អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹក ក្នុងខេត្តព្រះវិហារចំនួន ២,៦៧៧គ្រួសារ
03-10-2025 18:31
(ព្រះវិហារ)៖ បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងស្នាក់នៅក្នុងជំរំចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេល ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
យោងតាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផេក យុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៩១៣គ្រួសារ ស្មើ ៦,៦១៦នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប ៧៦៤គ្រួសារ ស្មើ ២,០៨៦នាក់។
បេសកកម្មចម្អិនម្ហូបអាហារចំនួន ២ពេលដែលរៀបចំដោយ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរាប់រយនាក់ ចុះសមរភូមិរៀបចំផ្គត់ផ្គង់ម្ហូបអាហារ ជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកាលណោះមានពលរដ្ឋជិត ៧ម៉ឺននាក់ និង១១គោលដៅ បានមកទទួលម្ហូបរៀបចំពីក្រុមការងារ សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ចំនួន ២ពេលជារៀងរាល់ថ្ងៃ៕

























