អាកាសចរស៊ីវិល៖ ការផ្ទៀងផ្ទាត់ភស្តុតាងបែបវិទ្យាសាស្ត្រនៃការវាស់ក្រិតជញ្ជីង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បង្ហាញថា «ជញ្ជីងមានភាពសុក្រឹត និងត្រឹមត្រូវ» (Video inside)
21-09-2025 12:09
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិល បានលើកឡើងថា តាមរយៈផ្ទៀងផ្ទាត់ជាលក្ខណៈវិទ្យាសាស្ត្រនៃការវាស់ក្រិតជញ្ជីង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានវាយតម្លៃពីក្រុមការងារត្រួតពិនិត្យ បញ្ជាក់ថា «ជញ្ជីងមានភាពសុក្រឹត និងត្រឹមត្រូវ ដោយគ្មានអ្នកណាម្នាក់អាចលួចកែទម្ងន់ ឬលួចសារ៉េ ដើម្បីជាថ្នូរនឹងការគិតលុយថែមបានឡើយ»។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «តាមរយៈការស៊ើបអង្កេតលក្ខណៈវិទ្យាសាស្ត្រ បច្ចេកទេសរបស់ក្រុមការងារជំនាញ បានវាយតម្លៃថា ជញ្ជីងថ្លឹងទម្ងន់ដែលបំពាក់នៅអាកាសយានដ្ឋានតេជោអន្តរជាតិ មានភាពសុក្រឹតភាព និងបញ្ជាក់យ៉ាងត្រឹមត្រូវ ដោយគ្មានអ្នកណាម្នាក់អាចលួចកែទម្ងន់ ឬលួចសារ៉េ ដើម្បីជាថ្នូរនឹងការគិតលុយថែមបានឡើយ»។
បន្ថែមពីនេះ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ក៏បានអំពាវនាវដល់បុគ្គលចោទប្រកាន់ និងអះអាងថាមានជញ្ជីងអេឡិចត្រូនិកស្វ័យប្រវត្តិ អាចយកមកផ្ទៀងផ្ទាត់ជាមួយនឹងជញ្ជីងបំពាក់នៅអាកាសយានដ្ឋានតេជោអន្តរជាតិ ដើម្បីបង្ហាញពីភាពត្រឹមត្រូវទាំងអស់គ្នា។ ភ្ជាប់ជាមួយគ្នានេះដែរ អ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រកាសស្វាគមន៍រាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីកែលម្អចំណុចខ្វះខាត ឈានទៅរកភាពវិជ្ជមាន។
សូមចម្រាបថា ការចេញមកបញ្ជាក់ជាថ្មីលោក ស៊ីន ចាន់សិរីវុត្ថា បន្ទាប់ពីកាលពីពេលថ្មីៗនេះ មានអ្នកដំណើរមួយរូបបានចោទប្រកាន់ថា ជញ្ជីងថ្លឹងទម្ងន់នៅអាកាសយានដ្ឋានតេជោអន្តរជាតិ ស៊ីគីឡូ ដើម្បីគិតលុយថែមពីខ្លួន ដោយពេលនៅផ្ទះខ្លួនថ្លឹងបាន២៣គីឡូ ដែលពេលមកថ្លឹងនៅព្រលានយន្តហោ មានទម្ងន់២៧គីឡូ និងតម្រូវឱ្យបង់លុយថែមចំនួនគីឡូដែលលើស។ ទន្ទឹមគ្នានេះ ក៏អ្នកដំណើរម្នាក់ទៀតដែលអះអាងថា ខ្លួនក៏ធ្លាប់ជួបរឿងបែបនេះ កាលនៅព្រលានយន្តហោះចាស់ បានចោទប្រកាន់ថា នេះជាទង្វើររបស់បុគ្គលិកខ្មែរ ដែលចង់បានលុយថែមពីខ្លួន និងជាការប្រព្រឹត្តអំពើពុករលួយ៕