ក្រសួងទេសចរណ៍, សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា និងផលិតករភាពយន្ដចិន សហការគ្នាផលិតរឿងខ្លួន និងការអភិវឌ្ឍទេសចរណ៍ជាមួយបច្ចេកវិទ្យាទំនើប
21-09-2025 08:57
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Johnny Mo ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដឹកនាំផលិតករភាពយន្តពីស្ទូឌីយូ Heng Dian World Studios ទីក្រុង Dong Yang នៃខេត្ត Zhenjiang និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំអនុសាសន៍លើ គម្រោងអភិវឌ្ឍទេសចរណ៍ និងថតភាពយន្តទេសចរណ៍នៅកម្ពុជា។
ក្នុងជំនួបបានផ្តោតលើគម្រោងដ៏មានសារៈសំខាន់ និងអនុវត្តជាក់ស្តែងដល់វិស័យទេសចរណ៍កម្ពុជា លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ទាក់ទាញ និងស្របតាមនិន្នាការថ្មីៗរបស់ប្រជាជន និងយុវជនចិនដែលកំពុងពេញនិយមធ្វើដំណើរទេសចរណ៍តាមរយៈរឿងភាគខ្លីៗ និងគោលដៅទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ និងបច្ចេកវិទ្យាទំនើបជាមួយបញ្ញាសប្បនិមិត្ត។
រដ្ឋមន្រ្តី ហួត ហាក់ បានគាំទ្រ និងផ្តល់អនុសាសន៍បន្ថែមលើគម្រោងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់សមាគម និងការថតវីដេអូទេសចរណ៍ដល់ប្រជាជនចិន និងពិភពលោក ដោយត្រូវឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព សុវត្ថិភាពដល់ភ្ញៀវទេសចរ និងអ្នកដំណើរ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្ន រួមទាំងយន្តការលើកទឹកចិត្ត និងការផ្តល់អាទិភាពដល់វិនិយោគិនបរទេសនៅកម្ពុជា។
គូភាគី បានឯកភាពអនុវត្តកិច្ចសហប្រតិបត្តិជាក់ស្តែង និងចេញជាលទ្ធផលលើ គម្រោង ដោយចាប់ផ្តើមលើទស្សនកិច្ចសិក្សាស្វែងយល់ពីការផលិតភាពយន្តទេសចរណ៍ ព្រមទាំងការរៀបចំវេទិកាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងជាប្រចាំទាំងនៅប្រទេសចិន និងកម្ពុជា។
សូមបញ្ជាក់ថា Hengdian World Studios ជាកន្លែងផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍ដ៏ធំមួយដែរក្នុងពិភពលោក ស្ថិតនៅទីក្រុង Hengdian តំបន់ Dongyang ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវគេហៅថា ហូលីវូតចិន៕