កុមារីវ័យ៤ឆ្នាំម្នាក់ត្រូវបានរថយន្តកិនស្លាប់ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តរតនគិរី អំឡុងពេលទៅមើលម្ដាយដេកសម្រាកព្យាបាលជំងឺ
23-09-2025 15:03
(រតនគិរី)៖ កុមារីវ័យទើបតែ៤ឆ្នាំម្នាក់ត្រូវបានរថយន្តកិនស្លាប់ ក្នុងបរិវេណមុខអាគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ក្នុងអំឡុងពេលទៅមើលម្តាយ កំពុងដេកសម្រាកព្យាបាលជំងឺ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ដោយកុមារីតូចរូបនេះបានដើរក្នុងបរិវេណ មុខអាគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក៏ត្រូវរថយន្តLexus Rx300 មួយគ្រឿង បើកកិនពីលើ ទាំងកង់មុខនិងកង់ក្រោយ ចំត្រង់ចំពាក់កណ្តាលដងខ្លួន។ ភ្លាមៗនោះក្រុមគ្រូពេទ្យបានអន្តរាគមន៍សង្គ្រោះ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ ក្រុមគ្រូពេទ្យបានបញ្ជូនកុមារីទៅព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា។ ជាអកុសល្យដឹកជិតដល់ទីរួមខេត្តសៀមរាប កុមារីរូបនេះក៏បានទទួលមរណភាព។
ជនបង្កត្រូវបានគេស្គាល់ថាជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី មានឈ្មោះ ហេង រតនា ជាគ្រូពេទ្យផ្នែករបួសវះកាត់ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មី សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ចំណែកក្មេងស្រីជនរងគ្រោះដែលត្រូវបានរថយន្តកិនស្លាប់ មានឈ្មោះ បឿន ចន្ធូ ភេទស្រី អាយុ ៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្រីតូចនេះដើរពីក្រោយឪពុកទំនងចេញមករកទិញចំណីហូប ដោយសារពួកគាត់មកដេកកំដរប្រពន្ធឈឺនៅអាគារព្យាបាលជម្ងឺខាងក្រោយ ស្រាប់តែពេលនោះក៏មានរថយន្តម៉ាក Lexus Rx300 ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ2C-9657 បើកបរដោយឈ្មោះ ហេង រតនា បានបើកចូលមកហួសរង្វង់មូលទង់ជាតិ តម្រង់ទៅជើង។ ខណៈមកដល់មុខអគារសង្គ្រោះបន្ទាន់នោះ ស្រាប់តែទៅកិនកូនក្មេងស្រីតូចនោះតែម្តង។
ប្រភពដដែលបន្តថា អ្វីដែលហួសចិត្តបំផុតនោះ ពេលកិនកង់មុខហើយ ម្ចាស់រថយន្តមិនទាន់ដឹងខ្លួន នៅបន្តកិនកង់ផ្នែកខាងក្រោយថែមទៀត រថយន្តឡើងផ្អៀង ក៏នៅពុំទាន់ឈប់ នៅបន្តបើកទៅមុខដល់គោលដៅចំណតខាងក្នុងជាធម្មតា។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅទីនោះ ទាំងអ្នកជំងឺ ទាំងអ្នកកំដរអ្នកជំងឺ ទាំងរីម៉ក់ម៉ូតូកង់បី និងក្រុមគ្រូពេទ្យ ផ្អើលឈូរ ឆរ ចោមរោមមើល។
ដោយឡែកតាមប្រភពព័ត៌មានមួយទៀត បានប្រាប់ឲ្យដឹងថាជនបង្កបានបង់លុយឲ្យគ្រួសារជនរងគ្រោះចំនួន៥ពាន់ដុល្លារបញ្ចប់រឿង។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី លោកអូន សាវុធ បានឲ្យដឹងថាពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តពិតប្រាដកមែន។
លោកឧត្តមសេនីយ៍ត្រីចៅ នាង ស្នងការរងនិងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តរតនគិរីបានថ្លែងប្រាប់ ភ្នាក់ងារបណ្តាញព័ត៌មានFresh News នៅព្រឹកថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២៥នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានដោះស្រាយសំណងរួចរាល់ទៅគ្រួសារជនរងគ្រោះហើយ ហើយមន្ត្រីជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី។
ដោយឡែកលោកឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីនៅព្រឹកថ្ងៃដដែលនេះបានប្រាប់ភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរីយ៉ាងខ្លីថា ករណីនេះ មន្រ្តីជំនាញកំពុងតែចំណាត់ការតាមនីតិវិធី។
គួររម្លឹកផងដែរថា លោកហេង រតនា ជាមន្ត្រីបំរើការងារនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី កាលពីឆ្នាំ២០១៦កន្លងទៅធ្លាប់ជាប់ពន្ធនាគារភ្នំស្វាយខេត្តរតនគិរីម្តងរួចមកហើយ ករណីគប់គិតជាមួយលោក លុយ ទី លួចចាក់សោរឃ្លាំងយកថ្នាំពេទ្យជាច្រើនមុខចំនួន៤កេសធំទៅដាក់លក់នៅឱសថស្ថាន «ពន្លឺសុខភាព» ក្នុងតម្លៃរាប់ម៉ឺនដុល្លារ តែពេលចេញពីពន្ធនាគារមកវិញនៅរក្សាក្របខណ្ឌដដែល៕








