អភិបាលខេត្តពោធិ៍សាត់ ដឹកនាំចលនារៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមបណ្តាផ្លូវ ក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង

03-10-2025 17:12

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំចលនាអាជ្ញាធរមូលដ្ឋាន យុវជន យុវនារី សិស្សានុសិស្ស និងប្រជាពលរដ្ឋ ឱ្យចេះរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមបណ្តោយផ្លូវកៅស៊ូលេខ១៤៦ ក្នុងស្រុកភ្នំក្រវាញ និងផ្លូវជាតិលេខ៥៥ ត្រង់ចំណុចអន្ទង់អាំង ជើងភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ចលនាដឹកនាំនេះ បានការចូលរួមពី លោក ញឹក បានខេង និងលោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំ និងចង្អុលបង្ហាញ ដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងក្រុមការងារពាក់ព័ន្ធ ត្រូវបន្តចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តឱ្យបាន នូវកិច្ចការងាររៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ដោយត្រូវធ្វើយ៉ាងណាខិតខំដាំដើមឈើលម្អ ដើម្បីជាយុទ្ធសាស្ត្រទាក់ទាញអារម្មណ៍អ្នកដំណើរ និងទេសចរ ជាពិសេសលើកកម្ពស់សោភ័ណភាពមូលដ្ឋាន ឱ្យស្រស់បំព្រង។

លោកបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៦ខាងមុខ ខេត្តពោធិ៍សាត់ នឹងត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ។ ក្នុងន័យនេះ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ឱ្យបានស្អាតទាំងអស់គ្នា ដើម្បីជាមុខមាត់ និងជាប្រវត្តិសាស្ត្រ សម្រាប់ខេត្តយើង (បើនៅឃុំណា ឃុំនោះទទួលខុសត្រូវ, ស្រុកណា ស្រុកនោះទទួលខុសត្រូវ)។

ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា ក៏បានចុះត្រួតពិនិត្យអគារសិក្សា នៃអនុវិទ្យាល័យអូរសោម ដែលទើបនឹងសាងសង់រួច ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានផ្តល់អនុសាសន៍ ដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ឱ្យត្រៀមដើមឈើ ដើម្បីដាំជាម្លប់ ក្នុងបរិវេណសាលា យ៉ាងយូរដាំឱ្យរួចរាល់ក្នុងឆ្នាំនេះ។ បន្ទាប់មក លោកក៏បន្តចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវប៉េតុងមួយខ្សែ ប្រវែងជិត៣គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១០ ត្រង់ចំណុចស្ពានបាក់ ឆ្ពោះទៅចំណុចអូរក្របីងាប់ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ផងដែរ៕