* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រី៖ ការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា នឹងរួមចំណែកបង្កើនផលិតភាពអាជីវកម្ម របស់វិស័យឯកជន និងសេដ្ឋកិច្ច

30-09-2025 10:54

(ភ្នំពេញ)៖ លោកបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា រំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ និងតម្លៃបន្ថែម សម្រាប់រួមចំណែក ក្នុងការបង្កើនផលិតភាពអាជីវកម្ម របស់វិស័យឯកជន និងសេដ្ឋកិច្ច។

ការលើកឡើង​បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត តាំង ងួនលី អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និង បណ្ដុះបណ្ដាលស្តីពី «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ទៅកាន់ក្រុមហ៊ុន សហគ្រាស ដែលធ្វើឡើងនៅសណ្ឋាគារ សុខា រ៉េស៊ីដង់ ភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

បន្ថែមពីនោះទៀត លោកបណ្ឌិត តាំង ងួនលី ក៏សូមគូសរំលេចអំពីអត្ថប្រយោជន៍សំខាន់ៗ ដែលរំពឹងថា នឹងទទួលបានពីការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា មានជាអាទិ៍៖

១៖ ការបង្កើនប្រសិទ្ធភាព និងផលិតភាពការងាររបស់ក្រុមហ៊ុន ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ,
២៖ ការលើកកម្ពស់តម្លាភាពសង្គម នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ចូលរួមក្នុងការទាក់ទាញការវិនិយោគ និង ការបង្កើនបរិយាបន្នហិរញ្ញវត្ថុ,
៣៖ ការជួយសម្រួលដល់ធុរជន ទៅលើទិដ្ឋភាពអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធ ដែលរួមចំណែកដល់ការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុឌីជីថល,
៤៖ ការជួយសម្រួលបន្ថែម ដល់នីតិវិធីពាណិជ្ជកម្មឆ្លងដែន,
៥៖ ការចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាស, ជាដើម។

លោកបណ្ឌិត តាំង ងួនលី បានសង្កត់ធ្ងន់ថា ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា មិនមែនបង្កើតឡើង សម្រាប់តែរដ្ឋាភិបាលនោះទេ វាគឺជាថ្នាលឌីជីថលគ្រឹះរបស់ជាតិ ដែលបង្កើតឡើង ដើម្បីផ្ដល់បរិយាកាស សម្រាប់ការភ្ជាប់គ្នារវាងប្រព័ន្ធឌីជីថល ដែលមានការពាក់ព័ន្ធទាំងអស់ ក្នុងការផ្លាស់ប្ដូរ ឬបញ្ជូនវិក្កយបត្រ ទាំងក្នុងវិស័យឯកជន និង វិស័យសាធារណៈ។

មិនថា ជាសហគ្រាសធំ ដែលមានប្រើប្រាស់ប្រព័ន្ធ ERP ឬប្រព័ន្ធគណនេយ្យ ឬជាសហគ្រាសតូចៗ ដែលប្រើប្រាស់ផតថលឥតគិតថ្លៃនោះទេ គឺទាំងអស់គ្នា ជាផ្នែក នៅក្នុងការផ្លាស់ប្តូរវិក្កយបត្រ តាមរយៈថ្នាលនេះ នៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល នៃវិក្កយបត្រ និងហិរញ្ញវត្ថុ។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត តាំង ងួនលី។

ជាមួយគ្នានេះ លោកបណ្ឌិត តាំង ងួនលី ជឿជាក់យ៉ាងមុតមាំថា ភាពជោគជ័យ នៃការអនុវត្តវិក្កយបត្រអេឡិចត្រូនិក របស់រាជរដ្ឋាភិបាល គឺអាស្រ័យលើកិច្ចសហការគ្នា យ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន។

បើតាមលោក អៀច សេដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ការប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គិតមកដល់ដំណាច់ខែ កញ្ញា ឆ្នាំ២០២៥នេះ មានវឌ្ឍនភាពមួយចំនួន គឺ៖

១៖ ការចុះឈ្មោះសមាជិកភាពប្រភេទជាអ្នកប្រើប្រាស់ សរុបបានចំនួន ១៥១ ស្ថាប័ន/អង្គភាព ក្នុងនោះ សមាជិកជាអង្គភាពរដ្ឋចំនួន៨១ និង សមាជិកជាក្រុមហ៊ុន សហគ្រាសចំនួន៧០,
២៖ ការចុះឈ្មោះស្នើសុំតភ្ជាប់សន្ធានកម្ម ជាមួយវិក្កយបត្រអេឡិចត្រូនិកកម្ពុជាចំនួន១៩ក្រុមហ៊ុន ក្នុងនោះ បានភ្ជាប់ជោគជ័យជាមួយក្រុមហ៊ុនចំនួន ៥, កំពុងបន្តការអភិវឌ្ឍ សន្ធានកម្មជាមួយក្រុមហ៊ុនចំនួន៩ និងមានក្រុមហ៊ុនចំនួន៥ទៀត មិនទាន់ចាប់ផ្ដើមការបច្ចេកទេសសន្ធានកម្មនៅឡើយ។

សម្រាប់ផែនការបន្ត, ក្នុងឆ្នាំ២០២៥នេះ, ក្រុមការងារនឹងពង្រីក ការអនុវត្តជាកាតព្វកិច្ច សម្រាប់ការផ្គត់ផ្គង់ជាមួយអង្គភាពរដ្ឋ នៅថ្នាក់កណ្ដាលនៃក្រសួងចំនួន៦បន្ថែមទៀត ក្នុងប្រភេទជា B2G ដែលគ្រោងនៅក្នុងត្រីមាសទី៤ ឆាប់ៗនេះ។

សម្រាប់ឆ្នាំ ២០២៦, នឹងបន្តពង្រីកការអនុវត្តកាតព្វកិច្ចទៅកាន់ក្រសួង ស្ថាប័នយ៉ាងតិចចំនួន១៤ បន្ថែមទៀត និង រំពឹងថាត្រឹមឆ្នាំ ២០២៨ នឹងអនុវត្តជាកាតព្វកិច្ចពេញលេញ នៅគ្រប់ក្រសួង ស្ថាប័នថ្នាក់កណ្ដាល ជាមួយនឹងការចាប់ផ្ដើមអនុវត្តមួយចំនួន នៅថ្នាក់មូលដ្ឋាន៕