មន្ត្រីជាន់ខ្ពស់កម្ពុជា បញ្ជាក់ប្រាប់មិត្តឡាវ និងវៀតណាមថា កម្ពុជាគាំទ្រភាពជាអ្នកជិតខាងល្អ មិនឈ្លានពានគ្នា ត្រូវការព្រំដែនសន្តិភាព, សង្គ្រាមងាយនឹងបង្កើត តែមិនងាយនឹងបញ្ចប់! សន្តិភាពពិបាកនឹងរក តែងាយនឹងបាត់បង់
29-09-2025 17:27
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ទៅមិត្តឡាវ និងមិត្តវៀតណាម បានយល់ច្បាស់ថា ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជា គាំទ្រគោលការណ៍ភាព ជាអ្នកជិតខាងល្អ មិនឈ្លានពានគ្នា ត្រូវការព្រំដែនសន្តិភាព កម្ពុជា តែងតែចាត់ទុកការថែរក្សាសន្តិភាព និងការបញ្ចៀសសង្គ្រាម គឺជាអាទិភាពខ្ពស់បំផុត សង្គ្រាមងាយនឹងបង្កើត ប៉ុន្តែ មិនងាយនឹងបញ្ចប់ សន្តិភាពពិបាកនឹងរក ប៉ុន្តែ ងាយនឹងបបាត់បង់។
ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសលោកបណ្ឌិតសភាចារ្យអញ្ជើញថ្លែងសន្ទរកថា បើកសន្និសីទប្រចាំឆ្នាំលើកទី១២ ស្តីពី«សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌នៅ កម្ពុជា ឡាវ និងវៀតណាម» ដែលរាជបណ្ឌិត្យសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍ប្រចាំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត កងកែ សៃសុងខាម (Kongkeo XAYSONGKHAM) ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ និងលោកសាស្ត្រាចារ្យបណ្ឌិត្យ ដាង ស៊ុនថាញ (Dang Xuan Thanh) អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។
លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានបញ្ជាក់ថា៖ «ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជា គាំទ្រគោលការណ៍ភាពជាអ្នកជិតខាងល្អ មិនឈ្លានពានអ្នកជិតខាង និងមានសន្តិភាពយូរអង្វែង ក្នុងស្មារតីនេះ ខ្ញុំជឿជាក់ថាព្រំដែនរបស់ យើងនឹងក្លាយជាព្រំដែនសន្តិភាព អនុវត្តប្រកបដោយសន្តិភាព»។
លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានឱ្យដឹងថា ជាប្រវត្តិសាស្ត្រកម្ពុជា ឡាវ និងវៀតណាម តែងតែរក្សាបាននូវទំនាក់ទំនងគ្នាជាអ្នកជិតខាងគ្នាបានយ៉ាងល្អប្រសើរ និងស្អិតរមួតនៅគ្រប់កាលៈទេសៈទាំងអស់។ ខណៈប្រទេសកម្ពុជា តែងតែបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនរួមរស់ដោយសន្តិភាព សហវិជ្ជមានជាមួយប្រទេសជិតខាង និងគ្រប់បណ្តាប្រទេសដទៃទៀតនៅលើសកលលោក។
បន្ថែមពីនេះ លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានលើកឡើងថា ក្នុងឋានៈជាប្រទេសដែលធ្លាប់រងគ្រោះដោយសារតែភ្លើងសង្គ្រាមរាប់ទសវត្ស កម្ពុជាបានយល់ច្បាស់អំពីតម្លៃនៃសន្តិភាព ជាក់ស្តែងកម្ពុជាទើបតែទទួលបានសន្តិភាពពេញលេញប្រមាណ២៧ឆ្នាំប៉ុណ្ណោះ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ «កម្ពុជា តែងតែចាត់ទុកការថែរក្សាសន្តិភាព និងការបញ្ចៀសសង្គ្រាម គឺជាអាទិភាពខ្ពស់បំផុត សង្គ្រាមងាយនឹងបង្កើត ប៉ុន្តែ មិនងាយនឹងបញ្ចប់ សន្តិភាពពិបាកនឹងរក ប៉ុន្តែ ងាយនឹងបបាត់បង់»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី។
លោកបណ្ឌិតសភាចារ្យ ហ៉ី ថូរ៉ាក់ស៉ី បានបញ្ជាក់ថា កម្ពុជា បានផ្តល់នូវតម្លៃខ្ពស់ភាពជាអ្នកជិតខាងល្អ ការរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមាន គោរពដែនអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី របស់អ្នកជិតខាងជានិច្ច។ ក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន បានអនុវត្តនយោបាយឯកភាពទឹកដី សន្តិភាព អភិវឌ្ឍន៍ និងអប់រំ។
បើតាមលោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា កម្ពុជា ឡាវ និងវៀតណាម នឹងបានរួមចំណែពង្រឹងភាពសុខដុមរមនារវាងប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ក្នុងនាមជាប្រទេស ភូមិផងរបងជាមួយ ដែលតែងតែផ្តល់តម្លៃខ្ពស់ទៅលើសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព និងគោរពនូវអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នា។
លោកបណ្ឌិតសភាចារ្យ សុខ ទូច យល់ថានៅចំពោះមុខសភាពការណ៍ទាំងនេះ ក្នុងនាមប្រទេសជិតខាងគ្នាកម្ពុជា ឡាវ និងវៀតណាម ត្រូវរួមគ្នាលើកម្ពស់តម្លៃសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់ពិភពលោកដែលពឹងផ្អែកលើច្បាប់ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន សមស្របតាមប្រធានបទគោលនៃសន្និសីទអន្តរជាតិ ដែលយើងបានរៀបចំមួយថ្ងៃមកនេះ។ កម្ពុជា ឡាវ និងវៀតណាម ជាសមាជិកអាស៊ានដូចគ្នា ហើយទិសដៅរបស់អាស៊ាន មិនមែនគ្រាន់តែធ្វើឱ្យតំបន់មួយក្លាយទៅជាតំបន់មានសន្ដិភាព និងការស្រុះស្រួលគ្នាប៉ុណ្ណោះទេ ប៉ុន្តែ មូលដ្ឋានទស្សនវិជ្ចារបស់អាស៊ានក៏មានគោលបំណងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសនីមួយៗ ក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ ប្រជាជាតិមួយមិនអាចស្ថិតនៅពាក់កណ្ដាលទាសករ និងពាក់កណ្ដាលសេរីភាពឡើយ។ ពិភពលោកនឹងមិនអាចមានសន្ដិភាពយូរអង្វែងបានឡើយ ដរាបណាមនុស្សមួយភាគបីជាអ្នកមាន និងពីរភាគបីជាអ្នកអត់ឃ្លាននោះ៕






















