លោក ឌិត ទីណា សួរសុខទុក្ខវីរកងទ័ព ម៉ន ភក្ដ្រា ដែលបានរងរបួសភ្នែកខាងស្ដាំដោយសារគ្រាប់កៅស៊ូដោយទាហានថៃ នៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ
20-09-2025 23:11
(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សួរសុខទុក្ខវីរកងទ័ព ម៉ន ភក្ដ្រា ដែលបានរងរបួសភ្នែកខាងស្ដាំដោយសារគ្រាប់កៅស៊ូ ក្នុងពេលកំពុងការពារសុវត្ថិភាពប្រជាពលរដ្ឋយើង ខណៈពេលដែលពុកម៉ែបងប្អូនរារាំងទប់ស្កាត់មិនឱ្យកងកម្លាំងចម្រុះថៃធ្វើសកម្មភាពចូលមកបំពានរាយបន្លាលួស ក្នុងទឹកដីស្រែចម្ការភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ លោករដ្ឋមន្ត្រី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះតេជគុណ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិស ២៨អង្គ/នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងករណីប៉ះទង្គិចជាមួយទាហានថៃ ដែលបន្តរាយបន្លាលួស នៅឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយទាហានថៃ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជា និងបាញ់ជំពាម។
យ៉ាងណាមិញ កម្ពុជារក្សាជំហរដោះស្រាយវិវាទនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយជំរុញឱ្យរក្សាបទឈប់បាញ់ និងបន្ធូរបន្ថយស្ថានការណ៍ ដើម្បីស្ដារសន្តិភាព និងស្ថិរភាពក្នុងតំបន់ សម្រាប់សុខមាលភាពប្រជាជនយើងទាំងអស់គ្នា៕