ពលករវិលត្រឡប់មកពីថៃ នៅខេត្តព្រៃវែងជាង ២ម៉ឺននាក់, ថ្ងៃនេះ អភិបាលខេត្ត នាំយកអំណោយផ្តល់ជូនអ្នកដែលមានជីវភាពខ្វះខាត

03-10-2025 15:45

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ចំណាកស្រុក ដែលបានវិលត្រឡប់មកពីប្រទេសថៃ មានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ នៅបរិវេណសាលាឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា ដែលសម្តេច និងលោក តែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ ដោយមិនប្រកាន់ពូជសាសន៍ បក្សពួកនិយមអ្វើឡើយ។

អភិបាលខេត្ត ក៏បានលើកឡើងថា ការធ្វើការងារនៅក្នុងប្រទេស គឺមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋ គ្រប់ៗគ្នា។ ដោយការងារនៅក្នុងស្រុក ផ្ដល់ប្រាក់បៀវត្ស សមរម្យ មានកន្លែងស្នាក់នៅ មានប្រាក់សោធន និវត្តន៍ និងមានប្រាក់សម្រាប់ពេលលំហែមាតុភាព ដល់កម្មការិនីនៅតាមរោងចក្រសហគ្រាស ដែលបម្រើការងារ នៅក្នុងប្រទេសកម្ពុជា។ មួយទៀតនោះ គឺប្រជាពលរដ្ឋដែលធ្វើការងារនៅក្នុងប្រទេស ក៏ទទួលបាននូវឱកាស យ៉ាងច្រើន ដោយមិនប្រឈម នឹងហានិភ័យផ្សេងៗ ដូចដែលយើងទៅធ្វើការ​នៅឯក្រៅប្រទេសនោះទេ។

អភិបាលខេត្តបានបន្តថា អំណោយដែលផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែជួបការខ្វះខាតនេះ ទោះបីជាមិនបានគ្រប់គ្រាន់ ទៅតាមតម្រូវការប្រចាំថ្ងៃក៏ពិតមែន ក៏វាអាចជួយសម្រួលជីវភាព ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ បានមួយកម្រិតធំនោះផងដែរ។

អំណោយ ដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋទាំង ៦០គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ, មី, ទឹកត្រី, ទឹកស៊ីវ, និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕