មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ នាំយកអំណោយសម្តេចបវរធិបតី ជូនគ្រួសារ​​​​​អតីតយុទ្ធជន ៣៥​ខ្នង​ នៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

20-09-2025 22:07

(កំពង់ធំ)៖ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នាក្នុងរយៈពេល ៤ថ្ងៃ ៤យប់​ កន្លងមកនេះ បណ្ដាលឱ្យផ្ទះក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានលិចលង់​រង​ផល​ប៉ះពាល់​ ដោយសារជំនន់ទឹកភ្លៀង មិនអាចហូរតាមប្រព័ន្ធលូ និងប្រឡាយ ដែលមានស្រាប់ទាន់ពេលវេលាបណ្ដាលឱ្យផ្ទះក្រុមគ្រួសារតីតយុទ្ធជនចំនួន ៣៥ខ្នង រងផលប៉ះពាល់ផលដំណាំផ្សេងៗ ដោយជំនន់ទឹកភ្លៀងនេះ។

ដោយទទួលបានព័ត៌មាននេះនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យ និងជួបសំណេះសំណាល ជាមួយក្រុមគ្រួសារអតីតយុទ្ធជនដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដើម្បីរកវិធានការរំដោះទឹកចេញឱ្យបានទាន់ពេលវេលា​កុំឱ្យបន្ត​លិច​លង់​បន្ត​ទៅ​ទៀត​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លង​មក​ ផ្ទះចំនួន ២០៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានសាងសង់ឡើង នៅលើដីសម្បទានសង្គមកិច្ចសម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងនោះផ្ទះចំនួន ១៤១ខ្នង​ និងដីចំនួន​មួយ​ហិកតា​កន្លះ​ ក្នុង​មួយ​គ្រួសារ​ ត្រូវបានសាងសង់ប្រគល់​ និង​ប្រគល់​ជូនអតីតយុទ្ធជន នៅឆ្នាំ២០២១។ ដោយ​ឡែក​ផ្ទះចំនួន ៦៥ខ្នងទៀត និង​ដីមួយហិកតា​ ក្នុង​មួយ​គ្រួសារ​ ត្រូវ​បានសាងសង់ប្រគល់ជូនក្រុមគ្រួសារតីតយុទ្ធជននៅដើមឆ្នាំ ២០២៥ កន្លងទៅនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា​ជំនន់ទឹកភ្លៀងដែលកំពុងជន់លិចធ្វើឱ្យរងផលប៉ះពាល់ដំណាំ បន្លែបង្ការផ្សេងៗ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅពេលនេះ មានចំនួន ៣៥ខ្នងផ្ទះ ក្នុងនោះមានចំនួន ១៨ខ្នងផ្ទះ រងផលប៉ះពាល់ខ្លាំង និងចំនួន ១៧ខ្នងផ្ទះខ្ទងផ្ទះទៀត រងផលប៉ះពាល់មធ្យម​ ដែលបានបណ្ដាលឲ្យខូចខាតផលដំណាំរបស់ពួកគាត់។ ដេីម្បី​ជួយ​សម្រាល​ដល់​ការ​លំបាក​នេះ​ ឧត្ដមសេនីយ៍​សោម​ ស៊ុន​ ក៏បាននាំយកនូវអំណោយមនុស្សធម៌របស់សម្ដេចមហាបបរិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនមួយចំនួន ដែលកំពុងជួបការលំបាកដោយគ្រោះទឹកជំនន់នេះផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសន្យាថា និង​រាយការណ៍​ជូន​ឯកឧត្ដម​អភិបាល​ខេត្ត​ ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ នឹងសំណូមពរដល់ស្ថាប័ន មន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធដើម្បីសម្របសម្រួលជួយកាយប្រឡាយបន្ថែម តាមស្ថានភាពជាក់ស្ដែង ដើម្បីរំដោះទឹកឱ្យហូរបានលឿន ចៀសវាងរងផលប៉ះពាល់បន្ថែមទៀត ដល់ផលដំណាំ និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន។ ព្រមជាមួយនោះក៏បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជន ត្រូវ​ខិតខំថែរក្សាសុខភាព ក្នុងការហូបស្អាត រស់នៅស្អាត និងប្រុងប្រយ័ត្នក្មេងតូចៗ ដែលងាយបណ្ដាលឱ្យរងគ្រោះថ្នាក់ដោយជំនន់ទឹកភ្លៀងនេះ៕