ជួយសេដ្ឋកិច្ចជាតិ គាំទ្រផលិតផលខ្មែរ! អ្នកផលិតមាតិកា អំពាវនាវពលរដ្ឋខ្មែរ បន្តគាំទ្រផលិតផលខ្មែរបន្ថែមទៀត
27-09-2025 16:30
(ភ្នំពេញ)៖ អ្នកផលិតមាតិកាជាច្រើន ទាំងជនជាតិខ្មែរ និងបរទេស ដែលជាអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គមនានា បន្តអំពាវនាវពលរដ្ឋខ្មែរគាំទ្រផលិតផលខ្មែ រឱ្យបានកាន់តែខ្លាំងជាងមុន ដើម្បីគាំទ្រការផលិតក្នុងស្រុក និងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ខណៈពួកគេនឹងបន្តចូលរួមផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយដោយមិនគិតកម្រៃ។
វាគ្មិនជាអ្នកផលិតមាតិកាសង្គម ដែលបានចូលរួមក្នុងកិច្ចពិភាក្សា «ការចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក» នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានលើកឡើងថា ការចូលរួមគាំទ្រផលិតផលក្នុងស្រុក គឺជាការចូលរួមយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយដល់កសិករ និងក្រុមអ្នកផលិតផលិតផលក្នុងស្រុក ដែលអាចបង្កើតការងារបានយ៉ាងច្រើន សម្រាប់ពលរដ្ឋខ្មែរ ជាពិសេសពលករដែលត្រឡប់មកពីប្រទេសថៃ។
តែយ៉ាងណាពួកគេក៏ជំរុញឱ្យអ្នកផលិតផលិតផល គិតគូរបន្ថែមទៅលើគុណភាពនៃការផលិត តម្លៃផលិតផល។
អ្នកផលិតមាតិកាសង្គមទាំងនោះលើកឡើងថា ផលិតផលខ្មែរមានច្រើនចម្រុះ ប៉ុន្តែកន្លងមកហាក់មិនសូវមានការផ្សព្វផ្សាយបានទូលំទូលាយ។
យ៉ាងនេះក្តីស្របពេលស្មារតីជាតិនិយម គាំទ្រផលិតផលខ្មែរកំពុងកើនឡើង ពួកគេនឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការជួយផ្សព្វផ្សាយដោយមិនគិតពីផលកម្រៃ។
សូមជម្រាបថា ក្នុងរយៈពេល៣នេះ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក. ) បានរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានផលិតផលក្នុងស្រុករាប់រយមុខ សរុបចំនួន ២៨៣ ស្តង់ មកតាំងបង្ហាញ។
ពិព័រណ៍ផលិតផលខ្មែររយៈពេល ២ថ្ងៃនេះ ទាក់ទាញបានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់សាធារណជនដែលមកគាំទ្រ និងស្វែងយល់បន្ថែមពីផលិតផលខ្មែរ។ អ្វីដែលកាន់តែពិសេស សាធារណជនជាច្រើនដែលបានអញ្ជើញចូលរួម ប្រកបដោយទឹកមុខញញឹម គាំទ្រ និងសាទរចំពោះការរៀបចំយ៉ាងពិសេស ប្លែកភ្នែក និងចម្លែកអារម្មណ៍៕
















