អ្នកជំនាញអារ្យធម៌ខ្មែរ៖ បុណ្យភ្ជុំបិណ្ឌ ជាបុណ្យដឹងគុណកតញ្ញូដល់បុព្វការីជន ជីដូនជីតា កងទ័ពពលីជីវិតក្នុងភ្លើងសង្រ្គាម

21-09-2025 12:36

(ភ្នំពេញ)៖ អ្នកជំនាញ​អារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ក្នុងព្រះរាជពិធីបុណ្យទ្វារទសមាស, បើនិយាយអំពីពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលតែងតែប្រារព្វចាប់ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរទូទាំងប្រទេសទៅវត្ដស្ដាប់ព្រះសង្ឃទេសនា និងបោះបាយបិណ្ឌវេលាម៉ោង៤ទៀបភ្លឺ យ៉ាងមានរបៀបរាបរយនិងអធិកអធមដើម្បីឧទ្ទិសការដឹងគុណកតញ្ញុតាដល់បុព្វការីជន ជីដូនជីតា កងទ័ពពលីជីវិតក្នុងភ្លើងសង្រ្គាមគ្រប់ៗជំនាន់ ពិសេសវីរកងទ័ពខ្មែរ ដែលបានបូជាជីវិតកាលពីថ្ងៃទី២៤ កក្កដា ដល់ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ ថ្មីៗនេះក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកុំឲ្យចោរសៀមឈ្លានពាន។

នេះគឺជាប្រពៃណីដឹងគុណកតញ្ញូដ៏ល្អផូរផង់របស់ខ្មែរតាំងពីបុរាណមក។ ដោយពិធីបុណ្យភ្ជុំបិណ្ឌ មានកិច្ចពិធីបោះបាយបិណ្ឌជាគោល មានប្រវត្ដិចាប់ពីរាជព្រះបាទយសោវរ្ម័នទី១ គ.ស. ៨៨៩ - ៩០០ ចុងស.វ.ទី៩ ជាក្សត្រមួយព្រះអង្គដ៏ខ្លាំងពូកែក្នុងការធ្វើចំបាំងពង្រីកទឹកដីយ៉ាងធំមហិមានាសម័យចក្រភពអង្គរមកម៉្លេះ។ ជាក់ស្ដែងបើយោងតាមសិលាចារឹកK279c ជាភាសាសំស្រ្ដឹតបានរៀបរាប់ថា "ពិធីបោះបាយបិណ្ឌដើម្បីឧទ្ទិសដល់យុទ្ធជនពលីជីវិតក្នុងភ្លើងសង្រ្គាម, ក្មេងកំព្រា និងមនុស្សចាស់ជរាគ្មានទីពឹង" ព្រោះការពលីជីវិតក្នុងភ្លើងសង្រ្គាម ពុំមានឱកាសរៀបចំដើម្បីបានធ្វើបុណ្យទានឲ្យបានទៅតាមគន្លងធម៌ទ្បើយ។

លោក រ័ត្ន សណ្ដាប់ បន្ដថា ហេតុនេះចំពោះប្រពៃណីបុណ្យភ្ជុំបិណ្ឌតាមរយៈកិច្ចពិធីបោះបាយបិណ្ឌជាគោលនេះ គឺជាការផ្សារភ្ជាប់រវាងអ្នករស់និងអ្នកស្លាប់, រវាងអតីត បច្ចុប្បន្ន និងអនាគតដើម្បីកុំឲ្យភ្លេចជាតិ ក្នុងទស្សនថា ទឹកដីដែលយើងរស់នៅសព្វថ្ងៃនេះ គឺជាទឹកដីរបស់បុព្វបុរសដែលបានបូជាជីវិតកាលពីអតីតកាលគ្រប់ៗជំនាន់ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយៗទៀត។

មួយវិញទៀតក្នុងប្រព័ន្ធជំនឿខ្មែរ អ្នករស់ត្រូវធ្វើបុណ្យជួយដល់អ្នកស្លាប់ ដើម្បីជួយតម្រង់ផ្លូវឲ្យទៅតាមគន្លងធម៌ គឺជាកាតព្វកិច្ចរបស់សង្គមជាតិទាំងមូល។ ក្នុងទ្រឹស្ដីសាសនា សេចក្ដីស្លាប់ ពុំមែនជាទីបញ្ចប់របស់មនុស្សទ្បើយ ព្រោះប្រសិនបើជាទីបញ្ចប់របស់មនុស្ស ម៉្លោះយើងម្នាក់ៗពុំចំាបាច់ខំធ្វើបុណ្យអ្វីទ្បើយ។ ដូច្នេះបុណ្យភ្ជុំបិណ្ឌ ជាបុណ្យនៃការតំរង់ផ្លូវនិងឧទ្ទិសការដឹងគុណកតញ្ញូដល់បុព្វការីជន ជីដូនជីតា កងទ័ពពលីជីវិតក្នុងភ្លើងសង្រ្គាម ដើម្បីអាចទៅចាប់ជាតិថ្មី គឺជាគុណតម្លៃស្នូលរបស់ជាតិយ៉ាងសំខាន់តាំងពីបុរាណមក៕