ស្នងការខេត្តកំពង់ធំ ដឹកនាំមន្ដ្រីកាន់បិណ្ឌវេនទី១៣ នៅវត្តមុន្នីរង្សី ហៅវត្ដថ្មី ក្នុងស្រុកកំពង់ស្វាយ

20-09-2025 21:19

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី លឹម អៀងចេង បានដឹកនាំកងកម្លាំងចូលរួមពិធីកាន់បិណ្ឌវេនទី១៣ នៅវត្តមុន្នីរង្សី ហៅវត្ដថ្មី ស្ថិតនៅ ភូមិស្នោ ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី លឹម អៀងចេង បាន បូជាផ្កាភ្ញី ទានធូប ជូនចំពោះព្រះរតនត្រ័យ និងសូត្រមន្ត សមាទានសីល ឧទិ្ទសមហាកុសល ផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន ញាតិមិត្តទាំងប្រាំពីរសណ្ដាន និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរកងទ័ព ដែលបានពលីជីវិត ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុការពារទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ សូមបានសោយសុខនៅឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងទទួលបាននូវមគ្គផលគ្រប់ៗគ្នា។

លោកឧត្តមសេនីយ៍ទោស្នងការ និងលោកស្រី បានប្រគេនទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ ដើម្បីឧបត្ថម្ភគាំទ្រវិស័យព្រះពុទ្ធសាសនា ព្រមទាំងចូលរួមកសាងសមិទ្ធផលនានា ក្នុងទីវត្តអារាម ឲ្យមានភាពរីកចម្រើនបន្ថែមទៀត។

លោកបានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកជាពិសេសទេវតាឆ្នាំថ្មី សូមបីបាច់ ថែរក្សា អភិបាល ប្រោះព្រំ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសកម្ពុជា សូមទទួលបានសុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា បញ្ញាឆ្លៀសវៃ ជៀសផុត ពីជំងឺកាចសាហាវនានា ដើម្បីបន្តចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនសម្បូរសប្បាយបន្ថែមទៀត៕