ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិភាក្សាផ្លាស់ប្ដូរយោបល់ជុំវិញយន្តការ ផ្ដល់ទិដ្ឋាការរយៈពេលវែងជូនវិនិយោគិន និងនយោជិតបរទេស
03-10-2025 18:03
(ភ្នំពេញ)៖ បណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៣ ខែតុលាឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំកិច្ចពិភាក្សាអំពីការរៀបចំយន្តការ និងដំណើរការការងារនានា ដើម្បីផ្ដល់ទិដ្ឋាការរយៈពេលវែងជូនវិនិយោគិន និងនយោជិតបរទេស, និងរៀបចំច្រកឆ្លងកាត់ពិសេសសម្រាប់វិនិយោគិន នៅតាមអាកាសយាន្តដ្ឋានអន្តរជាតិក្នុងប្រទេសកម្ពុជា ដែលជាការផ្ដល់ការលើកទឹកចិត្តមិនមែនពន្ធជូនវិនិយោគិន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាប្រធានក្រុមប្រចាំការនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ប្រធាន-ប្រធានស្ដីទីនាយកដ្ឋានចំណុះគណៈកម្មាធិការវិនិយោគកម្ពុជា និងមន្ត្រីបច្ចេកទេសសរុបចំនួន ២១រូប។
សមាជិកកិច្ចប្រជុំបានពិភាក្សាផ្លាស់ប្ដូរយោបល់យ៉ាងផុសផុល ប្រកបដោយស្មារតីសហការ និងសាមគ្គីភាពរវាងគណៈកម្មាធិការវិនិយោគកម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងស្មារតីរួមគឺ ផ្ដល់កិច្ចសម្រួលដល់វិនិយោគិន ដើម្បីលើកកម្ពស់ភាពទាក់ទាញរបស់កម្ពុជា៕













