មន្ត្រីជាន់ខ្ពស់អាជ្ញាធរគ្រឿងញៀន៖ ក្រសួង និងរាជធានី-ខេត្ត បានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន App NoDrug ក្នុងឱកាសបុណ្យកាន់បិណ្ឌ
21-09-2025 08:46
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួតប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ ជម្រាបជូនថា ក្រសួងស្ថាប័ន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ដែលជាសមាជិកតែងតែឆ្លើយតបតាមការស្នើសុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋទូទៅ ក្នុងឱកាសព្រឹត្តិការណ៍បុណ្យជាតិធំៗ សំដៅពញ្ញាក់ស្មារតីឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមបង្ការទប់ស្កាត់បញ្ហានានាដែលបង្កឡើងដោយគ្រឿងញៀន។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា ក្នុងឱកាសបុណ្យកាន់បិណ្ឌ ចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា ២០២៥ រហូតដល់ថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺមានសកម្មភាពផ្សព្វផ្សាយអប់រំពីរប្រភេទមាន៖
ទី១៖ ផ្សព្វផ្សាយអប់រំពីចម្ងាយមិនផ្ទាល់តាមរយៈវិទ្យុទូរទស្សន៍ បណ្ដាញផ្សព្វផ្សាយរដ្ឋ និងឯកជន ការដាក់តាំងបដា ពាក្យស្លោកប្រឆាំងគ្រឿងញៀន និងជំរុញការប្រើប្រាស់ទូរសព្ទដៃ NoDrug តាមផ្ទាំងប៉ាណូធំៗតាមដងផ្លូវសំខាន់ៗក្នុងរាជធានី ខេត្ត ការផ្ញើសារតាមទូរសព្ទដៃ
និងទី២៖ ការផ្សព្វផ្សាយដោយផ្ទាល់គឺយើងធ្វើតាមរយៈព្រះសង្ឃ អាចារ្យកម្មវិធីផ្សព្វផ្សាយព្រះធម៌ តាមទីវត្តអារាមក្នុងពិធីកាន់បិណ្ឌ និងអាជ្ញាធររបស់យើងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បន្តថា នៅលើរថយន្តក្រុងគឺមានការដាក់តាំងនូវផ្ទាំងតាំង Qr Code NoDrug សម្រាប់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ តាមរយៈមធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ (City Bus) បានឃើញនិងទាញយកប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrug នេះផងដែរ។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក លឹម តុងហួត បាននាំយកការថ្លែងអំណរគុណ និងកោតសរសើរពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់ក្រសួង ស្ថាប័ន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដែលតែងតែយកចិត្តទុកដាក់ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ក្នុងរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងសូមឱ្យការធ្វើដំណើររបស់បងប្អូនទៅគ្រប់ទីជួបតែសុខសុវត្ថិភាព «ថ្ងៃនេះ ថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍ និងគ្មានគ្រឿងញៀន»៕