អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ប្រាប់ពលរដ្ឋពីកត្តាសន្តិភាពដែលបានធ្វើឱ្យ វិស័យព្រះពុទ្ធសាសនាកាន់តែមានការរីកចម្រើនឥតឈប់ឈរ
20-09-2025 22:19
(តាកែវ)៖ លោកបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបូរីជលសារ បានលើកឡើងថា បច្ចុប្បន្ននេះវិស័យព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា កាន់តែមានការរីកចម្រើនដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ និងបង្សុកុលឧទ្ទិសកុសលជូន ជីដូន ជីតាបងប្អូនញាតិកាទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវនិងវត្តដំណាក់រាជា ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ លោកបណ្ឌិត ស៊ូ ភិរិន្ទ បានបន្តថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ បន្តរក្សាបាននូវសុខសន្ដិភាព ស្ថេរភាពនយោបាយ ដល់ប្រទេសជាតិ ប្រជាពលរដ្ឋមានជីវភាពធូធារ មន្រ្តីរាជការ កម្មករ កម្មការិនី ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ តាមរយៈការតម្លើងប្រាក់បៀវត្សជារៀងរាល់ឆ្នាំ នៅពេលវិស័យអាណាចក្រមានការរីកចម្រើនវិស័យពុទ្ធចក្រក៏រីកចម្រើនតាមនឹងដែរ គឺតាមរយៈការចូលរួមធ្វើបុណ្យទានរបស់បងប្អូនប្រជាពលរដ្ឋ។
អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ បានគូសបញ្ជាក់ថា «ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ជាតិយើង ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក។ ពិធីនេះមិនត្រឹមតែជាការបង្ហាញនូវជំនឿសាសនាតាមរយៈការធ្វើបុណ្យទានឧទ្ទិសកុសលជូនដល់ជីដូន ជីតា បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខនោះទេ តែវាក៏ជាឱកាសសម្រាប់បងប្អូនកូនចៅបានជួបជុំគ្នា ប្រមូលផ្ដុំសាមគ្គីភាព និងបង្ហាញពីការដឹងគុណចំពោះអ្នកមានគុណផងដែរ»៕