតវ៉ា និងជំទាស់យ៉ាងខ្លាំងចំពោះចេតនារបស់ថៃ ក្នុងការអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនមកលើពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយព្រមានចាប់ដាក់គុកមួយជីវិត និងរហូតដល់ប្រហារជីវិត

20-09-2025 21:12

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ា និងជំទាស់យ៉ាងខ្លាំងចំពោះចេតនារបស់ថៃ ក្នុងការអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនទៅលើពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយព្រមានចាប់ដាក់គុកមួយជីវិត និងរហូតដល់ប្រហារជីវិត បើសិនពលរដ្ឋកម្ពុជា បានរំលោភដែនអធិបតេយ្យរបស់ពួកគេនៅតំបន់ទាំងនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ក្រសួងការបរទេស បានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យនៃយោធភូមិភាគទី១ នៃកងទ័ពភូមិន្ទ ថៃបានចេញសេចក្តីព្រមានជាសាធារណៈ ស្ដីពីការអនុវត្តច្បាប់ក្នុងស្រុករបស់ថៃលើពលរដ្ឋកម្ពុជា
ដែលរួមមានការដាក់ទោសទណ្ឌរហូតដល់ដាក់ពន្ធនាគារអស់មួយជីវិត ឬទោសប្រហារជីវិតចំពោះអ្វី ដែលហៅថា «សកម្មភាពប្រឆាំងនឹងអធិបតេយ្យរបស់ប្រទេសថៃ»។

ការប្រកាសប្រើច្បាប់នេះកើតឡើង បន្ទាប់ពីឧប្បត្តិហេតុ កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ ដែលកងកម្លាំងសន្តិសុខថៃបានប្រើឧស្ម័ន បង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ លើប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ដែលថ្មីៗនេះ ប្រទេសថ បានប្រើកម្លាំង ដើម្បីអនុវត្តអធិបតេយ្យទឹកដី។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា ការប្រកាសរបស់ថៃក្នុងការប្រើច្បាប់ក្នុងស្រុកនៅក្នុងទឹកដីដែលមានជម្លោះ បំពានលើ កាតព្វកិច្ចជាមូលដ្ឋាន ក្រោមមាត្រា ២(៣) និង ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យមានការដោះស្រាយវិវាទដោយសន្តិវិធី និងមិនអនុញ្ញាតឱ្យប្រើកម្លាំងប្រឆាំងនឹងបូរណភាព ទឹកដីរបស់រដ្ឋមួយផ្សេងទៀតឡើយ។

ការអនុវត្តទោសព្រហ្មទណ្ឌធ្ងន់ធ្ងរ រួមទាំងការដាក់ទោស ប្រហារជីវិតលើប្រជាពលរដ្ឋកម្ពុជា ដែលចូលរួមក្នុងការតវ៉ាដោយសន្តិវិធី ក៏ជាការរំលោភយ៉ាង ធ្ងន់ធ្ងរផងដែរ លើសិទ្ធិមនុស្សជាមូលដ្ឋាន ដែលត្រូវបានធានាក្រោមច្បាប់អន្តរជាតិ។

សកម្មភាពបែបនេះ គឺជាការបំពានដោយផ្ទាល់លើសេរីភាពនៃការជួបប្រជុំ និងសមាគមដោយសន្តិវិធី ដែលជីវិត បទដ្ឋានស្នូលមួយ ក្រោមសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាថ្មី ស្តីពីសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ ដែលប្រទេសថៃជាភាគី។

សកម្មភាពរបស់ថៃ ក៏រំលោភបំពានផង ដែរ លើធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលតម្រូវឱ្យរដ្ឋជា សមាជិកមិនត្រូវធ្វើសកម្មភាពបង្កហេតុ និងត្រូវដោះស្រាយវិវាទដោយសន្តិវិធី។