អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងទេសចរណ៍រួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ និង App NoDrug
03-10-2025 16:07
(កំពង់ធំ)៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តកំពង់ធំ រួមគ្នាចុះផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀនកម្មវិធីទូរស័ព្ទដៃ No Drug ផ្ទាល់ដល់មន្រ្តី និងមូលដ្ឋានទេសចរណ៍ចំនួន១៩ ដែលមានបុគ្គលិកសរុប ៣៤៣នាក់។
លោក ឡោ សុវិជ្ជា ជាសមាជិក និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ ប្រាប់ឱ្យដឹងថា ការចុះផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋានទេសចរណ៍ គឺដើម្បីពង្រឹងសមត្ថភាពម្ចាស់ ទីតាំងសេវាទេសចរណ៍ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែប្រសិទ្ធភាពបន្ថែមទៀត។
ឱកាសនោះលោក ឃុត ចំណាន អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានថ្លែងបញ្ជាក់ពីការងារលើកកម្ពស់ ទាក់ទាញវិស័យទេសចរណ៍ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីរួមចំណែកការងារ សន្តិសុខនិងសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងការអរគុណ និងលើកឡើងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាការងាររួមដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ដោះស្រាយ ហើយការបន្តរួមគ្នាបង្កើនការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន និងបំផុសការប្រើប្រាស់App NoDrug គឺជាការងារដែរអាចដោះស្រាយបាននូវកង្វល់របស់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា ដោយសំណូមពរដល់មន្ទីរទេសចរណ៍ខេត្តកំពង់ធំបន្តសហការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តពង្រឹងលើកកម្ពស់ការអនុវត្តវិធានការណ៍រដ្ឋបាលចំពោះគ្រឹះ ស្ថានឯកជន ក្នុងវិស័យទេសចរណ៍ បង្កើនសកម្មភាពជំរុញនិងប្រើប្រាស់ App NoDrug ដើម្បីបន្តរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍៕

































