លេខាធិការដ្ឋានកិច្ចការព្រំដែនរបស់កម្ពុជា ច្រានចោលការផ្សាយលើហ្វេសប៊ុកឈ្មោះ «Royal Thai Army: Update» និងបញ្ជាក់ថា ភូមិព្រៃចាន់ មិនទាន់បានឯកភាពពីការកំណត់ខណ្ឌសីមាដាច់ស្រេចនៅឡើយទេ

21-09-2025 07:35

(ភ្នំពេញ)៖ លេខាធិការដ្ឋានកិច្ចការព្រំដែនរបស់កម្ពុជា ច្រានចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាភូមិសាស្ត្រដែលកម្ពុជា មិនទាន់បានឯកភាពពីការកំណត់ខណ្ឌសីមាដាច់ស្រេចនៅឡើយទេ។

ការចេញមកបញ្ជាក់របស់លេខាធិការដ្ឋានកិច្ចការព្រំដែនបន្ទាប់ពីទំព័រហ្វេសប៊ុកមានឈ្មោះ «Royal Thai Army: Update» បានផ្សាយថា ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤២ និង៤៣ ជារបស់ថៃ ដោយភ្ជាប់មកជាមួយនូវឯកសារចំនួនពីរចុះហត្ថលេខារវាងកម្ពុជា និងថៃ។

លេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ថា ឯកសារដែលផេកហ្វេសប៊ុកខាងលើបង្ហោះ គ្រាន់តែជាប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែនដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ស្តីពីលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ៤២ និងលេខ៤៣ ដែលបានបោះនាសម័យបារាំងប៉ុណ្ណោះ ហើយពុំមែនជាផែនទី ឬឯកសារដែលបញ្ជាក់ពីខ្សែព្រំដែនឡើយ។