រដ្ឋមន្ត្រីក្រសួងសាធារណការ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញបើកការដា្ឋនសាងសង់កំពង់ផែទេសចរណ៍ដែកបណ្ដែតទឹកក្នុងក្រុងកំពង់ចាម
03-10-2025 14:33
(កំពង់ចាម)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញបើកការដា្ឋនសាងសង់កំពង់ផែទេសចរណ៍ ដែកបណ្ដែតទឹកក្នុងក្រុងកំពង់ចាម ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា សមិទ្ធផលថ្មីនេះនឹងជួយជាសក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ និងឱកាសនៃការវិនិយោគឱ្យកាន់តែច្រើនថែមទៀតសម្រាប់ខេត្តកំពង់ចាម។
ជាមួយគ្នានេះ កំពង់ផែនេះនឹងបន្តជួយលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចខេត្តកំពង់ចាម និងសេដ្ឋកិច្ចជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព បង្កើតកញ្ចប់ទេសចរណ៍ តភ្ជាប់ខេត្តកំពង់ចាម និងបណ្តាខេត្ត តាមបណ្ដោយដងទន្លេមេគង្គ ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យអស់លទ្ធភាពសំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានឲ្យដឹងថា កំពង់ផែទេសចរណ៍ដែកបណ្ដែតទឹកក្នុងក្រុងកំពង់ចាមនេះ ជាកំពង់ផែទី២ បន្ទាប់ពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ កំពង់ផែថ្មីនេះ គឺអាចទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកាន់ខេត្តកំពង់ចាម តាមផ្លូវទឹកឲ្យបានកាន់តែច្រើនថែមទៀត។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប ក្នុងនោះមានទេសចរណ៍វប្បធម៌ ទេសចរណ៍ប្រវត្តិសាស្ត្រ ទេសចរណ៍ធម្មជាតិ កសិទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍កែច្នៃ។
គិតត្រឹមឆ្នាំ២០២៥ ខេត្តកំពង់ចាមមានរមណីយដ្ឋានចំនួន១១កន្លែង ក្នុងនោះទេសចរណ៍ធម្មជាតិ និងទេសចរណ៍សហគមន៍មាន៥កន្លែង រមណីយដ្ឋានទេសចរណ៍វប្បធម៌ ទេសចរណ៍ប្រវត្តិសាស្រ្តមាន៤កន្លែង និងមានរមណីយដ្ឋានទេសចរណ៍កែច្នៃចំនួន ២កន្លែងផងដែរ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ នាពេលនេះ គឺជាការបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការដឹក ជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត ស្របតាមបរិបទ នៃការរីកចម្រើន របស់ប្រទេសកម្ពុជាយើង នៃពេលបច្ចុប្បន្ន និងជីវភាពរុងរឿងរបស់ប្រជាជន រួមជាមួយកំណើនសក្តានុពលទេសចរណ៍ នៅក្នុងខេត្តកំពង់ចាមផងដែរ។
ទាំងនេះគឺជាកត្តាជំរុញ ឱ្យរាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ចាម បានរួមគ្នាសិក្សារៀបចំការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍ក្នុងក្រុងកំពង់ចាមនេះឲ្យកើតមានឡើង៕















