លេខាធិការដ្ឋានជាតិនៃមហាអនុតំបន់មេគង្គ ផ្សព្វផ្សាយពីក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០

03-10-2025 19:34

(ភ្នំពេញ)៖ លេខាធិការដ្ឋានជាតិនៃមហាអនុតំបន់មេគង្គ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០(GMS ២០៣០)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលតំណាងសភាពាណិជ្ជ តំណាងស្ថាបន័ស្រាវជ្រាវចក្ខុវិស័យអាស៊ី សរុបប្រមាណ៧៥រូប។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយពីក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ ការពង្រឹងសមត្ថភាពនិងការចែករំលែកព័ត៍មានដល់មន្រ្តីបង្គោលតាមវិស័យGMS ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។

ជាកិច្ចចាប់ផ្តើម លោកស្រី ផាណា វ៉ឺនីដា អគ្គលេខាធិការរង គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានលេខាធិការដ្ឋានជាតិនៃមហាអនុតំបន់ទន្លេមេគង្គ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលា និងបានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពនិងសមិទ្ធផលការងារដែលសម្រេចបានកន្លងមកក្រោមក្របខ័ណ្ឌយុទ្ធសាស្រ្តGMS ២០៣០ ។

លោក ជូ ហេង អគ្គលេខាធិការរង គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ជាអ្នកសម្របសម្រួលជាតិនៃមហាអនុតំបន់ទន្លេមេគង្គ បានថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលា និងបានលើកឡើងអំពីសារៈសំខាន់ របស់ ក្របខ័ណ្ឌយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ ដែលនឹង ចូលរួម ចំណែក ដល់ ការធ្វើសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ និងលើកកម្ពស់កម្រិតជីវភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល ។

លោក ជូ ហេង បានវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការបស់មន្រ្តីបង្គោលក្រសួង ស្ថាប័នជាមួយលេខាធិការដ្ឋានជាតិ ក្នុងការសម្របសម្រួលការរៀបចំគម្រោងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលជាកម្មវិធីស្នួលក្នុងការកសាងសមិទ្ធិផលរួមគ្នាក្នុងតំបន់ ។

ជាលទ្ធផល, អង្គសិក្ខាសាលាបានពិភាក្សានិងផ្លាស់ប្តូរមតិយោបល់លើការកែលម្អយន្តការការងារឲ្យកាន់មានភាពប្រសើឡើងថែមទៀត ក្នុងការបន្តអនុវត្តការងារក្នុងក្របខ័ណ្ឌGMS ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សរបស់និន្នាការអនុតំបន់ ។

លោក ជូ ហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន និងតំណាងបណ្ដាញពុទ្ធិ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា និងការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត ប្រកបដោយ បរិយាប័ន្ន វិបុលភាព និងនិរន្តរភាព៕