វិភាគអន្តរជាតិ៖ ការផ្ដល់មីស៊ីលអាមេរិក Tomahawk ឱ្យអ៊ុយក្រែន ជា «បន្ទាត់ក្រហម» សម្រាប់រុស្ស៉ីឬ?
01-10-2025 20:47
(វ៉ាស៊ីនតោន)៖ រុស្ស៉ីបាននិយាយថាខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសំណើរបស់អ៊ុយក្រែនសុំមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ពីសហរដ្ឋអាមេរិក ដែលអាចនឹងជំរុញសមត្ថភាពរបស់អ៊ុយក្រែនដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី។ សំណើនេះកើតមានឡើងចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ផ្លាស់ប្ដូរគោលជំហររបស់លើការគាំទ្រអ៊ុយក្រែនប្រឆាំងរុស្ស៉ី ក៏ព្រោះតែការកើនឡើងការខកចិត្តជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ជាពិសេស ក្រោយមានកិច្ចប្រជុំមួយនៅរដ្ឋ Alaska កាលពីខែសីហាកន្លងទៅ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាអាវុធដូចជាមីស៊ីល Tomahawk បើទោះជាត្រូវបានប្រគល់ដល់ដៃអ៊ុយក្រែនក៏ដោយ ក៏វាមិនអាចកែប្រែស្ថានការណ៍នៅលើសមរភូមិសព្វថ្ងៃបាននោះដែរ។ តែទោះជាបែបនេះក្ដី លោកបានព្រមានថា ការប្រគល់មីស៊ីលរយៈចម្ងាយឆ្ងាយនេះទៅឱ្យអ៊ុយក្រែននឹងត្រូវបានចាត់ទុកជាទង្វើបំពាន «បន្ទាត់ក្រហម» ដែលទីក្រុងមូស្គូបានកំណត់កន្លងមកលើអ្វីដែលខ្លួន មើលឃើញថាជាការចូលរួមដោយផ្ទាល់របស់បណ្ដាប្រទេសលោកខាងលិចក្នុងសង្រ្គាមនៅអ៊ុយក្រែន។ «សំណួរនៅទីនេះគឺដូចពីមុនដែរ នោះគឺថាតើនរណាអាចបាញ់ ចេញមីស៊ីលនេះ?...តើទាហានអ៊ុយក្រែនជាអ្នកបាញ់ ឬក៏ទាហានអាមេរិកជាអ្នកបាញ់ ហើយតើនរណាជាអ្នកកំណត់គោលដៅបាញ់មីស៊ីលនេះ ពោលគឺថាតើអាមេរិក ឬអ៊ុយក្រែន?» នេះជាការចោទសួររបស់លោក Peskov។ ក្នុងថ្ងៃទី២៩ ខែកញ្ញានោះដែរ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev ក៏បានព្រមានដែរថា ការលូកដៃរបៀបនេះ អាចនឹងបង្កទៅជាសង្រ្គាមប្រើអាវុធប្រល័យលោក។
* អ្វីទៅជាមីស៊ីល Tomahawk?
Tomahawk ជាមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយដែលអាចបាញ់ចេញពីនាវាចម្បាំង នាវាមុជទឹក និងប្រព័ន្ធបាញ់នៅលើដី។ មីស៊ីលនេះអាចបាញ់បានក្នុងរយៈចម្ងាយពី ១២៥០គីឡូម៉ែត្រ ដល់២៥០០គីឡូម៉ែត្រ ព្រមទាំងអាចបំពាក់ក្បាលគ្រាប់ដែលមានកម្លាំងផ្ទុះដ៏ខ្លាំងដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារទម្លុះគោលដៅលំបាកៗ ដូចជាលេណដ្ឋានយោធាជាដើម។ Tomahawk ក៏អាចហោះបានក្នុងល្បឿនយ៉ាងលឿនផងដែរ ជាមួយសមត្ថភាពគេចពីប្រព័ន្ធរ៉ាដា។ កងទ័ពជើងទឹកអាមេរិក បានប្រើប្រាស់មីស៊ីល Tomahawk ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ហើយបច្ចុប្បន្នមីស៊ីលនេះត្រូវបានផលិតផ្ដាច់មុខដោយក្រុមហ៊ុនផលិតអាវុធអាមេរិក RTX។
* ហេតុអ្វីអ៊ុយក្រែនចង់បានមីស៊ីល Tomahawk?
តាមពិតទៅ អ៊ុយក្រែនបានទទូចសុំមីស៊ីលរយៈចម្ងាយឆ្ងាយជាយូរណាស់មកហើយ ដើម្បីអាចវាយប្រហារលើគោលដៅស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី។ ប៉ុន្តែបណ្ដាប្រទេស ជាសមាជិក NATO មានការស្ទាក់ស្ទើរដោយខ្លាចថាការផ្ដល់មីស៊ីលប្រភេទនេះអាចនឹងធ្វើឱ្យសង្រ្គាមអ៊ុយក្រែនផ្ទុះទៅជាសង្រ្គាមនុយក្លេអ៊ែរ។ តែយ៉ាងណាក៏ដោយ មួយរយៈកាលចុងក្រោយនេះ បណ្ដាប្រទេស NATO បានបន្ធូរបន្ថយការរឹតត្បិតលើការប្រើអាវុធដែលពួកគេផ្ដល់ទៅឱ្យអ៊ុយក្រែន ស្របពេលកងទ័ពរុស្ស៉ីកំពុងមាន ភាពរីកចម្រើននៅលើសមរភូមិ។ នៅប៉ុន្មានសប្ដាហ៍មុនចប់អាណត្តិជាប្រធានាធិបតីអាមេរិកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបន្ធូរបន្ថយការរឹតត្បិតលើការប្រើប្រាស់មីស៊ីលអាមេរិក មួយផ្នែកដោយសារតែលោក ត្រាំ បាននិយាយថារូបលោកនឹងមិនផ្ដល់អាវុធបន្ថែមឱ្យអ៊ុយក្រែននោះទេ អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
កាលពីខែឧសភា ឆ្នាំ២០២៣ ចក្រភពអង់គ្លេសបានបញ្ជូនមីស៊ីល Storm Shadow ផលិតរួមគ្នាដោយបារាំង និងចក្រភពអង់គ្លេសទៅឱ្យអ៊ុយក្រែន។ Storm Shadow មានសមត្ថភាពបាញ់បានចម្ងាយ ២៥០គីឡូម៉ែត្រ និងមានទម្ងន់ ១៣០០គីឡូក្រាម។ ក្រោយមកទៀត នៅខែសីហា ឆ្នាំ២០២៤ ចក្រភពអង់គ្លេសក៏បាន អនុញ្ញាតផងដែរឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ខ្លួនដោយផ្ទាល់ប្រឆាំងនឹងរុស្ស៉ី។ ត្រឡប់ទៅកាលពីខែមេសា ឆ្នាំ២០២៤វិញ សហរដ្ឋអាមេរិកបានបញ្ជូនមីស៊ីល ATACMS ទៅឱ្យអ៊ុយក្រែនជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់បានចម្ងាយ៣០០គីឡួម៉ែត្រ។ តែបើធ្វើការប្រៀបធៀបទាំងមីស៊ីល Storm Shadow និង ATACMS បាញ់បានជិត និងមានកម្លាំងផ្ទុះខ្សោយជាងមីស៊ីល Tomahawk។ បច្ចុប្បន្ន អ៊ុយក្រែនបាន និងកំពុងអភិវឌ្ឍមីស៊ីល និងដ្រូនដោយខ្លួនឯងដើម្បី ចៀសវាងការរឹតត្បិតពីសម្ព័ន្ធមិត្តលើការប្រើអាវុធរបស់ពួកគេ។ ក្នុងនោះអ៊ុយក្រែនបានអះអាងពីការផលិតបាននូវដ្រូនមីស៊ីល Paliantysia ដែលប្រើម៉ាស៊ីនយន្ដហោះ អាចវាយប្រហារលើគោលដៅស្ថិតនៅរយៈចម្ងាយ៦៥០គីឡូម៉ែត្រ។
លើសពីនេះទៅទៀត កាលពីខែសីហាកន្លងទៅនេះ អ៊ុយក្រែនបានបញ្ចេញមីស៊ីលមួយប្រភេទបាញ់ចេញពីលើដីឈ្មោះ Flamingo ដែលទីក្រុងកៀវអះអាងថាអាច វាយប្រហារលើគោលដៅស្ថិតនៅចម្ងាយ ៣០០០គីឡូម៉ែត្រ។ តែគេមិនទាន់ដឹងថាតើមីស៊ីលនេះពិតជាសមត្ថភាពដូចអ៊ុយក្រែនអះអាងឬក៏យ៉ាងណានោះទេ? លោកស្រី Marina Miron មកពីសាកលវិទ្យាល័យ King’s College ក្នុងទីក្រុងឡុងដ៍ បាននិយាយថាផ្អែកលើទិន្នន័យដែលបានពីអ៊ុយក្រែន Flamingo ប្រហែលជាអាច បាញ់បានរយៈចម្ងាយឆ្ងាយ និងមានសមត្ថភាពបំផ្លាញខ្លាំងជាង Tomahawk។ ប៉ុន្តែ លោកស្រីយល់ថាអ៊ុយក្រែននៅតែស្នើសុំមីស៊ីលពីសហរដ្ឋអាមេរិក ក្រោមហេតុផលយុទ្ធសាស្ត្រ។ លោកស្រីពន្យល់ថា «អ៊ុយក្រែនប្រហែលជាចង់ធ្វើតេស្ដថាតើរុស្ស៉ីនឹងបញ្ចេញប្រតិកម្មតបតយ៉ាងដូចម្ដេចទៀត ដោយសារតែកន្លងមក អ៊ុយក្រែនក៏បានដឹងដែរថាការបាញ់មីស៊ីសអាចនឹងជំរុញឱ្យរុស្ស៉ីប្រើប្រាស់កម្លាំងយោធាកាន់តែខ្លាំង»។
អ្នកវិភាគផ្សេងទៀតដូចជាលោក Keir Giles មកពីស្ថាប័ន Chatham House យល់ថាប្រសិនបើអ៊ុយក្រែនទទួលបានមីស៊ីល Tomahawk ពិតមែន នោះវានឹងជួយពង្រីកសមត្ថភាពវាយប្រហាររបស់អ៊ុយក្រែនលើគោលដៅស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី ដូចជាមូលដ្ឋានទ័ព មជ្ឈមណ្ឌលភស្ដុភារ ទីបញ្ជាការ និងព្រលានយន្ដហោះយោធា។ តែយ៉ាងណា លោកស្រី Miron នៅតែជឿថាខណៈមីស៊ីល Tomahawk ប្រាកដណាស់អាចធ្វើឱ្យរុស្ស៉ីរងការខូចខាតក៏ពិតមែន តែការខូចខាតនោះ មិនអាចធ្វើឱ្យរុស្ស៉ីបន្ធូរដៃ ឬដកថយចេញពីអ៊ុយក្រែននោះទេ។ ត្រង់ចំណុចនេះ លោក ហ្សេលេនស្គីផ្ទាល់ក៏ធ្លាប់បានលើកឡើងដែរថាអ៊ុយក្រែនប្រហែលជា នឹងមិនចាំបាច់ប្រើមីស៊ីលអាមេរិកជាក់ស្ដែងប្រឆាំងរុស្ស៉ីទេ តែមីស៊ីលដ៏មានឥទ្ធិពលដូចជា Tomahawk អាចប្រើជាការបង្កើនការដាក់សម្ពាធឱ្យរុស្ស៉ីយល់ព្រម ទទួលយកសន្តិភាព។ «យើងត្រូវការវាជាចាំបាច់។ ប៉ុន្តែវាមិនមែនមានន័យថាយើងត្រូវតែប្រើវានោះទេ។ ពីព្រោះប្រសិនបើយើងមានវា ខ្ញុំគិតថាវានឹងដាក់សម្ពាធបន្ថែម ឱ្យលោក ពូទីនអង្គុយចុះចរចាគ្នា»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គីក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក Axios។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញខ្លះ រុស្ស៉ីចាត់ទុកថាការគាំទ្រយោធារបស់លោកខាងលិចចំពោះអ៊ុយក្រែនជាការគំរាមកំហែងមួយ តែក៏មិនដល់ថ្នាក់តម្រូវឱ្យរុស្ស៉ី ចាត់វិធានការក្ដៅជ្រុលពេកនោះដែរ។ តាមលោក Giles ការគំរាមកន្លងមករបស់រុស្ស៉ីជាយុទ្ធសាស្ត្របំភ័យ ហើយតាមពិតរុស្ស៉ីក៏ញញើតនឹងសហរដ្ឋអាមេរិក និង NATO ដែរ។ លោកបន្ថែមថា «រុស្ស៉ីបាននិយាយថាអ្វីៗគ្រប់យ៉ាងជាបន្ទាត់ក្រហម។ តែការប្រើអាវុធនុយក្លេអ៊ែរមិនមែនជាជម្រើសរបស់រុស្ស៉ីទេ ដ្បិតរឿងមួយដែល រុស្ស៉ីដឹងច្បាស់គឺសង្រ្គាមជាមួយសហរដ្ឋអាមេរិក និង NATO នឹងបង្កជាគ្រោះមហន្តរាយដល់កម្រិតណា។ ក្រុមអ្នកវិភាគលោកខាងលិចក៏ជឿដែរថាការបញ្ជូនដ្រូនចូលដែនអាកាសនៃប្រទេសជាសមាជិក NATO ថ្មីៗនេះ ទំនងជារុស្ស៉ីចង់ធ្វើតេស្ដលើឆន្ទៈឆ្លើយតបដោយយោធារបស់ NATO តែការគំរាមកំហែងរបស់រុស្ស៉ីទំនងជានឹងមិនក្លាយទៅជាការធ្វើសកម្មភាពយោធានោះទេ៕