វិភាគអន្តរជាតិ៖ តើហាម៉ាស នឹងទទួលយកផែនការសន្តិភាពរបស់លោក ត្រាំ?

02-10-2025 20:36

(វ៉ាស៊ីនតោន)៖ បណ្ដាមេដឹកនាំអារ៉ាប់ និងមូស្លីម បាន និងកំពុងជំរុញឱ្យក្រុមហាម៉ាសទទួលយកផែនការសន្តិភាព២០ចំណុចស្នើឡើងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយនិយាយថាវាជារឿង ចាំបាច់ដើម្បីបិទបញ្ចប់សង្រ្គាមចាយពេលជិត២ឆ្នាំមកនេះ។ ផែនការហ្កាហ្សាថ្មីរបស់លោក ត្រាំ បានកំណត់ពីលក្ខខណ្ឌមួយចំនួនធំដែលក្រុមហាម៉ាសបាននិយាយជាសាធារណៈថាខ្លួននឹងមិនទទួលយកឡើយ ក្នុងនោះរួមមានដូចជាការបណ្ដេញក្រុមខ្លួនចេញពីអំណាចគ្រប់គ្រងហ្កាហ្សា និងការរំសាយអាវុធជាដើម។ ផែនការថ្មីរបស់លោក ត្រាំ ក៏បានអំពាវនាវដែរឱ្យមានបទឈប់បាញ់បន្ទាន់មួយ ហើយបន្ទាប់ពីនោះ ហាម៉ាសមានពេល ៧២ម៉ោង ដើម្បីដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលទាំងអស់ទាំងនៅរស់ និងបានស្លាប់ទៅហើយ។ ជាការឆ្លើយតប អ៉ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន ២៥០នាក់ដែលត្រូវបាន កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ថែមពីលើជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ១៧០០នាក់ ដែលត្រូវបានអ៉ីស្រាអែល ចាប់ឃុំខ្លួនក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ តមកទៀត ក្រោយចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង សមាជិកហាម៉ាសដែលយល់ព្រមទម្លាក់អាវុធចុះចាញ់នឹងទទួលបានការលើកលែងទោស។ តែគួរឱ្យកត់សម្គាល់ ផែនការហ្កាហ្សាថ្មីនេះមិនមាននិយាយពីផ្លូវពិតប្រាកដឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីននោះទេ។

ដូច្នេះតើហាម៉ាសនឹងទទួលយកផែនការរបស់លោក ត្រាំ ឬ? តាមរយៈការបញ្ចេញផែនការសន្តិភាពថ្មីមួយកាលពីថ្ងៃទី២៩ ខែកញ្ញា លោក ត្រាំ និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបោះបាល់ទៅឱ្យក្រុមហាម៉ាសជាអ្នកសម្រេច។ ប៉ុន្តែការទទួលយកផែនការរបស់លោក ត្រាំ គឺមានន័យស្មើនឹងហាម៉ាសព្រមទម្លាក់អាវុធសុំចុះចាញ់។ ផែនការរបស់លោក ត្រាំ មានចំណុចជាច្រើនឆ្លងហួស បន្ទាត់ក្រហមដែលហាម៉ាសបានប្រកាសនាពេលកន្លងមក ដូចជាការរំសាយអាវុធ និងមិនអាចចូលរួមក្នុងការដឹកនាំតំបន់ហ្កាហ្សាក្រោយសង្រ្គាមបញ្ចប់ រីឯហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាសទាំងនៅលើដី និងនៅក្រោមដីនឹងត្រូវបានបំផ្លាញចោល ក្រោមការឃ្លាំមើលពីក្រុមអ្នកជំនាញឯករាជ្យមួយ និងមិនអាចកសាងឡើងវិញបានដាច់ខាត។ និយាយជារួម ផែនការរបស់លោក ត្រាំ កំពុងរុញហាម៉ាសឱ្យទាល់ច្រក និងប្រឈមនឹងការរំលាយក្រុមខ្លួនឯងចោល។ អតីតប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃកងកម្លាំងការពារអ៉ីស្រាអែល (IDF)​ លោក Tamir Hayman និងលោក Ofer Guterman ជាអ្នកស្រាវជ្រាវ ជាន់ខ្ពស់ម្នាក់អំពីដំណោះស្រាយជម្លោះមកពីវិទ្យាស្ថានសម្រាប់ការសិក្សាពីសន្តិសុខជាតិ (INSS) មានមូលដ្ឋានក្នុងទីក្រុងតែលអាវីវ យល់ថា «វាមានហេតុផលដែលអាចសន្មត់បានថាហាម៉ាសនឹងទាត់ចោល ផែនការសន្តិភាពរបស់លោក ត្រាំ»។ លោក Hayman និងលោក Guterman បន្តទៀតថា ប្រសិនបើហាម៉ាសបដិសេធសំណើរបស់លោក ត្រាំ នោះវានឹងផ្ដល់ឱ្យអ៉ីស្រាអែលនូវសេរីភាពក្នុងការបន្ត ដាក់ពង្រាយកងទ័ពដើម្បីបោសសម្អាតតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ហាម៉ាស ព្រមទាំងជំរុញដំណើរការនយោបាយ និងសន្តិសុខ ក្នុងតំបន់ដែលហាម៉ាសត្រូវបានបោសសម្អាត។

នៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីសប្ដាហ៍មុន មន្ត្រីហាម៉ាសជាន់ខ្ពស់ម្នាក់ឈ្មោះ Ghazi Hamad បានគូសបញ្ជាក់ថា «ប្រសិនបើរដ្ឋប៉ាឡេស្ទីនមួយត្រូវបានបង្កើតឡើង អាវុធរបស់ហាម៉ាសនឹងត្រូវ ប្រគល់ទៅឱ្យកងទ័ពប៉ាឡេស្ទីន។ «ប៉ុន្តែ អ្នកមិនអាចដកហាម៉ាសចេញពីប៉ាឡេស្ទីនបានទេ...ហើយយើងនឹងមិនចុះចាញ់ដាច់ខាត»។

* តើលោក ណេតាន់យ៉ាហ៊ូ នឹងធ្វើដូចម្ដេច?
ផែនការរបស់លោក ត្រាំ ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីអន្តរជាតិ។ ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ប្រទេសអារ៉ាប់ និងមូស្លីមចំនួន៨ បានគាំទ្រផែនការរបស់លោក ត្រាំ ដោយនិយាយថា «វាបង្កើត ជំហានមួយឆ្ពោះទៅរកសន្តិភាពផ្អែកលើដំណោះស្រាយរដ្ឋ២»។ អាជ្ញាធរប៉ាឡេស្ទីនដែលកំពុងគ្រប់គ្រងផ្នែកខ្លះនៃតំបន់ West Bank ក៏បានបង្ហាញការគាំទ្រផងដែរ។ តាមក្រុមអ្នកជំនាញ លោក ណេតាន់យ៉ាហ៊ូ នឹងប្រឈមបញ្ហា២ ទោះហាម៉ាសបដិសេធ ឬទទួលយកផែនការរបស់លោក ត្រាំ៖

ក្នុងករណីហាម៉ាសបដិសេធ៖ វាប្រហែលជាអ្វីដែលលោក ណេតាន់យ៉ាហ៊ូចង់បាន។ មេដឹកនាំអ៉ីស្រាអែលរូបនេះបានពិភាក្សាជាមួយសម្ព័ន្ធមិត្តស្ដាំនិយមជ្រុលក្នុងរដ្ឋាភិបាលចម្រុះរបស់លោក ក្រោយផែនការ សន្តិភាពត្រូវបានប្រកាសដោយលោក ត្រាំថារូបលោកមានការសង្ស័យថាហាម៉ាសប្រហែលជានឹងមិនទទួលយកផែនការរបស់លោក ត្រាំឡើយ។ ដែលនេះអាចនឹងអនុញ្ញាតឱ្យលោកបន្តផែនការធ្វើសង្រ្គាមរបស់ លោកជាមួយការប្ដេជ្ញាចិត្តកាន់តែខ្លាំងជាមុន ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីលោក ត្រាំ ដែលបាននិយាយថានឹងបើកដៃឱ្យអ៉ីស្រាអែលធ្វើតាមចិត្ត បើហាម៉ាសទាត់ចោលផែនការរបស់លោក។ សម្រាប់លោក ណេតាន់យ៉ាហ៊ូ ការបដិសេធពីហាម៉ាស គឺជារឿងល្អមួយ ព្រោះលោកអាចបន្តធ្វើសង្រ្គាមដើម្បីការពារអំណាចរបស់លោក។ ដ្បិតអ្នកនយោបាយស្ដាំនិយមជ្រុលជាសម្ព័ន្ធមិត្តនឹងរក្សាការគាំទ្រចំពោះលោក រួមទាំងសង្រ្គាមរបស់លោកដែលនេះធ្វើឱ្យរដ្ឋាភិបាលរបស់លោកគេចផុតពីការដួលរលំ។

ក្នុងករណីហាម៉ាសយល់ព្រម៖ ការយល់ព្រមទទួលយកផែនការសន្តិភាពស្នើឡើងដោយលោក ត្រាំ អាចនឹងក្លាយជារឿងស្មុគស្មាញមួយសម្រាប់លោក ណេតាន់យ៉ាហ៊ូ។ ការបិទបញ្ចប់សង្រ្គាម និងការដោះលែងចំណាប់ខ្មាំងទទួលបានការគាំទ្រយ៉ាងសម្បើមនៅក្នុងចំណោមប្រជាជនអ៉ីស្រាអែល ប៉ុន្តែមិនទទួលបានការគាំទ្រពីអ្នកនយោបាយស្ដាំនិយមជ្រុលអ៉ីស្រាអែលដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឱ្យលោក ណេតាន់យ៉ាហ៊ូបន្តកាន់អំណាចនោះទេ។ ប្រសិនបើសំណើត្រូវបានទទួលយក ហើយសង្រ្គាមត្រូវបាន បិទបញ្ចប់ ក្រុមអ្នកនយោបាយទាំងនេះអាចនឹងបញ្ឈប់ការគាំទ្រដល់រដ្ឋាភិបាលរបស់លោក។ ពិតណាស់ លោក ណេតាន់យ៉ាហ៊ូ ក៏ទទួលបានការគាំទ្រពីក្រុមគណបក្សប្រឆាំងផងដែរសម្រាប់បទឈប់បាញ់ពេញលេញមួយ។ ប៉ុន្តែនេះប្រៀបបានដូចជាការប្រគល់ជោគវាសនារបស់លោកទៅក្នុងកណ្ដាប់ដៃសត្រូវនយោបាយរបស់លោក។ តាមការស្ទង់មតិ លោក ណេតាន់យ៉ាហ៊ូ នឹងទទួលបរាជ័យ នៅក្នុងការបោះឆ្នោតសកលមុនអាណត្តិណាមួយ៕