វិភាគអន្តរជាតិ៖​ តើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន?

29-09-2025 20:38

(តូក្យូ)៖ ខណៈគណបក្សប្រជាធិបតេយ្យសេរី (LDP) ជាបក្សកាន់អំណាចនៅជប៉ុនចាប់ផ្ដើមនីតិវិធីជ្រើសរើសមេដឹកនាំថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Shigeru Ishiba ការប្រកួតប្រជែងនេះត្រូវបានគេមើលឃើញថាជាការប្រកួតរវាងអ្នកអភិរក្សនិយមម្នាក់ដែលស្នងមរតកនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងអ្នកនយោបាយកំណែទម្រង់ម្នាក់។ ការបោះឆ្នោតផ្ទៃក្នុងរបស់បក្ស LDP នៅថ្ងៃទី៤ ខែតុលាខាងមុខ ត្រូវធ្វើឡើងបន្ទាប់ពីលោក Ishiba ប្រកាសលាលែងចេញពីតំណែក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនបានត្រឹម១ឆ្នាំ។

អ្នកដែលទទួលបានជ័យជម្នះនឹងត្រូវប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះរាប់ចាប់ពីអតិផរណា និងការប្រែប្រួលបរិយាកាសសន្តិសុខក្នុងតំបន់ រហូតដល់ការគ្រប់គ្រងទំនាក់ទំនាក់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ។ បេក្ខជនប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីមានចំនួន៥រូប រួមមានរដ្ឋមន្ត្រីកសិកម្ម លោក Shinjiro Koizumi អតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោកស្រី Sanae Takaichi អតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោក Takayuki Kobayashi នាយខុទ្ទកាល័យ លោក Yoshimasa Hayashi រួមទាំងអតីតអគ្គលេខាធិការបក្ស LDP លោក Toshimitsu Motegi។

ក៏ប៉ុន្តែការស្ទង់មតិថ្មីៗនេះបានសន្មត់ថាវាជាការប្រកួតប្រជែងរវាងបេក្ខជន២រូប គឺរវាងលោក Koizumi ដែលកំពុងមានពិន្ទុនាំមុខគេជាមួយអត្រាគាំទ្រ ២៣.៨ភាគរយ តាមពីក្រោយយ៉ាងប្រកៀកកដោយលោកស្រី Takaichi ដែលទទួលបានសំឡេងគាំទ្រ២១ភាគរយ។ លោក Raymond Yamamoto ជាសាស្ត្រាចារ្យរងម្នាក់មកពីសាកលវិទ្យាល័យ Aarhus University ក្នុងប្រទេសដាណឺម៉ាក បាននិយាយថា ប្រជាប្រិយភាពរបស់លោកស្រី Takaichi កើតចេញពីកត្តាសំខាន់២៖ នោះគឺលទ្ធភាពដែលលោកស្រីអាចនឹងក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតរបស់ជប៉ុន និងទំនាក់ទំនងជិតស្និទ្ធរបស់លោកស្រីជាមួយ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe ពោលគឺលោកស្រីប្រៀបដូចជាកូនសិស្សរបស់លោក Abe។ នៅបន្ទាប់ពីប្រកាសចូលរួមប្រជែងយកតំណែងជាមេដឹកនាំបក្ស LDP ក្នុងឆ្នាំ២០២១ លោកស្រី Takaichi ដែលធ្លាប់កាន់តំណែងជាប្រធានគោលនយោបាយរបស់បក្ស LDP ក្រោមជំនាន់លោក Abe បានសន្យាថានឹងបន្តដើរតាមគោលនយោបាយសេដ្ឋកិច្ចរបស់លោក Abe ដែលគេស្គាល់ថា «Abenomics» ជាគោលនយោបាយមួយមានគោលដៅបន្ធូរបន្ថយរូបិយវត្ថុ បង្កើនកញ្ចប់ថវិកាចំណាយរបស់រដ្ឋ និងធ្វើកំណែទម្រង់គោលនយោបាយសំដៅជំរុញកំណើនសេដ្ឋកិច្ច។

លោកស្រីក៏បានសន្យាដែរថានឹងជំរុញឱ្យមានរដ្ឋធម្មនុញ្ញថ្មីមួយ ព្រមទាំងធ្វើទស្សនកិច្ចទៅកាន់ទីសក្ការៈ Yasukuni ជាស្ដូបគោរពវិញ្ញាណក្ខន្ធមេទ័ពជប៉ុនដែលក្នុងនោះមានទាំងអ្នកត្រូវបានកាត់ទោសថាជា ឧក្រិដ្ឋជនសង្រ្គាម ហើយការធ្វើទស្សនកិច្ចណាមួយដោយអតីត ឬនាយករដ្ឋមន្ត្រីជប៉ុនកំពុងកាន់អំណាចតែងតែធ្វើឱ្យកូរ៉េខាងត្បូង និងចិនថ្កោលទោស។ ផ្ទុយទៅវិញ លោក Koizumi ត្រូវបានគេមើលឃើញថា ជាអ្នកកំណែទម្រង់ម្នាក់ដែលកំពុងឡើងកូដគួរសម។ លោកទទួលបានការកោតសរសើរសម្រាប់ការជួយធ្វើឱ្យតម្លៃអង្ករមានស្ថិរភាព ក្នុងនាមជារដ្ឋមន្ត្រីកសិកម្ម។ លោក Yamamoto បានកត់សម្គាល់ថា ប្រជាប្រិយភាពរបស់លោក Koizumi កើតចេញពីប្រវត្តិគ្រួសាររបស់លោកដែលមានឪពុកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី នោះគឺលោក Junichiro Koizumi។ «រឿងមួយដែលគេមិនគួរមើលរំលងគឺរូបលោក គឺជាកូនប្រុសរបស់លោក Junichiro Koizumi ដែលស្ថិតនៅក្នុងចំណោមនាយករដ្ឋមន្ត្រីមានប្រជាប្រិយភាពរបស់ជប៉ុន»។ នេះជាការគូសបញ្ជាក់របស់លោក Yamamoto។ ឪពុករបស់លោក Koizumi ត្រូវបានគេស្គាល់ថាជាមនុស្សមានឯករាជ្យភាព និងជាអ្នកកំណែទម្រង់និយមម្នាក់ដែលនៅតែទទួលបានការកោតសរសើរពីអ្នកនយោបាយធំៗនៅជប៉ុន។

តែសម្រាប់លោក Stephen Nagy ជាសាស្ត្រាចារ្យនយោបាយ និងការសិក្សាអន្តរជាតិមកពីសាកលវិទ្យាល័យ International Christian University ក្នុងទីក្រុងតូក្យូ បាននិយាយថាលោកស្រី Takaichi ទំនងជាងគេដែលអាចក្លាយជានាយរដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ដោយលោកសំអាងលើតួនាទីរបស់លោកស្រីក្នុងនាមជាប្រធានគណៈកម្មាធិការគោលនយោបាយរបស់បក្ស LDP ដែលអាចជួយសម្របសម្រួល ក្រុមអ្នកនយោបាយផ្សេងៗគ្នានៅក្នុងបក្ស។ សាស្ត្រាចារ្យរូបនេះក៏បានគូសបញ្ជាក់ដែរថាលោកស្រី Takaichi គឺប្រៀបជាកូនសិស្សរបស់លោក Abe ដែលបានជួយបង្កើតយុទ្ធសាស្ត្រដ៏មានស្ថិរភាពមួយ ក្នុងការរក្សាតុល្យភាពទំនាក់ទំនងរបស់ជប៉ុនជាមួយសហរដ្ឋអាមេរិក និងចិន។ «ការព្យាកររបស់ខ្ញុំ គឺលោកស្រី Takaichi នឹងបង្កើតគណៈរដ្ឋមន្ត្រីអភិរក្សនិយមដ៏រឹងមាំមួយដែលរួមបញ្ចូលទាំងគូប្រជែងសព្វថ្ងៃរបស់ លោកស្រី ដូចជាលោក Hayashi និងលោក Motegi»។ នេះជាការយល់ឃើញរបស់លោក Stephen Nagy ដោយបន្ថែមថា «ខណៈលោក Koizumi ជានយោបាយវ័យក្មេងដ៏ទាក់ទាញម្នាក់ តែលោក មិនមានមនោគមន៍វិជ្ជាកណ្ដាលនិយម និងបទពិសោធន៍ដោះស្រាយនឹងនយោបាយដែលមានលក្ខណៈប្រកាន់អាយុរបស់បក្ស LDP នោះទេ»។

តាមសាស្ត្រាចារ្យរូបនេះដដែល អ្វីដែលជាបញ្ហានោះគឺថាតើលោកស្រី Takaichi អាចបង្រួបបង្រួមក្រុមអ្នកនយោបាយអភិរក្សនិយមនៅក្នុងបក្ស ហើយអាចបន្តកាន់តំណែងបានយូរគ្រប់គ្រាន់ដើម្បីឱ្យតំណែងរបស់ លោកស្រីមានស្ថិរភាពដែរឬក៏យ៉ាងណា? តែយ៉ាងណាក៏ដោយ លោក Yamamoto បាននិយាយថាវាជារឿងសំខាន់ដែលគណបក្ស LDP ត្រូវជ្រើសរើសនាយករដ្ឋមន្ត្រីម្នាក់ដែលទទួលបានការគាំទ្រយ៉ាងរឹងមាំពី ប្រជាជនជប៉ុន ក្នុងបរិបទដែលបក្សកំពុងស្ថិតនៅក្រោមសម្ពាធក្នុងការស្ដារមុខមាត់បក្សឡើងវិញ ក្រោយផុងខ្លួនក្នុងរឿងអាស្រូវពុករលួយ។ លោក Yamamoto ក៏យល់ដែរថាខណៈលទ្ធផលមិនមានភាពច្បាស់លាស់ លោក Koizumi ប្រហែលជាមានប្រៀបជាងគេបន្តិច ដោយសារតែលោកមានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងបក្ស និងកំណត់ត្រាការងាររបស់លោកដែលសម្រេចបានលទ្ធផលជាក់ស្ដែង៕