ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមកិច្ចប្រជុំកំពូលហាឡាលអន្តរជាតិឆ្នាំ២០២៥( GHAS) នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

21-09-2025 10:48

(ម៉ាឡេស៉ី)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលហាឡាលអន្តរជាតិឆ្នាំ២០២៥ (GHAS) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក Dato Sri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៉ី នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិម៉ាឡេស៊ី (MITEC) ទីក្រុងគួឡាឡាំពួរ។

ពិធីបើកខាងលើ ក៏មានការអញ្ជើញចូលរួមពីសំណាក់ Dato' Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ម៉ាឡេស៊ី, ព្រឹទ្ធសភា Tengku Datuk Seri Utama Zafrul Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី និងលោក Dato’ Setia Dr. Haji Mohd Na’im bin Haji Mokhtar រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាម៉ាឡេស៊ី។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានទទួលស្វាគមន៍លោក Dato Sri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៉ី និងបានជួបជជែកពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខាងលើផងជាន់ខ្ពស់ម៉ាឡេស៊ីផងដែរ។

កិច្ចប្រជុំកំពូលហាឡាលខាងលើ រៀបចំដោយអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី ( Jakim) ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមប្រមាណ៧០០នាក់ មកពី៤៧ប្រទេស និងមានស្ថាប័ផ្តល់វិញ្ញាបនបត្រហាឡាលចំនួន៤៧។ ការរៀបចំព្រឹត្តិការណ៍ GHAS 2025 គឺជាវេទិកាសំខាន់មួយ ដើម្បីប្រមូលផ្តុំអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មហាឡាល ស្ថាប័នផ្ដល់វិញ្ញាបនបត្រហាឡាលអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រឹងជំហររបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាអ្នកដឹកនាំពិភពលោកក្នុងប្រព័ន្ធអេកូឡូស៊ីហាឡាល។

ក្នុងឱកាសដ៏មានសារសំខាន់នេះ លោក Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៉ី បានមានប្រសាសន៍ថា ឧស្សាហកម្មហាឡាលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ដោយសារតែផលិតផល និងសេវាកម្មហាឡាល មានលក្ខណៈទាក់ទាញជាសកល វាក៏បានក្លាយជាជម្រើសដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់ជាច្រើន រួមទាំងអ្នកដែលស្ថិតនៅក្នុងបណ្តាប្រទេសដែលមិនមែនមូស្លីមផងដែរ។

នាយករដ្ឋមន្ត្រីបានបន្តថា ហាឡាល មិនមែនគ្រាន់តែជាស្លាកសញ្ញាមួយប៉ុណ្ណោះទេ ប៉ុន្តែជាស្លាកសញ្ញាអន្តរជាតិមួយដែលតំណាងឱ្យភាពជឿទុកចិត្ត។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនជិត ១០ ០០០ហើយ ដែលក្នុងនោះជាង ៨០% ជាសហគ្រាសធុនតូច និងមធ្យម ត្រូវបានទទួលស្គាល់ដោយ JAKIM ប្រទេសម៉ាឡេស៊ីថា បានអនុវត្តតាមស្តង់ដារហាឡាលប្រកបដោយគុណភាព។

នាយករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីបង្ហាញពីការទទួលស្គាល់ជាសកល ស្លាកសញ្ញាពាណិជ្ជកម្មហាឡាលរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានចុះបញ្ជី និងទទួលស្គាល់នៅក្នុងប្រទេសជិត ៥០។ ជាមួយគ្នានេះ JAKIM ក៏បានសហការជាមួយស្ថាប័នផ្តល់វិញ្ញាបនបត្រហាឡាល (Halal Certification Bodies) ជាង ៨០ ពីប្រទេសចំនួន ៤៥ ផងដែរ។

ក្នុងឱកាសនោះ លោកបានជំរុញឲ្យសហគមន៍អន្តរជាតិ សហគ្រាសធុរកិច្ច និងអ្នកតំណាងដែលបានចូលរួមទាំងអស់ ត្រូវតែផ្ដល់សិទ្ធិអំណាចដល់សាធារណជនឲ្យក្លាយជាអ្នកប្រើប្រាស់ប្រកបដោយសីលធម៌ គាំទ្រសហគ្រិនហាឡាល ឲ្យជ្រៀតចូលទីផ្សារសកល និងកសាងអ្នកជំនាញហាឡាលជំនាន់ថ្មី មិនត្រឹមតែមានចំណេះដឹងខាងសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏មានចំណេះដឹងខាងវិទ្យាសាស្ត្រម្ហូបអាហារ បច្ចេកវិទ្យា វិស្វកម្ម និងច្បាប់ផងដែរ។

សូមជម្រាបថា តាមរយៈកិច្ចប្រជុំកំពូលខាងលើ ប្រទេសម៉ាឡេស៊ីបន្តពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលហាឡាលអន្តរជាតិ ស្របតាមសេចក្តីប្រាថ្នារបស់គោលនយោបាយម៉ាឡេស៊ី MADANI ដែលសង្កត់ធ្ងន់លើភាពរុងរឿង និរន្តរភាព និងតម្លាភាព ដូច្នេះធានាបានថាប្រព័ន្ធអេកូឡូស៊ីហាឡាលបន្តរីកចម្រើននៅលើឆាកពិភពលោក៕