វិភាគអន្តរជាតិ៖ តើ NATO អាចបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៉ី ឬ?
25-09-2025 22:21
(វ៉ាស៊ីនតោន)៖ ចាប់តាំងពីដ្រូន និងយន្ដហោះចម្បាំងរុស្ស៉ីត្រូវបានរាយការណ៍ថាបានហោះបំពានចូលដែនអាកាសនៃប្រទេសជាសមាជិក NATO ជាបន្តបន្ទាប់ បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះបាន និងកំពុងស្ថិតនៅក្នុងការពិចារណាថាតើពួកគេត្រូវធ្វើការឆ្លើយតបយ៉ាងដូចម្ដេច? កាលពីថ្ងៃទី៩ ខែកញ្ញា កងកម្លាំងទ័ពអាកាសប៉ូឡូញបានបាញ់ទម្លាក់ដ្រូនរុស្ស៉ីជាច្រើនគ្រឿងដែលបានហោះបំពានចូល ដែនអាកាសរបស់ខ្លួន ហើយនៅថ្ងៃទី១៣ ខែកញ្ញា ដ្រូនរុស្ស៉ីមួយគ្រឿងបានហោះចូលដែនអាកាសរូម៉ានី និងនៅថ្ងៃទី១៩ ខែកញ្ញា យន្ដហោះចម្បាំងរុស្ស៉ី MiG-31 ៣គ្រឿង បានហោះបំពានចូល ដែនអាកាសអេស្ដូនីរយៈពេល១២នាទី។
រុស្ស៉ីជារឿយៗបានច្រានចោលការបំពានចូលដែនអាកាស NATO។ ក្រុមមន្រ្តីអឺរ៉ុបមួយចំនួនយល់ថាឧបទ្ទវហេតុខាងលើគឺជាចេតនាមួយរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដើម្បីធ្វើតេស្ដលើ ការការពារសមូហភាពរបស់ NATO ចំពោះសមាជិកខ្លួនពីការវាយប្រហារ។ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៣ ខែកញ្ញា បាននិយាយថា ប្រទេសជាសមាជិក NATO គួរតែបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៉ីដែលហោះបំពានចូលដែនអាកាសរបស់ពួកគេ។ តែព្រមពេលជាមួយគ្នា លោក ត្រាំបានបញ្ជាក់ថាតើសហរដ្ឋអាមេរិកនឹងផ្ដល់ការគាំទ្ររបស់ខ្លួនឬក៏អត់ គឺអាស្រ័យលើកាលៈទេសៈ ខណៈសម្ព័ន្ធមិត្ត NATO ផ្សេងទៀតបានបញ្ជូនសារចម្រុះថាតើពួកគេត្រូវដោះស្រាយនឹងស្ថានការណ៍សព្វថ្ងៃយ៉ាងដូចម្ដេច?
* ការបំពានចូលដែនអាកាស NATO បម្រើផលប្រយោជន៍អ្វីដល់រុស្ស៉ី?
តាមរយៈការហោះចូលដែនអាកាស NATO រុស្ស៉ីអាចបង្ហាញពីភាពខ្លាំងរបស់ខ្លួន ក្នុងពេលដែលក្រឹមឡាំងកំពុងជួបការលំបាកក្នុងការសម្រេចបានសមិទ្ធផលសង្រ្គាមនៅអ៊ុយក្រែន និងប្រើប្រាស់ជាសារព្រមាន ទៅកាន់បណ្ដាប្រទេសលោកខាងលិចកុំឱ្យលូកដៃខ្លាំងពេកក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ទីក្រុងមូស្គូក៏អាចប្រើការបំពានដែនអាកាសដើម្បីធ្វើតេស្ដ ឬស្វែងរកចំណុចខ្សោយខ្សែការពាររបស់ NATOដែរ។ តាម ក្រុមអ្នកជំនាញយោធា ប្រទេសជាសមាជិក NATO មួយចំនួន មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងសង្រ្គាមសម័យទំនើបដូចជាដ្រូននៅឡើយទេ ដោយពួកគេនៅតែជួបការលំបាក សូម្បីតែក្នុងការចាប់សញ្ញាដ្រូនប៉ុន្មានគ្រឿង ខុសពីអ៊ុយក្រែនដែលកំពុងបាញ់ទម្លាក់ដ្រូនរុស្ស៉ីរាប់រយគ្រឿងក្នុងមួយថ្ងៃ។ ការបញ្ជូនដ្រូន ឬយន្ដហោះចម្បាំងបំពានចូលដែនអាកាស NATO អាចឱ្យរុស្ស៉ី ស្រាបព្រោះភាពភ័យខ្លាច និងបញ្ជូនសារព្រមានទៅកាន់ប្រជាជននៅតាមបណ្ដាប្រទេសជាសមាជិក NATO ជាពិសេសប្រទេសដែលដ្រូន ឬយន្ដហោះចម្បាំងរុស្ស៉ីបានបំពាន ដើម្បីឱ្យពួកគេប្រកាន់យកជំហរ អព្យាក្រឹតចំពោះរុស្ស៉ី។ មួយផ្នែកទៀត រុស្ស៉ីអាចកំពុងព្យាយាមបំបែកបាក់នៅក្នុងចំណោមរដ្ឋជាសមាជិក NATO និងសហភាពអឺរ៉ុប ក៏ដូចជាធ្វើឱ្យការឆ្លើយតបរួមរបស់ពួកគេចំពោះសង្រ្គាមនៅអ៊ុយក្រែន ចុះខ្សោយ។ ការបំពានចូលដែនអាកាស NATO ក៏អាចជាមធ្យោបាយមួយសម្រាប់មូស្គូធ្វើតេស្ដលើមាត្រា៥របស់ NATO ផងដែរដែលចែងពីការធ្វើអន្តរាគមន៍ការពាររដ្ឋជាសមាជិក ក្នុងករណី រងការវាយប្រហារណាមួយ។ លោក ត្រាំ គឺជាប្រធានាធិបតីអាមេរិកដំបូងគេបំផុតដែលបានធ្វើឱ្យមាត្រា៥នេះស្ថិតនៅក្រោមការសង្ស័យ ដោយលោកបាននិយាយអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០២៤ ថាទីក្រុងវ៉ាស៊ីនតោននឹងមិនធ្វើអន្តរាគមន៍ការពារប្រទេសជាសមាជិក NATO ណាដែលមិនអាចបំពេញតាមការប្ដេជ្ញាចិត្តលើការបង្កើនកញ្ចប់ថវិកាយោធានោះទេ។
* តើ NATO ឆ្លើយតបបែបណាមកទល់នឹងពេលនេះ?
NATO កាលពីថ្ងៃទី២៣ ខែកញ្ញា បានចេញសេចក្ដីថ្លែងការណ៍មួយដោយសន្យាថានឹងធ្វើការឆ្លើយតបយ៉ាងរឹងមាំទៅនឹងការឈ្លានពានពីរុស្ស៉ី ជាមួយការគូសបញ្ជាក់ថានឹងប្រើប្រាស់គ្រប់ជម្រើស មានទាំង ជម្រើសយោធាដើម្បីការពារខ្លួន។ ប៉ូឡូញបានចាប់អនុវត្តមាត្រា៤ ក្រោយអះអាងថាដ្រូនរុស្ស៉ីបំពានចូលដែនអាកាសរបស់ខ្លួន និងកោះប្រជុំជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាសមាជិក NATO។ NATO បានបើកប្រតិបត្តិការយោធាមួយឈ្មោះ Eastern Sentry ក្នុងគោលបំណងជំរុញសមត្ថភាពរបស់បក្សសម្ព័ន្ធយោធាមួយនេះក្នុងការដោះស្រាយការគំរាមកំហែងយោធាពីរុស្ស៉ី ក្នុងនោះមានការស្ទាក់បំផ្លាញ ដ្រូនរុស្ស៉ី។ បណ្ដាប្រទេស NATO ក៏មានផែនការដាក់ពង្រាយបច្ចេកវិទ្យាថ្មីៗដើម្បីតាមដានដ្រូនឱ្យកាន់តែមានប្រសិទ្ធភាព។ ក៏ប៉ុន្តែ សមាជិក NATO បានលើកឡើងពីវិធីសាស្ត្រផ្សេងៗគ្នាដើម្បីទប់ទល់នឹង ការឈ្លានពានជាថ្មីណាមួយពីរុស្ស៉ី។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថាប្រទេសរបស់លោកបានត្រៀមលក្ខណៈជាស្រេច ដើម្បីបាញ់ទម្លាក់យន្ដហោះយោធាបរទេសណាដែលហោះ ចូលដែនអាកាសរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហាញជំហរជំទាស់ដោយនិយាយថាគោលនយោបាយរបស់ NATO គឺហោះស្ទាក់យន្ដហោះយោធាបរទេសដែលមិន បានបើកការវាយប្រហារ ជាជាងបើកការបាញ់ប្រហារ ឬបាញ់ទម្លាក់។ ចំណែក អាល្លឺម៉ង់វិញបានព្រមានប្រឆាំងនឹងហានិភ័យបង្កឡើងដោយការបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៉ី ខណៈលោក ត្រាំ បែរជា និយាយថា NATO គួរតែបាញ់ទម្លាក់យន្ដហោះរុស្ស៉ីដែលបំពានចូលដែនអាកាសរបស់ពួកគេ។
* អ្វីទៅជាបញ្ហាប្រឈមសម្រាប់ NATO?
រុស្ស៉ីដែលជាមហាអំណាចនុយក្លេអ៊ែរ បានប្រឆាំងតវ៉ាជាយូរមកហើយនូវអ្វីដែលខ្លួនហៅថាជាការពង្រីកឥទ្ធិពលរបស់ NATO នៅក្នុងតំបន់អឺរ៉ុបខាងកើត ក្រោយការដួលរលំសហភាពសូវៀត ហើយក្នុងចំណោម ប្រទេសអឺរ៉ុបខាងកើត ក្រៅពីអ៊ុយក្រែន ក្រុមប្រទេសក្នុងតំបន់បាល់ទិកចំនួន៣ មានលីទុយអានី ឡេតូនី និងអេស្ដូនី កំពុងប្រឈមមុខនឹងរុស្ស៉ីខ្លាំងជាងគេ។ ប្រទេសទាំង៣នេះមានយោធាតូច និងពឹងផ្អែក ទាំងស្រុងលើយន្ដហោះចម្បាំងប្រតិបត្តិការដោយសម្ព័ន្ធមិត្ត NATO ក្នុងការល្បាតដែនអាកាសរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៤មក។ លោក ត្រាំ កាលពីខែមិថុនាកន្លងទៅ បានសន្យាថានឹងផ្ដល់ការគាំទ្រដល់ NATO នៅក្រោមមាត្រា៥ បន្ទាប់ពីប្រទេសជាសម្ព័ន្ធមិត្ត NATO ឯកភាពបង្កើនកញ្ចប់ថវិកាយោធាតាមដែលលោកចង់បាន។ តែទោះជាបែបនេះក្ដី វានៅតែមិនច្បាស់ថាតើលោកនឹងរក្សាពាក្យសន្យា ឬបន្តបង្កើនវត្តមានយោធាអាមេរិកនៅក្នុងតំបន់ឬក៏យ៉ាងណានោះទេ? ដ្បិតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ធ្លាប់បាននិយាយថាសហរដ្ឋអាមេរិកមិនមែនជាអ្នកធានាសន្តិសុខចម្បងរបស់ អឺរ៉ុបទៀតនោះទេ។ លើសពីនេះទៅទៀត សង្រ្គាមសម័យទំនើបសព្វថ្ងៃ តួយ៉ាងដូចជាការប្រើដ្រូនក៏ជាបញ្ហាប្រឈមមួយដ៏ធំសម្រាប់ NATO ដែរ។ ប្រព័ន្ធការពារដែនអាកាសអឺរ៉ុបមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ទល់នឹងដ្រូនដែលរុស្ស៉ីកំពុងផលិតរាប់ពាន់គ្រឿងដែលមានទំហំតូច និងហោះនៅរយៈកម្ពស់ទាបអាចគេចពីរ៉ាដា បាននោះឡើយ។ នៅត្រង់នេះបញ្ហាធំសម្រាប់ NATO ប្រសិនបើរុស្ស៉ីនៅតែបន្តបញ្ជូន ដ្រូនចូលដែនអាកាស NATO កាន់តែច្រើន និងញឹកញាប់ នោះប្រទេសជាសមាជិក NATO អាចនឹងត្រូវបង្ខំចិត្តប្រើមីស៊ីល ឬអាវុធមានតម្លៃថ្លៃរាប់លានដុល្លារ ដើម្បីបាញ់ទម្លាក់ដ្រូនមានតម្លៃថោករបស់រុស្ស៉ី ដែលនេះអាចធ្វើឱ្យពួកគេខ្ជះខ្ជាយអាវុធទំនើប ទុកសម្រាប់ទប់ទល់នឹងអាវុធមានឥទ្ធិពលខ្លាំងជាងដ្រូនរបស់រុស្ស៉ី។
* តើ NATO អាចនឹងឆ្លើយតបបែបណា?
ចាប់តាំងពីមានសេចក្ដីរាយការណ៍ពីដ្រូនបំពានចូលដែនអាកាស NATO ប្រទេសជាសមាជិកបានចាប់ផ្ដើមជជែកដេញដោលពីគ្រោះថ្នាក់ ប្រសិនបើពួកគេបាញ់ទម្លាក់ដ្រូនរុស្ស៉ីដែលអាចធ្វើឱ្យដ្រូននេះធ្លាក់ចំលើ តំបន់ទីប្រជុំជន និងអាចឱ្យរុស្ស៉ីមានលេសបង្ករឿងថែមទៀត។ ការជជែកដេញដោលនេះហាក់បានបិទបញ្ចាប់ នៅពេលដ្រូន៤គ្រឿងត្រូវបានបាញ់ទម្លាក់ក្នុងដែនអាកាសប៉ូឡូញ។ ក៏ប៉ុន្តែការបាញ់ទម្លាក់ យន្ដហោះចម្បាំងដែលមានពីឡុតជាបើក គឺជាបញ្ហារសើបមួយផ្សេងទៀត។ NATO ត្រូវបានបង្កើតឡើងក្នុងនាមជាបក្សសម្ព័ន្ធយោធាការពារខ្លួនដែលមានគោលដៅកំញើញសត្រូវកុំឱ្យបើកការវាយប្រហារ។ ក្រុមមន្ត្រីនៃប្លុកយោធាមួយនេះបានបញ្ជាក់ថាយន្ដហោះចម្បាំងដែលហោះចូលក្នុងដែនអាកាសអេស្ដូនី មិនបានបង្កការគំរាមកំហែងបន្ទាន់ភ្លាមៗដែលតម្រូវឱ្យធ្វើការឆ្លើយតបទេ។ ដូច្នេះវាពិតជាពិបាកក្នុងការកំណត់ ឬបង្ហាញពីភស្តុតាងបញ្ជាក់ថាការបំពានដែនអាកាសណាមួយត្រូវបានធ្វើឡើងដោយចេតនា ឬនិយាយជារួមបណ្ដាប្រទេសលោកខាងលិចត្រូវតែមានភស្ដុតាងគ្រប់គ្រាន់ដើម្បីអាចចាត់វិធានការឆ្លើយតប។
នៅត្រង់នេះ ក្រុមមន្ត្រីយោធារុស្ស៉ីដឹងថាការការពារសមូហភាពរបស់ NATO មានលក្ខណៈសាំញុំា។ ពោលគឺប្រសិនបើ NATO បាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៉ី នោះរុស្ស៉ីអាចនឹងចាត់ទុកថាវាជាទង្វើបង្ករឿង គ្មានហេតុផល និងការបង្កើនជម្លោះដ៏គ្រោះថ្នាក់។ ប៉ុន្តែបើអត់ធ្មត់ ឬសាំញុំាពេក នោះលោក ពូទីនអាចនឹងយកទៅបកស្រាយថាជាភស្តុតាងបង្ហាញថាសមាជិក NATO កំពុងធ្វើឱ្យការប្ដេជ្ញាចិត្តរបស់ពួកគេចំពោះ មាត្រា៥ ចុះខ្សោយ។ ដូច្នេះបើមិនមានការបង្ហាញពីកម្លាំងឱ្យច្បាស់ទេនោះ លោក ពូទីន ប្រហែលជាអាចសន្និដ្ឋានថា NATO កំពុងពិចារណាថាតើសមាជិកណាត្រូវការពារ សមាជិកណាត្រូវលែងដៃ។ កាន់តែសំខាន់ជាងនេះ ក្រុមមន្ត្រី NATO ខ្លះមើលឃើញពីហានិភ័យនៃការគណនាឬយល់ខុសរបស់រុស្ស៉ី ប្រសិនបើសកម្មភាពឈ្លានពានរបស់មូស្គូនៅតែបន្ត។ ជាឧទាហរណ៍៖ បើមានដ្រូនរុស្ស៉ីណាមួយវាយប្រហារ ឬធ្លាក់ចំអគារក្នុងប្រទេសរូម៉ានី ឬប៉ូឡូញដោយបណ្ដាលឱ្យមានជនស៊ីវិលស្លាប់ នោះវាអាចនឹងជំរុញឱ្យមានការសងសឹកទៅវិញទៅមករវាង NATO និងរុស្ស៉ី ដែលនេះអាចនឹងធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែនរាលដាល ទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល៕