វិភាគអន្តរជាតិ៖ នៅមជ្ឈិមបូព៌ា តើ «ណាតូអារ៉ាប់» កំពុងលេចចេញជារូបរាង ឬ?
26-09-2025 20:37
(បែរឡាំង)៖ ការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងដូហា ប្រទេសកាតា ដើម្បីសម្លាប់មេដឹកនាំហាម៉ាស កាលពីដើមខែកញ្ញាកន្លងទៅនេះ បាន និងកំពុងជំរុញឱ្យមានការផ្លាស់ប្ដូរនៅក្នុងគោលនយោបាយការពារជាតិ របស់បណ្ដាប្រទេសអារ៉ាប់ ជាមួយការអំពាវនាវកាន់តែច្រើនឡើងឱ្យមានកិច្ចព្រមព្រៀងការពារជាតិរួមគ្នាដែលអ្នកនយោបាយអារ៉ាប់ខ្លះហៅថា « ណាតូអារ៉ាប់» នៅក្នុងការបរិបទដែលការជឿទុកចិត្តលើសហរដ្ឋអាមេរិក នៅក្នុងចំណោមបណ្ដាប្រទេសអារ៉ាប់នៅមជ្ឈិមបូព៌ាកំពុងចុះខ្សោយ។ ក៏ព្រោះតែសហរដ្ឋអាមេរិកបានបរាជ័យក្នុងការការពារកាតា បើទោះជាបានដឹងមុនពីផែនការរបស់អ៉ីស្រាអែលក៏ដោយ។
ភ្លាមៗ នៅបន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងដូហា លោកស្រី Kristin Diwan ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Arab Gulf States Institute ក្នុងទីក្រុងវ៉ាស៊ីនតោន បានកត់សម្គាល់ថា «ការវាយប្រហាររបស់អ៉ីស្រាអែល...បានធ្វើឱ្យបណ្ដាប្រទេសអារ៉ាប់សង្ស័យចំពោះទំនាក់ទំនងរបស់ពួកគេជាមួយសហរដ្ឋអាមេរិក ហើយជំរុញឱ្យពួកគេខិតជិតគ្នា»។ «ជាលទ្ធផល បណ្ដាលមេដឹកនាំអារ៉ាប់បានចាប់ផ្ដើម ជំរុញទៅមុខនូវយុទ្ធសាស្ត្រស្វ័យភាព និងរិះរកវិធីដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតចេញពីការពឹងផ្អែករបស់ពួកគេលើសហរដ្ឋអាមេរិក»។ នេះជាការលើកឡើងរបស់លោកស្រី Sanam Vakil ជានាយកកម្មវិធី តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៃស្ថាប័ន Chatham House នៅក្នុងអត្ថបទមួយចេញផ្សាយដោយសារព័ត៌មានអង់គ្លេស The Guardian នៅក្នុងខែកញ្ញានេះ។ ទាំងនេះគឺជាហេតុផលដែលជាងមួយ សប្ដាហ៍មកនេះ មានការជជែកដេញដោលកាន់តែច្រើនឡើងអំពីការបង្កើតបក្សសម្ព័ន្ធយោធាមួយនៃបណ្ដាប្រទេសអារ៉ាប់ និងប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើនដោយយកទម្រង់ដូចអង្គការ NATO របស់លោកខាងលិច។
នៅឯកិច្ចប្រជុំកំពូលបន្ទាន់មួយរៀបចំឡើងដោយសម្ព័ន្ធអារ៉ាប់ និងអង្គការកិច្ចសហប្រតិបត្តិការអ៉ីស្លាម កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីអេហ្ស៉ីបបានលើកឡើងពីគំនិតបង្កើត «បក្សសម្ព័ន្ធណាតូអារ៉ាប់»។ ក្នុងសុន្ទរកថាមួយ នៅឯកិច្ចប្រជុំនោះដែរ នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក Mohammed Shia al-Sudani បានអំពាវនាវឱ្យមានការបង្កើតបក្សសម្ព័ន្ធមួយការពារគ្នាជាសមូហភាព ខណៈសមាជិកចំនួន៦ មកពីក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ ឬហៅកាត់ថា GCC រួមមានបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បាននិយាយថាពួកគេនឹងចាប់អនុវត្តមាត្រាមួយនៅក្នុងកិច្ចព្រមព្រៀង ការពារជាតិរួមគ្នាមួយត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០០ ដែលចែងថាការវាយប្រហារលើរដ្ឋជាសមាជិកណាមួយគឺជាការវាយប្រហារលើប្លុកទាំងមូល។ ប្រយោគ និងពាក្យពេចន៍ក្នុងមាត្រានេះប្រហាក់ប្រហែលគ្នានឹង មាត្រា៥ របស់បក្សសម្ព័ន្ធយោធា NATO ដែរ។ នៅក្រោយកិច្ចប្រជុំកំពូល បណ្ដារដ្ឋមន្ត្រីការពារជាតិអារ៉ាប់បានបើកកិច្ចប្រជុំមួយផ្សេងទៀតក្នុងទីក្រុងដូហា និងបានឯកភាពគ្នាលើការពង្រឹងការចែករំលែក ព័ត៌មានស៊ើបការណ៍សម្ងាត់ របាយការណ៍ស្ដីពីស្ថានភាពដែនអាកាស និងស្វែងរកឱ្យបានឆាប់នូវប្រព័ន្ធថ្មីមួយសម្រាប់ការព្រមានពីការវាយប្រហារដោយមីស៊ីលបាលិស្ទីគ។ ក្នុងផែនការនេះ ក៏មានដែរការធ្វើសមយុទ្ធយោធារួមគ្នា។ ព្រមពេលជាមួយគ្នា អារ៉ាប៊ីសាអូឌីតបានប្រកាសពីការចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយប៉ាគីស្ថានដែលជារដ្ឋមានអាវុធនុយក្លេអ៊ែរដោយក្រោមកិច្ចព្រមព្រៀងនេះ ការវាយប្រហារលើរដ្ឋណាមួយក្នុងចំណោមប្រទេសទាំង២នឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើប្រទេសទាំង២តែម្ដង។
ចុះបើអ៉ីចឹង តើនេះជាការចាប់ផ្ដើមលេចចេញរូបរាងនៃ «ណាតូអារ៉ាប់» ឬ? តាមក្រុមអ្នកជំនាញ មើលមួយភ្លែត វាហាក់ដូចជាណាតូអារ៉ាប់កំពុងត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងអ៉ីស្រាអែល។ ប៉ុន្តែ ធាតុពិតជាស្ដែង វាជារឿងមួយដ៏ស្មុគស្មាញ។ «ការបង្កើតបក្សសម្ព័ន្ធអារ៉ាប់មួយដូចគ្នាទៅនឹងបក្សសម្ព័ន្ធ NATO សឹងតែមិនអាចទៅរួចឡើយ ពីព្រោះការធ្វើបែបនេះប្រៀបដូចជាការផ្សារភ្ជាប់អារ៉ាប់ទៅនឹងសង្រ្គាមដែលពួកគេមិនបាន មើលឃើញថាជាប្រយោជន៍របស់ពួកគេនោះទេ»។ នេះជាការយល់ឃើញរបស់លោក Andreas Krieg ជាសាស្ត្រាចារ្យជាន់ខ្ពស់ម្នាក់ជំនាញខាងសិក្សាពីសន្តិសុខមកពីសាកលវិទ្យាល័យ King's College ក្នុងទីក្រុងឡុងដ៍។ តែយ៉ាងណាក៏ដោយ អ្នកជំនាញផ្សេងទៀតមើលឃើញថាស្ថានការណ៍កំពុងមានការប្រែប្រួលក្រោយការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងដូហា។ លោក Krieg បានបន្តថា «សន្តិសុខរបស់ បណ្ដាប្រទេសអារ៉ាប់គឺពឹងផ្អែកជាយូរណាស់មកហើយទៅលើការបង់លុយទៅអ្នកដទៃឱ្យការពារសន្តិសុខរបស់ពួកគេ»។ តាមអ្នកជំនាញរូបនេះ ផ្នត់គំនិតបែបនេះកំពុងផ្លាស់ប្ដូរក្រោយការវាយប្រហារលើកាតា តែការផ្លាស់ប្ដូរនេះកើតឡើងសន្សឹមៗ។ ចំណែក លោកស្រី Cinzia Bianco ជាអ្នកជំនាញស្ដីពីអារ៉ាប់មកពីស្ថាប័ន European Council on Foreign Relations ឬហៅកាត់ថា ECFR យល់ថា «អ្វីដែល ពិភពលោកមើលទៅថាអាចទៅរួច ឬជំនួសឱ្យការបង្កើត «ណាតូអារ៉ាប់» នោះគឺទម្រង់ក្រុមប្រទេស៦ បូក២រួមមានប្រទេសអារ៉ាប់ទាំង៦ជាសមាជិក GCC បូកបន្ថែមតួកគី និងអេហ្ស៉ីប។ សម្រាប់លោកស្រី Bianco ការប្ដេជ្ញាចិត្តរបស់បណ្ដាប្រទេសអារ៉ាប់ចំពោះការការពារសន្តិសុខគ្នាទៅវិញទៅមក មិនមានភាពរឹងមាំដូចជាមាត្រា៥ នៃសមាជិករបស់ NATO លោកខាងលិចនោះទេ ហើយវាមើលទៅ អារ៉ាប់ហាក់ដូចជាកំពុងបង្កើត សហគមន៍សន្តិសុខ និងការពារជាតិរួមមួយគ្រាន់តែជាសារកំញើញបញ្ជូនទៅកាន់អ៉ីស្រាអែលប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមលោក Krieg និងលោកស្រី Bianco បើទោះជាទម្រង់ប្រទេស ៦បូក២ អាចទៅរួចក៏ពិតមែន តែវានឹងកើតឡើងដោយយឺតៗ ហើយការផ្លាស់ប្ដូរពិតប្រាកដនឹងកើតឡើងនៅពីក្រោយឆាក ឯណោះទេ។ ពោលគឺលោក Krieg បានព្យាករថាការចែករំលែកទិន្នន័យនៃប្រព័ន្ធរ៉ាដា ការធ្វើសមាហរណកម្មនៃប្រព័ន្ធប្រកាសអាសន្ន ឬការអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ព នឹងនៅតែបន្តធ្វើឡើងដោយ ការប្រុងប្រយ័ត្នបំផុត។ វាក៏អាចទៅរួចដែរថាបណ្ដាប្រទេសអារ៉ាប់ដែលស្ទើរតែទាំងអស់ពឹងផ្អែកលើសហរដ្ឋអាមេរិក អាចនឹងព្យាយាមពង្រីកទំនាក់ទំនងខាងវិស័យការពារជាតិជាមួយបណ្ដាប្រទេសដទៃដូចជារុស្ស៉ី ឬចិនជាដើម។ ប៉ុន្តែសម្រាប់លោកស្រី Sinem Cengiz មកពីមជ្ឈមណ្ឌល Gulf Studies Center នៃសាកលវិទ្យាល័យកាតា យល់ថាវាមិនអាចទៅរួចឡើយដែលប្រទេសណាមួយផ្សេងអាចជំនួសកន្លែងរបស់ សហរដ្ឋអាមេរិកត្រឹមពេលមួយយប់។ ម្យ៉ាងបណ្ដាប្រទេសអារ៉ាប់ក៏នៅមិនទាន់ចង់ដើរចេញពីសហរដ្ឋអាមេរិកដែរ ដ្បិតពួកគេនៅតែត្រូវការបច្ចេកវិទ្យាយោធាពីសហរដ្ឋអាមេរិក។ ជាឧទាហរណ៍៖ ក្រោយរងការវាយប្រហារ ពីអ៉ីស្រាអែល កាតានៅតែព្យាយាមស្វែងរកការធានាពីសហរដ្ឋអាមេរិកថាពួកគេនៅតែជាដៃគូនឹងគ្នាដដែល៕