វិភាគអន្តរជាតិ៖ តើផែនការសន្តិភាពថ្មីរបស់លោក ត្រាំ នឹងបញ្ចប់សង្រ្គាមហ្កាហ្សា ឬ?

30-09-2025 20:34

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា បានចាត់ទុកផែនការរបស់លោកសម្រាប់បទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សាគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីសម្រេចឱ្យបាននូវ សន្តិភាពបិទបញ្ចប់សង្រ្គាមចាយពេលជិត២ឆ្នាំមកនេះរវាងអ៉ីស្រាអែល និងហាម៉ាស។ ក៏ប៉ុន្តែធាតុពិតជាក់ស្ដែង ផែនការរបស់លោក ត្រាំ គឺជាឱសានមួយកំណត់លើហាម៉ាស។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅឯសេតវិមាន លោក ត្រាំ បានលើកឡើងពីផែនការ ២០ចំណុចដែលឯកភាពគ្នាដោយលោកទាំង២។ ប្រសិនបើហាម៉ាសបដិសេធទទួលយកផែនការនេះ លោក ត្រាំបាននិយាយថាសហរដ្ឋអាមេរិកនឹងបើកដៃឱ្យអ៉ីស្រាអែលធ្វើតាមអំពើតាមចិត្ត។ «អ៉ីស្រាអែលនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីខ្ញុំដើម្បីបង្ហើយការងារកម្ទេចការគំរាមកំហែងពីហាម៉ាស»។ នេះជាការព្រមានរបស់លោក ត្រាំ ដែលនៅក្រោមផែនការហ្កាហ្សា រូបលោកនឹងក្លាយជាប្រធានក្រុមប្រឹក្សាភិបាលបណ្ដោះអាសន្នមួយទទួលបន្ទុកអភិវឌ្ឍហ្កាហ្សាឡើងវិញ។

ការបង្ហាញវត្តមានរួមគ្នារវាងលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ ជាការបញ្ជាក់យ៉ាងច្បាស់ពីសាមគ្គីភាព ក្នុងគ្រាដែលលោក ត្រាំ បានបង្ហាញសញ្ញានៃការខកចិត្តចំពោះនាយករដ្ឋមន្ត្រីអ៉ីស្រាអែល និងចំពេលពិភពលោក បង្ហាញការតក់ស្លុតចំពោះសង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាដែលសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់។ ប៉ុន្តែគេនៅត្រូវរង់ចាំអ៊ុតមើលចម្លើយពីហាម៉ាស ថាតើពួកគេនឹងយល់ព្រមទទួលយក ផែនការថ្មីរបស់លោក ត្រាំ ឬក៏អត់? ផែនការហ្កាហ្សាថ្មីរបស់លោក ត្រាំ បានកំណត់ពីលក្ខខណ្ឌមួយចំនួនធំដែលក្រុមហាម៉ាសបាននិយាយជាសាធារណៈថាខ្លួននឹងមិនទទួលយកឡើយ ក្នុងនោះរួមមានដូចជាការបណ្ដេញ ក្រុមខ្លួនចេញពីអំណាច និងការរំសាយអាវុធជាដើម ដែលនេះបាន និងកំពុងបន្សល់ទុកឱ្យអនាគតនៃផែនការរបស់លោក ត្រាំ មានភាពមិនច្បាស់លាស់ និងបង្កើនលទ្ធភាពថាអ៉ីស្រាអែលអាចនឹងពង្រីកប្រតិបត្តិការយោធា របស់ខ្លួនក្នុងតំបន់ហ្កាហ្សាដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក។ «នៅពេលនិយាយដល់ផែនការនេះ គ្មាននរណាម្នាក់ទាក់ទងមកពួកយើងទេ ហើយយើងក៏មិនបានចូលរួមក្នុងកិច្ចចរចានោះដែរ»។ នេះជាការលើកឡើងរបស់លោក Taher al-Nounou​ ជាមន្ត្រីហាម៉ាសជាន់ខ្ពស់ម្នាក់ ក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍។

ផែនការថ្មីរបស់លោក ត្រាំ ក៏បានអំពាវនាវដែរឱ្យមានបទឈប់បាញ់បន្ទាន់មួយ ហើយបន្ទាប់ពីនោះក្រុមហាម៉ាសមានពេល ៧២ម៉ោង ដើម្បីដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលទាំងអស់ទាំងនៅរស់ និងបានស្លាប់ទៅហើយ។ ជាការឆ្លើយតប អ៉ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន ២៥០នាក់ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ថែមពីលើជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ១៧០០នាក់ ដែលត្រូវបានអ៉ីស្រាអែល ចាប់ឃុំខ្លួនក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ តមកទៀត ក្រោយចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង សមាជិកហាម៉ាសដែលយល់ព្រមទម្លាក់អាវុធចុះចាញ់ នឹងទទួលបានការលើកលែងទោស។ តែគួរឱ្យកត់សម្គាល់ ផែនការហ្កាហ្សាថ្មីនេះមិនមាននិយាយពីផ្លូវពិតប្រាកដឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីននោះទេ។

ខណៈការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាក្ដីប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីន និងទទួលបានការគាំទ្រពីបណ្ដាប្រទេសភាគច្រើននៅជុំវិញពិភពលោក ផែនការរបស់លោក ត្រាំបាននិយាយត្រឹមតែក្នុងពេលហា្កហ្សា ស្ថិតនៅក្នុង ដំណាក់កាលអភិវឌ្ឍឡើងវិញ និងរហូតដល់ពេលអាជ្ញាធរប៉ាឡេស្ទីនដែលកំពុងដឹកនាំតំបន់ West Bank ធ្វើកំណែទម្រង់ខ្លួនឯងគ្រប់គ្រាន់ នោះទើបលក្ខខណ្ឌជាច្រើននឹងត្រូវបានអនុវត្តឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន ដោយក្រុមហាម៉ាសនឹងមិនមានតួនាទីក្នុងការដឹកនាំ ឬគ្រប់គ្រងតំបន់ហ្កាហ្សានោះឡើយ។ ព្រមពេលជាមួយគ្នា ក្នុងពេលដែលត្រូវដកកងទ័ពចេញពីហ្កាហ្សាតាមដំណាក់កាល អ៉ីស្រាអែលនឹងបន្តកាន់កាប់តំបន់ទ្រនាប់មួយ នៅតំបន់ព្រំដែនហ្កាហ្សា។ នេះបើតាមលោក ណេតាន់យ៉ាហ៊ូ។ លោក ណេតាន់យ៉ាហ៊ូ បានប្រកាសថាផែនការរបស់លោក ត្រាំ នឹងសម្រេចបានតាមគោលដៅសង្រ្គាមរបស់អ៉ីស្រាអែល ហើយនិយាយថាលោកនឹងរង់ចាំ មើលថាតើហាម៉ាសនឹងទទួលយក ឬអនុវត្តតាមកិច្ចព្រមព្រៀងឬក៏អត់? « លោកប្រធានាធិបតី (ត្រាំ) ប្រសិនបើហាម៉ាសទាត់ចោលផែនការរបស់យើង ឬក៏ពួកគេធ្វើជាទទួលយក ហើយក្រោយមកប្រឆាំងវិញ នោះអ៉ីស្រាអែល នឹងបង្ហើយការងារដោយខ្លួនឯង»។ នេះជាការព្រមានរបស់លោក ណេតាន់យ៉ាហ៊ូ។ លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ ដំបូងឡើយ មានផែនការឆ្លើយសំណួររបស់ក្រុមអ្នកសារព័ត៌មាន ប៉ុន្តែសន្និសីទសារព័ត៌មានរួមគ្នា បានបិទបញ្ចប់ទៅដោយមេដឹកនាំទាំង២មិនបានឆ្លើយសំណួរអ្វីទេ។ នេះដូចគ្នាទៅនឹងកិច្ចប្រជុំរវាងលោក ត្រាំ និងលោក ពូទីន នៅរដ្ឋ Alaska កាលពីខែសីហាដែរដែលបានបិទបញ្ចប់ទៅដោយមិនមានកិច្ចព្រមព្រៀងអ្វីទេ និងការបដិសេធឆ្លើយសំណួរអ្នកកាសែត។

ជាការពិតណាស់ ផែនការរបស់លោក ត្រាំ បានផ្ដល់ភាគច្រើននូវអ្វីដែលលោក Netanyahu ចង់បាន។ តែវាក៏បង្ហាញដែរថាលោក ត្រាំ បានទម្លាក់ចោលនូវសំណើរបស់លោកកាលពីដើមឆ្នាំ២០២៥ ដែលបង្ខំឱ្យប្រជាជន ប៉ាឡេស្ទីនចាកចេញពីតំបន់ហ្កាហ្សា នៅក្រោមផែនការអភិវឌ្ឍដែនដីប៉ាឡេស្ទីននេះឡើងវិញ។ នៅក្រោមសំណើចុងក្រោយបំផុតនេះដែរ លោក ត្រាំ បាននិយាយថាប្រជាជនប៉ាឡេស្ទីននឹងត្រូវបានលើកទឹកចិត្តឱ្យបន្តរស់នៅ ក្នុងតំបន់ហ្កាហ្សា និងត្រូវបានផ្ដល់ឱកាសឱ្យចូលរួមកសាងហា្កហ្សាឡើងវិញ។ «គ្មាននរណាម្នាក់នឹងត្រូវបានបណ្ដេញចេញពីហ្កាហ្សាទេ ហើយអ្នកដែលព្រមចាកចេញដោយស្ម័គ្រចិត្ត អាចចាកចេញបាន ហើយអាចត្រឡប់ មកវិញដោយសេរី។ យើងលើកទឹកចិត្តឱ្យប្រជាជនហ្កាហ្សាបន្តស្ថិតនៅ និងផ្ដល់ឱកាសឱ្យពួកគេដើម្បីកសាងតំបន់ហ្កាហ្សាមួយដ៏ល្អប្រសើរឡើងវិញ»។ នេះជាការបញ្ជាក់ក្នុងផែនការរបស់លោក ត្រាំ។ តែទោះជាយ៉ាងណា ផែនការរបស់លោក ត្រាំ បើទោះជាក្រុមហាម៉ាសយល់ព្រមទទួលយក ក៏វាបានបន្សល់ទុកសំណួរជាច្រើនដែលមិនទាន់មានចម្លើយ និងតម្រូវឱ្យមានការចូលរួមយ៉ាងស៊ីជម្រៅរបស់សហរដ្ឋអាមេរិក។

ក្រោមផែនការលោក ត្រាំ តំបន់ហ្កាហ្សានឹងត្រូវបានគ្រប់គ្រងដោយគណៈកម្មធិការមួយដែលហៅថា «ក្រុមប្រឹក្សាភិបាលសន្តិភាព» ដែលមានលោក ដូណាល់ ត្រាំ ជាប្រធាន និងទទួលបន្ទុកកសាងហ្កាហ្សាឡើងវិញ ហើយ សមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាភិបាលនេះក៏រួមមានអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair ផងដែរ។ សម្រាប់លោក Jonathan Panikoff ជាអ្នកជំនាញខាងតំបន់មជ្ឈិមបូព៌ា នៃស្ថាប័ន Atlantic Council ទិដ្ឋភាពថ្មីនៃផែនការបច្ចុប្បន្ន នោះគឺលោក ត្រាំ បាននិយាយថា កាតា និងតួកគីដែលមានទំនាក់ទំនងល្អជាមួយក្រុមហាម៉ាស បានចូលរួមក្នុងផែនការរបស់លោកដែរ រួមជាមួយប្រទេសជាច្រើនទៀតក្នុងតំបន់។ អ្នកជំនាញរូបនេះបន្តថាអ្វីដែលខុសគ្នាជាមូលដ្ឋាននៅពេលនេះ គឺក្រុមហាម៉ាស កំពុងប្រឈមនឹងសម្ពាធមិនត្រឹមតែពីបណ្ដាមេដឹកនាំអារ៉ាប់ប៉ុណ្ណោះទេ តែក៏រងសម្ពាធពីបណ្ដាមេដឹកនាំប្រទេសមូស្លីមដែលចង់ឃើញសង្រ្គាម បិទបញ្ចប់ផងដែរ។ ចំណែក លោក ណេតាន់យ៉ាហ៊ូវិញ នឹងត្រូវប្រឈមសម្ពាធដែលអាចធ្វើឱ្យរដ្ឋាភិបាលចម្រុះរបស់លោកដួលរលំ ពីសំណាក់សម្ព័ន្ធមិត្តស្ដាំនិយមជ្រុលរបស់លោកដែលទទូចចង់ឱ្យអ៉ីស្រាអែលគ្រប់គ្រងទាំង តំបន់ហ្កាហ្សា និង West Bank៕