ពុទ្ធបរិស័ទ នាំយកទេយ្យទាន និងបច្ច័យកាន់បិណ្ឌវេនទី១៣ ចំនួន៧វត្ត នៅខេត្តព្រះវិហារ

20-09-2025 22:21

(ភ្នំពេញ)៖ លោក ឃ្លោក រក្សី, លោក សោ សុន្ទរ៍ធារី លោក នួន សំណាងលោក កា ហ្សាគី លោក ឆាយ ណេង លោក សង គឹមហ៊ាង ក្រុមការងារ និងក្រុមគ្រួសារបានទេយ្យទាន និងបច្ច័យកាន់បិណ្ឌវេនទី១៣ នៅចំនួន៧វត្ត ក្នុងខេត្តព្រះវិហារ។

នាឱកាសនោះដែរ លោកទាំងពីរ និងក្រុមការងារក៏បានសាកសួរសុខទុក្ខវីរកងកម្លាំងព្រំដែន កម្ពុជា-ថៃ។

លោកបានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកជាពិសេសទេវតាឆ្នាំថ្មី សូមបីបាច់ ថែរក្សា អភិបាល ប្រោះព្រំ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសកម្ពុជា សូមទទួលបានសុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា បញ្ញាឆ្លៀសវៃ ជៀសផុត ពីជំងឺកាចសាហាវនានា ដើម្បីបន្តចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនសម្បូរសប្បាយបន្ថែមទៀត។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែងគោរព ប្រណិប័តន៍ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតា បិតា បុព្វការីជន ដែលបានលាចាកទៅលោកខាងមុខ។ ប្រជាពលរដ្ឋភាគច្រើនបានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១ រោច ដល់ថ្ងៃ១៥ ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ៕