វិភាគអន្តរជាតិ៖ តើប្រទេសណាខ្លះទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយមានន័យយ៉ាងណា?

24-09-2025 20:36

(ញូវយ៉ក)៖ បារាំង លុចសំបួ ម៉ាល់តា ម៉ូណាកូ អង់ដូរ៉ា និងបែលហ្ស៉ិក កាលពីថ្ងៃចន្ទ ទី២២ ខែកញ្ញា បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅឯសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។ ប្រទេសទាំងនេះបានចូលរួមជាមួយកាណាដា អូស្ត្រាលី និងព័រទុយហ្កាល់ រួមទាំងចក្រភពអង់គ្លេសដែលបានប្រកាស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ខណៈអ៉ីស្រាអែលនៅតែបន្តពង្រីកទឹកដីក្នុងតំបន់ West Bank និងបង្កើនការធ្វើសង្រ្គាមក្នុងតំបន់ហ្កាហ្សា ជាទីដែល UN ទទួលស្គាល់ថាអ៉ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍។

ការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយបណ្ដាប្រទេសមហាអំណាចលោកខាងលិចសំខាន់ៗ ដែលត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែលបានគូសបញ្ជាក់ ពីការកើនឡើងភាពឯកោនៅលើឆាកអន្តរជាតិរបស់អ៉ីស្រាអែលជុំវិញសង្រ្គាមនៅហ្កាហ្សាជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ៦៥០០០នាក់ត្រូវបានសម្លាប់។

* តើមានប្រទេសណាខ្លះទទួលស្គាល់រដ្ឋប៉ាឡេស្ទីន?
បច្ចុប្បន្ន រដ្ឋប៉ាឡេស្ទីនត្រូវបានទទួលស្គាល់ដោយរដ្ឋអធិបតេយ្យចំនួន១៥៧ ក្នុងចំណោមរដ្ឋជាសមាជិក UN ទាំង១៩៣ ឬស្មើនឹង៨១ភាគរយនៃសហគមន៍អន្តរជាតិ។ ក្រៅពីប្រទេសទាំងនេះ បុរីវ៉ាទីកង់ដែលមានឋានៈជារដ្ឋសង្កេតការណ៍ UN ក៏បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនផងដែរ។ កាលពីថ្ងៃចន្ទ ប្រទេសអឺរ៉ុបចំនួន៦ រួមមានបារាំង បែលហ្ស៉ិក លុចសំបួ ម៉ាល់តា អង់ដូរ៉ា និងម៉ូណាកូ បានបញ្ចូលឈ្មោះរបស់ពួកគេទៅក្នុងបញ្ជីឈ្មោះប្រទេសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បន្ទាប់ពីកាលពីថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ចក្រភពអង់គ្លេស និងកាណាដាបានក្លាយជាសមាជិកនៃក្រុមប្រទេស G7 ដំបូងគេដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរួមជាមួយអូស្ត្រាលី និងព័រទុយហ្កាល់។ ចំណែក រុស្ស៉ី រួមជាមួយបណ្ដាប្រទេសអារ៉ាប់ និងបណ្ដាប្រទេសភាគច្រើនក្នុងតំបន់អាហ្វ្រិក អាមេរិកឡាទីន និងអាស៊ី ក្នុងនោះរួមមានចិន និងឥណ្ឌាបានស្ថិតក្នុងបញ្ជីរួចទៅហើយ។

អាល់ហ្សេរី បានក្លាយជាប្រទេសដំបូងគេដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ១៩៨៨ តែប៉ុន្មាននាទីប៉ុណ្ណោះអតីតមេដឹកនាំ អង្គការរំដោះប៉ាឡេស្ទីន លោក Yasser Arafat ប្រកាសបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយជាលក្ខណៈឯតោភាគី។ ក្រោយមក មានបណ្ដាប្រទេសផ្សេងទៀតបានយកគំរូតាម ហើយប្រទេសជាច្រើនបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាបន្តបន្ទាប់។ ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើង ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មកទល់នឹងឥលូវមានប្រទេសចំនួន១៩ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយសារតែសកម្មភាពឃោរឃៅរបស់អ៉ីស្រាអែល លើជនស៊ីវិលប៉ាឡេស្ទីន។

* តើប្រទេសណាខ្លះមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
មានប្រទេសយ៉ាងហោច ៣៩ ក្នុងនោះរួមមានអ៉ីស្រាអែល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឡើយ។ ប្រទេសទាំងនោះដូចជានៅក្នុង តំបន់អាស៊ី រួមមានជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី។ ចំណែក នៅអាហ្វ្រិកមានកាម៉េរូន ប៉ាណាម៉ាក្នុងតំបន់អាមេរិកឡាទីន និងបណ្ដាប្រទេសភាគច្រើនក្នុងតំបន់អូសេអានី មិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីននោះទេ។ កន្លងមក អឺរ៉ុបមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើបញ្ហាប៉ាឡេស្ទីន ដោយមានតែតួកគី និងបណ្ដាប្រទេសជាអតីតដែនដីសូវៀតប៉ុណ្ណោះ ដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ប្រទេសអឺរ៉ុបខាងកើតដូចជា ហុងគ្រី និងសាធារណឆែកមិនទាន់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅកម្រិតទ្វេភាគីនៅឡើយទេ។

នៅអឺរ៉ុបខាងលិច និងខាងជើង ប្រទេសភាគច្រើនស្ទាក់ស្ទើរទទួលស្គាល់រដ្ឋប៉ាឡេស្ទីន លើកលែងតែស៊ុយអែតដែលបានក្លាយជាសមាជិកសហភាពអឺរ៉ុបដំបូងគេដែលបាន ទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឆ្នាំ២០១៤។ តែសង្រ្គាមនៅហ្កាហ្សា បានជំរុញឱ្យន័វែស អេស្ប៉ាញ អៀរឡង់ និងស្លូវេនីបានដើរតាមស៊ុយអែតដោយទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងឆ្នាំ២០២៤។ ចំណែក អ៉ីតាលី និងអាល្លឺម៉ងវិញមិនមានផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនទេ។

* តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមានន័យយ៉ាងណា?
តាមទិដ្ឋភាពច្បាប់ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននឹងពង្រឹងឋានៈក៏ដូចជាជំរុញសមត្ថភាពរបស់ប៉ាឡេស្ទីន ក្នុងការតតាំងជាមួយអ៉ីស្រាអែលតាមផ្លូវច្បាប់ពាក់ព័ន្ធនឹង ការធ្វើអាណានិគមន៍របស់អ៉ីស្រាអែល ក៏ដូចជាដាក់សម្ពាធលើមហាអំណាចលោកខាងលិចដើម្បីឆ្ពោះទៅរកដំណោះស្រាយរដ្ឋ២។ និយាយជារួម៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នឹងអនុញ្ញាតឱ្យប៉ាឡេស្ទីនបើកស្ថានទូតជាមួយឋានៈការទូតពេញលេញ ចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ស្វែងរកការគាំទ្រនៅឯវេទិកាអន្តរជាតិ និងចូលទៅជិត តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។ ប៉ុន្តែ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមិនអាចបញ្ចប់សង្រ្គាមនៅហ្កាហ្សា និងបញ្ឈប់ប្រតិបត្តិការយោធាដ៏ឃោរឃៅរបស់អ៉ីស្រាអែលនោះទេ។ យ៉ាងណាក៏ដោយ ខណៈមានផលប៉ះពាល់តិចតួចទៅលើគោលនយោបាយអ៉ីស្រាអែល នៅក្នុងដែនដីប៉ាឡេស្ទីនដែលអ៉ីស្រាអែលកំពុងធ្វើអាណានិគមន៍ ការទទួលស្គាល់ រដ្ឋប៉ាឡេស្ទីនបានឆ្លុះបញ្ចាំងពីការកើនឡើងនៃការគាំទ្រសម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីននៅលើឆាកអន្តរជាតិ។

លោក Romain Le Boeuf ជាសាស្ត្រាចារ្យផ្នែកច្បាប់អន្តរជាតិម្នាក់មកពីសាកលវិទ្យាល័យ University of Aix-Marseille នៅភាគខាងត្បូងប្រទេសបារាំង យល់ថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនគឺជាបញ្ហាមួយនៅក្នុងចំណោមបញ្ហាដ៏ស្មុគស្មាញនៅក្រោមច្បាប់អន្តរជាតិ ប្រៀបដូចជាភាពប្រទាញប្រទង់រវាងនយោបាយ និងច្បាប់។ ម្យ៉ាង ការទទួលស្គាល់មិនមែនមានន័យថារដ្ឋប៉ាឡេស្ទីនត្រូវបានបង្កើតឡើងនោះទេ តែយ៉ាងហោចណាស់ក៏មិនមានការជំទាស់គ្រប់គ្រាន់ដើម្បីរារាំងការបង្កើតរដ្ឋប៉ាឡេស្ទីននោះដែរ។

តាមលោក Romain Le Boeuf ខណៈការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនគឺជានិមិត្តរូប និងនយោបាយមួយផ្នែកធំ ៣ភាគ៤នៃប្រទេសជាសមាជិក UN ទាំងអស់បានយល់ស្របថា ប៉ាឡេស្ទីនបានបំពេញគ្រប់លក្ខខណ្ឌចាំបាច់ដើម្បីក្លាយជារដ្ឋមួយ។ ដោយឡែក លោក Philippe Sands ជាសាស្ត្រចារ្យច្បាប់ម្នាក់បានប្រាប់កាសែតអាមេរិក New York Times ក្នុង podcast កាលពីខែសីហាកន្លងទៅថា «ខ្ញុំដឹងថាសម្រាប់ប្រជាជនប៉ាឡេស្ទីន ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនគឺជានិមិត្តរូបតែប៉ុណ្ណោះ ប៉ុន្តែក្នុងន័យនិមិត្តរូបជាក់ស្ដែង វាប្រៀបដូចជាអ្នកផ្លាស់ប្ដូរស្ថានការណ៍ ឬ game changer។ ពីព្រោះនៅពេលដែលអ្នកទទួលស្គាល់រដ្ឋប៉ាឡេស្ទីន អ្នកកំពុងដាក់ឱ្យ ប៉ាឡេស្ទីន និងអ៉ីស្រាអែល នៅកម្រិតដូចគ្នា ក្នុងលក្ខខណ្ឌនៃការប្រព្រឹត្តរបស់ពួកគេនៅក្រោមច្បាប់អន្តរជាតិ»៕